លោក​ង៉ែត​ ជូ​៖ តាមដាន​ព័ត៌មាន​អចលនទ្រព្យ​ជា​រឿង​ចាំបាច់​មុន​ពេល​ចេញ​វិនិយោគ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មនុស្ស​ភាគច្រើន​សុទ្ធតែ​បានដឹង​និង​ជឿជាក់​ថា​ ការ​ចូលខ្លួន​មក​ប្រឡូក​ និង​ចាប់​ជំនួញ​ផ្នែក​អចលនទ្រព្យ​ គឺ​អាច​មានឱកាស​ទទួល​បាន​ចំណូល​ច្រើន​ ហើយ​អាច​ក្លាយជា​អ្នកមាន​ក្នុងរយៈពេល​ដ៏​ខ្លី​។

អ្នកជំនាញ​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ និង​ជា​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​លោក​ង៉ែត​ ជូ​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​ចូលខ្លួន​មក​ធ្វើជំនួញ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ គឺជា​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ ប៉ុន្តែ​មុន​ពេល​ចូល​មករ​កចំណូល​នៅ​លើ​ទីផ្សារ​មួយ​នេះ​ ចាំបាច់​ត្រូវតែ​ស្វែងយល់​ឱ្យ​បាន​លម្អិត​ពី​ព័ត៌មាន​ផ្សេង​ៗ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​។

លោក​បញ្ជាក់​ទៀត​ថា​ “នៅក្នុង​វិស័យ​នេះ​ មានការ​បំពុល​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ការ​បង្ហាញ​ ឬលើកឡើង​ពី​គំរោង​អភិវឌ្ឍន៍​នានា​ តាមរយៈ​អ្នក​វិនិយោគ​មួយចំនួន​នៅក្នុង​វិស័យ​នេះ​ ដើម្បី​ទាក់ទាញ​អតិថិជន​ងាយស្រួល​ដល់​ការ​លក់​គំរោង​ឆាប់​ដាច់​តែប៉ុណ្ណោះ​”។

លោក​បាន​លើកឡើង​ថា​ កាលពី​ពេល​កន្លងទៅ​ធ្លាប់​បានឮ​ និង​ឃើញ​រួចមក​ហើយ​ ចំពោះ​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​ បាន​ប្រកាស​បើក​លក់​គម្រោង​ក្នុង​តម្លៃ​សមរម្យ​ ដែល​ធ្វើ​ឱ្យ​មហាជន​មួយចំនួន​ ដែល​មិនបាន​ដឹងពី​ប្រវត្តិ​របស់​ក្រុមហ៊ុន​នាំគ្នា​សម្រុក​ទៅ​កក់លុយ​ទិញទុក​ ដោយ​អ្នកខ្លះ​ទិញ​សម្រាប់​ស្នាក់នៅ​ ហើយ​អ្នកខ្លះ​ទៀត​ទិញ​សម្រាប់​វិនិយោគ​បន្ត​ដើម្បី​ទទួល​បាន​ចំណេញ​។ ប៉ុន្តែ​ក្រោយមក​មិនបាន​ប៉ុន្មាន​ផង​ គំរោង​នោះ​ត្រូវ​បាន​ជាប់​គាំង​ គ្មាន​សកម្មភាព​សាងសង់​ ដែល​ធ្វើ​ឱ្យ​អតិថិជន​ដែល​ជា​អ្នកទិញ​ប្រឈម​នឹង​ការខាតបង់​។

អ្នកជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា​ “មុន​ពេល​សម្រេចចិត្ត​ទិញ​ ឬវិនិយោគ​ទៅលើ​អចលនទ្រព្យ​ណាមួយ​ អ្នក​គួរតែ​សិក្សា​ស្វែងយល់​ឱ្យ​បាន​លម្អិត​ និង​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ជាមុន​សិន​ ចៀសវាង​ការទិញ​ទាំង​ភាព​ប្រថុយប្រថាន​ ឬជឿ​តាម​ពាក្យ​គេ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​”។ លោក​បាន​បញ្ជាក់​ថា​ “ភាព​ជោគជ័យ​ទៅលើ​ការ​វិនិយោគ​ មិនមែន​កើតឡើង​ដោយសារតែ​ព្រេងសំណាង​នោះ​ទេ​ ប៉ុន្តែ​វា​កើត​ចេញពី​ភាព​វ័យ​ឆ្លាត​ ចេះ​ក្ដាប់​ឱកាស​ និង​វិនិយោគ​ត្រូវ​តាម​កាលៈទេសៈ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here