វិបត្តិ៖ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសចិននឹងប៉ះពាល់ដល់កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាសារលើកតំបូង សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រាប់ក្រុមមន្រ្តីត្រៀមខ្លួនទប់ទល់ ដើម្បីបញ្ចៀសខ្លួនពីសង្រ្គាមពាណិជ្ជកម្ម នាពេលបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យនៅសាលសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៣មេសានេះ។ សម្តេចបន្តថា នយោបាយ​គាំពារនិយម និងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេ​សចិន ក៏បានបង្កការព្រួយបារម្ភផងដែរ ដែលទាមទារឲ្យមានការតាមដានយកចិត្តទុកដាក់។សម្តេចបន្តសង្កត់ធ្ងន់ថា ពិភពលោកនាពេលបច្ចុប្បន្ន កំពុងបង្ហាញពីការបាត់សណ្តាប់ធ្នាប់។

សម្តេចតេជោក៏បានស្នើឲ្យក្រុមមន្រ្តី តាមដានយកចិត្តទុកដាក់ចំពោះបញ្ហា​របស់ពិភពលោក ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កម្ពុជាផងដែរ។

Advertisement

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market and Consulting លោកង៉ែត ជូបានថ្លែងថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បើប៉ះពាល់ប្រទេសចិនខ្លាំងក៏ប៉ះពាល់ដល់កម្ពុជាដែរ ព្រោះចិនវិនិយោគ​ច្រើននៅកម្ពុជាលើវិស័យសំណង់ កាត់ដេរ វិស័យទេសចរណ៍យ៉ាងច្រើន ហើយ​កម្ពុជាក៏បាននាំចេញ និងលក់កសិផលច្រើនទៅប្រទេសចិនផងដែរ។ ហេតុនេះបើសេដ្ឋកិច្ចចិនរងផលប៉ះពាល់ វានឹងប៉ះពាល់ដល់កម្ពុជាផងដែរ។

លោកបន្តថា “យើងពិតជាមានការព្រួយបារម្ភ ប៉ុន្តែវិបត្តិនេះមិនប៉ះពាល់ដល់កម្ពុជាភ្លាមៗទេ  វាអាចនឹងមានផលប៉ះពាល់ដល់កម្ពុជានៅឆ្នាំ២០១៩ ឬឆ្នាំ​២០២០ខាងមុខ ប្រសិនជាសង្រ្គាមពាណិជ្ជកម្មនេះ នឹងអូសបន្លាញរយៈពេលយូរ”។

លោកង៉ែត ជូបានថ្លែងថា កម្ពុជាគួរតែមានគោលនយោបាយ ទាក់ទាញអ្នកវិនិយោគ ពីប្រទេសដទៃទៀត​ឲ្យ​បានច្រើនមកកម្ពុជា ព្រោះបើយើងពឹងតែប្រទេសចិន សេដ្ឋកិច្ចរបស់យើងងាយ​ប្រឈមហានិភ័យខ្លាំងណាស់៕

- Advertisement -

Leave a Reply