លោក​ឧកញ៉ា​លី ហួរ​ថា ក្រុមហ៊ុន​បរទេស​កាន់​តែ​ច្រើន​ចាប់ផ្តើម​វិនិយោគ​លើ​បុរី

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​បុរី​កាន់តែ​មានការ​រីកចម្រើន អ្នកវិនិយោគ​បរទេស​បាន​កំពុង​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន​បែប​បុរី នៅ​កម្ពុជា​កាន់តែច្រើន​នាពេល​ខាងមុខនេះ។ នេះ​បើតាម​ការអះអាង​របស់​លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិ​វ​ឌ្ឈ​ន៍​លំនៅដ្ឋាន​កម្ពុជា។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឱ្យដឹង​ក្នុង​ពិធី​បើក​មហាសន្និបាត​ការងារ​សមាគម និង​ត្រូវបាន​សមាជិកសមាគម​បោះឆ្នោត​គាំទ្រ ដើម្បី​ដឹកនាំ​សមាគម​នេះ​សម្រាប់ អាណត្តិ​ការងារ​ឆ្នាំ២០១៩ – ២០២១ កាលពី​ថ្ងៃទី១១ មករា​កន្លងមក​ថា មាន​ក្រុមហ៊ុន​បរទេស​កាន់តែច្រើន​ចាប់ផ្តើម និង​ត្រៀម​ចាប់ផ្តើម​វិនិយោគ​លើ​បុរី​លំនៅដ្ឋាន​នៅ​កម្ពុជា​ផងដែរ នាពេល​ខាងមុខនេះ។ លោក​បន្តថា តាម​ព័ត៌មាន​លោក​ទទួលបាន​មាន​ក្រុមហ៊ុន​ជប៉ុន និង​ចិន​កាន់តែច្រើន នឹង​ចូលមក​អភិវឌ្ឍន៍​ទីផ្សារ​លំនៅដ្ឋាន​បែប​បុរី​នៅ​កម្ពុជា​កាន់តែច្រើន។

លោក​បន្តថា “នៅក្នុង​ទីផ្សារសេរី​យើង​មិនអាច​ហាមឃាត់​ពួកគេ​បានទេ ប៉ុន្តែ​យើង​ក្នុងនាម​សមាគម​នឹង​ពិនិត្យ​មើលថា​តើ​ពួកគេ​សាងសង់​បែបណា និង​មាន​ការគោរព​ច្បាប់​ឬ​អត់។

បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​របស់​ជប៉ុន​មួយ​បាន និង​កំពុង​វិនិយោគ​បុរី​មហា​សែន​សុខ និង​បុរី ARATA ស្ថិតក្នុង​ខ័​ណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ARAKAWA ក៏​បាននិងកំពុង​វិនិយោគ​ខុន​ដូ​តម្លៃ​មធ្យម​នៅក្នុង​ខ័​ណ្ឌ​សែន​សុខ​ផងដែរ។

ជាមួយគ្នានេះ​លោក ហ៊ុយ វណ្ណៈ​ទីប្រឹក្សា​ជាន់ខ្ពស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​បាន​មានប្រសាសន៍ថា សមាគម​គួរ​មានការ​សិក្សា​ពី​ទីផ្សារ​លំនៅដ្ឋាន ដើម្បី​ដឹង​ពី​តម្រូវការ និង​ការផ្គត់ផ្គង់​ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា​ថា​តើ​មាន​ស្ថានភាព​បែបណា ដើម្បី​យើង​ការពារ​ហានិភ័យ​នៅពេល​អនាគត ព្រោះ​ការសិក្សា​ពី​ទីផ្សារ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ក្រុមហ៊ុននីមួយៗអាច​រៀបចំ​ផែនការអភិវឌ្ឍន៍​បន្ត។

លោក​បន្តថា “សមាគម​មិនសូវមាន​ជំនាញ​លើ​ការងារ​នេះ​ទេ ហេតុនេះ​គួរតែ​ជួល​ក្រុមហ៊ុន​ដែលមាន​ជំនាញ​ដើម្បី​សិក្សា​ពី​បញ្ហា​ទាំងអស់នេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍ថា ដោយសារ​ទីផ្សារ​បុរី​នៅមាន​ភាពល្អប្រសើរ​នៅឡើយ និង​កម្ពុជា​ប្រកាន់យក​គោលការណ៍​ទីផ្សារសេរី ទើប​ក្រុមហ៊ុនផ្សេងៗបាននិងកំពុង​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ ដែល​នឹង​ធ្វើឱ្យ​ទីផ្សារ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​គ្នា​កាន់តែខ្លាំង។

លោក​បន្តថា “នៅពេល​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង ជា​រឿង​ល្អ​សំរាប់​អតិថិជន ដោយ​គាត់​អាច​ទទួលបាន​តម្លៃ​ល្អប្រសើរ និង​គុណភាព​សំណង់​នឹងត្រូវ​យកចិត្តទុកដាក់​កាន់តែខ្លាំង​ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here