លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ គម្រោងសាងសង់ផ្លូវជាតិលេខ២២ និងលេខ ២ មានវឌ្ឍនភាពតាមផែនការ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងសា្ថបនាផ្លូវជាតិលេខ ២ និងលេខ ២២ សម្រេចបានប្រមាណជាង ១៦ ភាគរយ ដែលឆ្លើយតបទៅនឹងផែនការដែលបានគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ២២ នាថ្ងៃទី១៦ តុលា ២០២០នេះ បានឱ្យដឹងថា សន្ទុះល្បឿននៃការស្ថាបនាផ្លូវជាតិលេខ ២២ និងលេខ ២នេះ សម្រេចតាមផែនការ គឺបានប្រមាណ ១៦ ភាគរយ ។

- Video Advertisement -

លោកបន្តថា “សន្ទុះនៃការស្ថាបនាផ្លូវ មានលក្ខណៈត្រឹមត្រូវ ប្រមាណ ជា ១៦. ៩០ ភាគរយ។ ជារួមគឺអ្វីៗសម្រេចទៅតាមផែនការ បើខុស គឺខុសតិចតួចប៉ុណ្ណោះ។ ជាមួយគ្នានេះ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំបានណែនាំឱ្យមន្ត្រីរបស់ខ្ញុំ ឱ្យពិនិត្យឱ្យបានដិតដល់ ព្រោះកាលពីខ្ញុំចុះមក មិនបា្រប់មុន មើលឃើញថា ការស្ថាបនផ្លូវជាតិ លេខ ២២ និង លេខ ២ នេះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេ”។

លោក ស៊ុន ចាន់ថុល បន្ថែមទៀតថា “ខ្ញុំមិនទទួលយកទេ បើធ្វើផ្លូវនេះ (ផ្លូវជាតិលេខ២២ និងលេខ២) មិនត្រឹមត្រូវលក្ខណៈបច្ចេកទេស ។ អ៊ីចឹងមន្ត្រីយើងខ្ញុំត្រូវតែចុះជាប្រចាំ ហើយយកម៉ាស៊ីនមកតេស្តទាំងអស់ រួមទាំងគ្រឹះឡើងវិញ មិនថាផ្លូវនេះ គឺផ្លូវទាំងអស់នៅទូទាំងប្រទេស ហើយខុសបច្ចេកទេស យើកុំទទួល”។ បើយើងទទួល យើងយកមកថែទាំរហូត វាមិនល្អនោះទេសម្រាប់រាជរដ្ឋាភិបាល “។

លោកបន្តថា “ អ្វីដែលខ្ញុំព្រួយបារម្ភ គឺ ក្រុមហ៊ុនដែលទទួលបានសាងសង់ ហើយផ្ទេរទៅឱ្យក្រុមហ៊ុនម៉ៅការ ដែលធ្វើមិនបានយកចិត្តទុកដាក់ និងខុសបច្ចេកទេសនៅក្នុងសៀវភៅបន្ទុក តែយ៉ាងណា យើងខ្ញុំនឹងពិនិត្យឱ្យបានម៉តចត់ ហើយក្រុមហ៊ុនដែលទទួលបានសិទិ្ធទទួលខុសត្រូវ”។

កាលពីពេលកន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដកក្រុមហ៊ុនប្រឹក្សាយោបល់ចំពោះការសាងសង់ផ្លុវជាតិលេខ ២២ និង ផ្លូវជាតិលេខ ២ នេះ ជំនួសដោយក្រុមហ៊ុនប្រឹក្សាយោបល់ថ្មី ដើម្បីឱ្យដំណើរនៃការស្ថាបនផ្លូវជាតិនេះ ប្រព្រឹត្តទៅដោយរលូន និងបច្ចេកទេសដែលមានចែងនៅក្នុងសៀវភៅបន្ទុក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ ពង្រីកជា៤គន្លង ។ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម ប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ គឺជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

ផ្លូវជាតិលេខ២-លេខ២២ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះកម្ពុជា ដែលគ្រោងចំណាយថវិកា ៥៦,១លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេស សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here