លោក​បណ្ឌិ​តគីម​ ហ៊ា​ង៖ ចង់​រកលុយ​បាន​ច្រើន​ពី​វិស័យ​អចលនទ្រព្យ​ត្រូវ​ធ្វើ​ចំណុច​ទាំងនេះ​

0

ដោយៈ​ រ៉ា​ ណេត​

ភ្នំ​ពេញៈ​ នៅ​មាន​អាជីព​មួយទៀត​ ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​ភាគច្រើន​ មិនទាន់​ទាញ​យក​លុយ​បាន​នៅឡើយ​ ខណៈ​ផ្នែក​ដ៏​សំខាន់​នេះ​កំពុង​ត្រូវការ​ធនធានមនុស្ស​កាន់តែ​ច្រើន​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ អាជីព​មួយ​ដែល​ក្រុមហ៊ុន​ ក្នុង​ស្រុក​មិនទាន់​អាច​ទាញ​យក​ផលប្រយោជន៍​បាន​ គឺ​អាជីព​គ្រប់គ្រង​អចលនទ្រព្យ​ ឬការគ្រប់គ្រង​អាគារ​នានា​ ដោយសារ​អាជីព​នេះ​ មិនទាន់​មាន​ក្រុមហ៊ុន​ជំនាញ​ធ្វើ​ច្រើន​នោះ​ទេ​ គឺ​មានតែ​ក្រុមហ៊ុន​អន្តរជាតិ​ ២-៣ ប៉ុណ្ណោះ​កំពុងធ្វើការ​ងារ​នេះ​ និង​ទាញ​យក​លុយ​បាន​ច្រើន​ពី​ផ្នែក​ដ៏​សំខាន់​នេះ​។

លោក​បាន​បន្ត​ថា​ “នៅពេល​មាន​អាគារ​ខ្ពស់​កាន់តែ​ច្រើន​ នៅពេល​មាន​គម្រោង​វិនិយោគ​កាន់តែ​ច្រើន​បញ្ចប់​ គឺ​គេ​ត្រូវការ​អ្នកជំនាញ​គ្រប់គ្រង​ផ្នែក​អចលនទ្រព្យ​ ហេតុនេះ​អ្នកចេះ​ជំនាញ​នេះ​នឹង​ត្រូវប៉ាន់​ និង​រកលុយ​បាន​ច្រើន​”។ លោក​បន្ត​ថា​ “ដើម្បី​អាច​ធ្វើការងារ​នេះ​បាន​ មានតែ​ការសិក្សា​រៀនសូត្រ​បន្ត​ រៀន​យក​ជំនាញ​នេះ​ ហើយ​ធ្វើការងារ​នេះ​ ជា​ការងារ​ដែល​រក​ប្រាក់​បាន​ច្រើន​”។

លោក​បណ្ឌិត​ គីម​ ហ៊ា​ងបាន​បន្ត​ទៀត​ថា​ ដោយសារ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​ភាគច្រើន​មិនទាន់​មាន​ជំនាញ​លើ​ការងារ​នេះ​ ខណៈ​ដែល​តម្រូវការ​នូវ​សេវាកម្ម​បែបនេះ​កើនឡើង​ ការ​បណ្តុះបណ្តាល​ ឬស្វែងរក​ការសិក្សា​លើ​ជំនាញ​នេះ​ ពិតជា​មាន​សារៈសំខាន់​ ព្រោះ​រយៈពេល៣ទៅ៥ឆ្នាំ​ទៀត​ តម្រូវការ​សេវាកម្ម​បែបនេះ​នឹង​កើនឡើង​ច្រើន​ ដោយសារ​ចំនួន​ខុន​ដូ​ អា​ផា​តម៉ិន​ និង​អាគារ​ពាណិជ្ជកម្ម​នានា​ជាច្រើន​ទៀត​នឹង​បញ្ចប់​កាន់តែ​ច្រើន​។

ជាមួយគ្នា​នេះ​ លោក​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​ និង​អ្នក​ចង់​ចាប់ផ្តើម​អាជីព​ជា​ភ្នាក់ងារ​ អចលនទ្រព្យ​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ​ និង​សិក្សា​ជំនាញ​នេះ​ដោយសារ​វា​ជា​ជំនាញ​ថ្មី​ ដែល​មាន​ទីផ្សារ​ការងារ​ច្រើន​ និង​ជា​ឱកាស​អាច​រក​ប្រាក់​បាន​ច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here