វិនិយោគិនអន្តរជាតិ ៖ កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពល

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ លោក Clement Yang ប្រធានក្រុមហ៊ុនរោងចក្រ MEDTECS Cambodia ដែលមានមូលដ្ឋានស្ថិតនៅក្នុងខេត្តកំពង់ចាម និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញនូវការពេញចិត្តចំពោះការវិនិយោគវិស័យរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ទោះបីមានឧបសគ្គនៅបន្តមានក៏ដោយ។

- Video Advertisement -

លោក Clement Yang នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីម្សិលមិញនេះឱ្យដឹងថា កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពល ដែលបច្ចុប្បន្នកំពុងមានបំណងពង្រីកដើមទុនក្នុងរោងចក្រ និងតំបន់សេដ្ឋកិច្ចរបស់លោក ពីព្រោះព្រំដែនកម្ពុជា-វៀតណាម ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់។ ប៉ុន្តែការងារនេះមានការពាក់ព័ន្ធនិងច្បាប់វិនិយោគរបស់កម្ពុជា”។

លោកក៏បានបង្ហាញនូវជំហរចូលរួមការពារបរិស្ថានក្នុងវិស័យវិនិយោគរបស់លោក គឺការអនុវត្តគោលការណ៌ថាមពលបៃតង( Green Energy) ក៏ដូចជាឧស្សាហកម្មបៃតង(Green Industry) ដោយលោកយកចិត្តទុកដាក់ការធ្វេីអាងប្រព្រឹត្តិកម្មសម្រាប់ទឹកកខ្វក់ចេញពីរោងចក្រស្របតាមស្តង់ដារ និងធ្វើឲ្យទឹកទន្លេដែលត្រូវបង្ហូរចូលមានភាពស្រស់ថ្លា ហើយអភិវឌ្ឍជាតំបន់ទេសចរណ៌ធម្មជាតិជាប់ព្រំដែនតែម្តង ។ ការងារនេះលោកក៏ស្នើឲ្យមានការសហការជាមួយស្ថាប័នពាក់ព័ន្ធផងដែរ ។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសាទរចំពោះគម្រោងពង្រីកទុនវិនិយោគក្នុងរោងចក្រ និងតំបន់សេដ្ឋកិច្ចរបស់លោក Yang ដោយស្នើឲ្យពិភាក្សាការងារនេះបន្ថែមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគាំទ្រចំពោះ ការយកចិត្តទុកដាក់ទៅលើកិច្ចការពារបរិស្ថានដោយអនុវត្តនូវគោលការណ៍ថាមពលបៃតង និងឧស្សាហកម្មបៃតង ដែលការងារនេះ ស្របនឹងគោលការណ៍របស់ក្រសួង ដែលប្រកាន់យកការអភិវឌ្ឍតាមបែបឧស្សាហកម្មបៃតង និងបច្ចេកវិទ្យាបៃតង ។

លោកទេសរដ្ឋមន្ត្រីបានចាត់ទុកលោក Clement Yang គឺជាអ្នកវិនិយោគទុនមានភាពជោគជ័យមួយនៅកម្ពុជា មានរយ:ពេល២១ ឆ្នាំមកហើយ ដោយបានរួមចំណែកផងដែរក្នុងបំណែកសេដ្ឋកិច្ច ទីផ្សារការងារ និងការទទួលខុសត្រូវសង្គមនៅកម្ពុជា ។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា នៅពេលពិភពលោកក៏ដូចជាកម្ពុជាកំពុងរងគ្រោះ និងផលប៉ះពាល់ពីមេរោគ Covid-19 ក្រុមហ៊ុនរោងចក្រ MEDTECS របស់លោក Yang ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាមបានបង្កើនការផលិតរបស់ខ្លួនដោយផ្តោតជាសំខាន់ទៅលើសម្ភារ:បរិក្ខាការពារផ្ទាល់ខ្លួន(PPE) ហើយក៏បានការឧបត្ថម្ភជាម៉ាស់ និងសម្លៀកបំពាក់ពេទ្យ សម្រាប់ការពាររោគឆ្លងCovid-19 ដល់តម្រូវការរបស់កម្ពុជា រួមទាំងប្រទេសមួយចំនួនទៀតផងដែរ ។

លោកទេសរដ្ឋមន្រ្តី ក៏បានបានស្នើឲ្យក្រុមហ៊ុនរោងចក្ររបស់លោកYang បង្កើនការផលិតសំភារៈបរិក្ខាការពារCovid-19 ឲ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ឲ្យគ្រប់តម្រូវការទីផ្សារ ពីព្រោះមេរោគនៅគំរាមកំហែងពិភពលោកនៅឡើយ ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here