លោក​ឧបនាយក​រដ្ឋ​មន្ត្រី ជា​ សុ​ផា​រ៉ា​ ចុះ​ពិនិត្យ​ការដ្ឋាន​ និង​ដាក់​បញ្ជា​ពន្លឿន​ការស្ថាបនា​ផ្លូវ​ខេត្ត​ព្រះសីហនុ​ឱ្យ​មានគុណ​ភាព​ខ្ពស់​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ អនុវត្តន៍​តាម​គោលការណ៍​ និង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ ចុះ​ពិន​ត្យ​មើល​ការដ្ឋាន​សាងសង់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ ខេត្ត​ព្រះសីហនុ​ជាប់​ជាប្រចាំ​ដើម្បី​ឱ្យ​ប្រាកដ​ថា​ ការសាងសង់​នឹង​ត្រូវ​បាន​ធ្វើតាម​គម្រោង​ និង​បញ្ចប់​ទៅតាម​ផែនការ​។

កាលពី​រសៀល​ថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ជា​ សុ​ផា​រ៉ា​ ដែល​អមដំណើរ​ដោយ​លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ព្រមទាំង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​នានា​ ដែល​កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ ក្នុង​ការ​ឈូស​ឆាយ​ កាយដី​ស្អុយ​ ដើម្បី​ស្ដារ​និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ ដើម្បី​ប្រាកដ​ថា​ មានគុណ​ភាព​ខ្ពស់​ និង​ត្រូវ​បាន​បញ្ចប់​ទៅតាម​គម្រោង​ដែល​គ្រោងទុក​។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ លោក​ឃាង​ ភា​រម្យ​បាន​មានប្រសាសន៍​ប្រាប់​តាម​បណ្តាញ​សារ​អេ​ឡិច​ត្រូ​និច​កាល​ព្រឹក​ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ “នៅ​រសៀល​ថ្ងៃទី២​ ខែធ្នូ​ ម្សិលមិញ​នេះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ដែល​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​មើល​ពី​វឌ្ឍនភាព​ការងារ​ នៃ​ការអនុវត្ត​ស្ថាបនា​ផ្លូវ​ទាំង ៣៤ខ្សែ​ ​ជាមួយនឹង​ការណែនាំ​ដល់​អ្នកជំនាញ​សាងសង់​ ត្រូវតែ​មានគុណ​ភាព​ ធានា​ការប្រើ​ប្រាស់​បាន​យូរ​ និង​បង្កើន​សោភ័ណភាព​ បរិស្ថាន​ខេត្ត​ព្រះសីហនុ​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​មក​ខេត្ត​មាត់សមុទ្រ​កាន់តែ​ច្រើនឡើង​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​បន្ត​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ ទូទាំង​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ចំនួន ៣៤ខ្សែ​ ប្រវែង​សរុប​ចំនួន​ ៨៤.៥០៥គីឡូម៉ែត្រ​ ដោយ​ផ្លូវ​ទាំងអស់​នេះ​ ត្រូវតែ​ប្រាកដ​ថា​ការ​ស្ថាន​នា​ ឡើង​ប្រកបដោយ​គុណភាព​ និង​សោភ័ណភាព​ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ច​របស់​យើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here