ដោយ Donald Lee
វ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាដែលមិនធ្លាប់មានពីមុនមកដល់ក្រុមហ៊ុនអាមេរិកទាំងអស់ ដែលកំពុងប្រតិបត្តិការនៅចិន ផ្លាស់ប្តូរទីតាំងវិនិយោគ និងស្វែងរកទីតាំងផលិតកម្មជំនួសឬត្រឡប់មកអាមេរិកវិញ។
លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា “ក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យរបស់យើងត្រូវបានបញ្ជា ឱ្យចាប់ផ្តើមស្វែងរកជម្រើសជំនួសចិនភ្លាមៗរួមទាំងការនាំក្រុមហ៊ុនរបស់អ្នកមកទីកន្លែងដើមវិញ និងផលិតផលិតផលរបស់អ្នកនៅអាមេរិក”។
ក្រុមអ្នកជំនួញ និងសមាគមនៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈថ្កោលទោសភ្លាមៗ ចំពោះមតិយោបល់ដែលធ្វើដោយលោក Trump។
លោក David French អនុប្រធានសហព័ន្ធលក់រាយជាតិអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា “វាមិនអាចទៅរួចទេសម្រាប់អាជីវកម្ម ក្នុងការរៀបចំផែនការនាពេលអនាគតក្នុងបរិយាកាសបែបនេះ”។
លោក David French បន្ថែមថា “វិធីសាស្រ្តរដ្ឋបាលមិនដំណើរការទេ។ តើទីបញ្ចប់នេះនៅទីណា?។
ក្រុមអ្នកសេដ្ឋកិច្ចនិយាយថា សង្គ្រាមពាណិជ្ជកម្មជំរុញសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដោយសារតែភាពមិនប្រាកដប្រជារបស់លោក Trump កំពុងបង្កើតនៅក្នុងទីផ្សារពិភពលោក។
របាយការណ៍ថ្មីៗនេះរបស់ Bloomberg បានប៉ាន់ស្មានថា សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ទឹកប្រាក់ជិត៥៨៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមាន។
លោក Austan Goolsbee ទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) មានប្រសាសន៍ថា “មិនមានអ្វីដែលអាក្រក់ជាងនេះទេ ប្រសិនបើយើងបង្កើនសង្គ្រាមពាណិជ្ជកម្ម។ យើងកំពុងមានបញ្ហារួចទៅហើយ ហើយជិតឈានដល់វិបត្តិសេដ្ឋកិច្ច”។
ទីប្រឹក្សាសេដ្ឋកិច្ចរូបនេះបានព្រមានថា “ប្រសិនបើយើងឈានដល់សង្គ្រាមពាណិជ្ជកម្មដែលផ្ទុះឡើង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ យើងនឹងមានវិបត្តិសេដ្ឋកិច្ចដោយគ្មានការសង្ស័យទេអំពីបញ្ហានេះ”៕