វិភាគៈ បេះដូងមនុស្សធ៌មរបស់សម្តេចតេជោបង្ហាញពីកម្ពុជាចាប់ផ្តើមភាពជា អរិយប្រទេសឡើងវិញ

0

ដោយយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ការបើកបេះដូងចំហ ពោរពេញដោយមនុស្សធ៌ម និងគ្មានការរើសអើងរបស់សម្តេចតេជោហ៊ុន​ សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញទៅកាន់ពិភពលោកជាថ្មីនូវកម្ពុជា ជាដែនដីនៃអរិយធ៌មឡើងវិញ បន្ទាប់ពីប្រទេសនេះបានរងសោកនាដកម្មរាប់មិនអស់ជាច្រើនសតវត្សរ៍កន្លងមក។

អរិយជន ជាការសំដៅទៅរកជនដែលមានចំណេះដឹង មានជំនាញ មានសីលធ៌ម និងគុណធ៌ម។

ការអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ និងលើកទឹកចិត្តមេដឹកនាំចិន ដើម្បីប្រយុទ្ឋប្រឆាំងការផ្ទុះឡើងនៃកូរ៉ូណាវីរុស កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងមកនេះ បានបង្ហាញឲ្យពិភពលោកឃើញថា កម្ពុជាមានមេដឹកនាំពោរពេញដោយការទទួល​ខុសត្រូវ ក្នុងនាមជាមនុស្សជាតិ និងជាមេដឹកនាំអាចឲ្យមេដឹកនាំចិនទុកចិត្តបាន ហើយប្រទេសទាំងពីរបានដាក់ចេញនូវគោលនយោបាយថ្មីមួយ គឺ “ប្រទេស២ វាសនាតែ១”។

ជាមួយនឹងការបង្ហាញនូវសន្តានចិត្ត “ស្គាល់មិត្តក្នុងគ្រាលំបាក និងជួយមិត្តក្នុងគ្រាលំបាកនេះ” បានធ្វើឲ្យមេដឹកនាំ និងប្រជាជនចិនស្គាល់ច្បាស់ពីបេះដូងមេដឹកនាំកម្ពុជា ខណៈបណ្តាប្រទេសជាមិត្តរបស់ចិន ដទៃទៀតបានរត់ចោលចិន ហើយមានប្រទេសដ៏ធំមួយនោះបានសំពងចិន ដោយអសីលធ៌មបន្ថែមទៀត ខណៈចិនកំពុងរងទុក្ខលំបាក។

មេដឹកនាំ និងប្រជាជនចិនបានដឹងអ្នកណាស្រលាញ់ខ្លួនពិតប្រាកដ ហើយប្រជាជនចិនមានអារម្មណ៍ជំពាក់គុណកម្ពុជា ដោយពួកគេសន្យានឹងមកទស្សនា និងវិនិយោគ​

នៅកម្ពុជាកាន់តែច្រើន បន្ទាប់ពីបញ្ហាកូរ៉ូណាវីរុសអាចដោះស្រាយបាន។

សារដ៏ច្បាស់លាស់

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពេ​លអញ្ជើញទៅទទួលអ្នកដំណើរលើកប៉ាល់យក្ស ដែលផ្ទុកអ្នកដំណើរជាង២២៥៧នាក់នាព្រឹកថ្ងៃទី១៤ កុម្ភៈ ដែលត្រូវនឹងថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ថា “នៅពេលនេះមិនមែនជាពេលវេលាដែលត្រូវភ័យខ្លាច និងជាពេលវេលាត្រូវរើសអើងនោះទេ តែជាពេលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក”។

សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា “គេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬ Covid-19 ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងអ្នកដ៏ទៃ ឬប្រទេសដ៏ទៃអាចយល់ថា ចុះបើមានជំងឺកូរ៉ូណានេះនៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលទេ?”។សម្តេចបន្ថែមថា “ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។

មូលហេតុនៅត្រង់ថា ប្រសិនមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា។

សម្ដេចតេជោបានបន្តថា “នេះជាបញ្ហាដែលត្រូវឃើញ អំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់កម្ពុជា ក្នុងឋានៈជាសមាជិក នៃសហគមន៍អន្ដរជាតិដែលមានការទទួលខុសត្រូវ”។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅតែអះអាងថា សម្ដេចមកទីនេះទោះបីរយៈពេលខ្លី តែសម្ដេចក៏នឹងបញ្ជូនសារនេះ ទៅកាន់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្ដរជាតិផងដែរថា ពេលនេះមិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលត្រូវធ្វើការរើសអើងនោះទេ តែជាពេលដែលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រា​យបញ្ហាប្រឈមនានា ដែលបាននិងកំពុងយាយី មិនគ្រាន់តែប្រទេសមួយទេ ប្រទេសជាច្រើនបានជួបប្រទះរឿងរ៉ាវនេះរួចទៅហើយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្សវិលត្រឡប់ទៅកាន់ប្រទេសវិញ ដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង២,២០០នាក់នៅលើនាវានេះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា គួរតែយល់និងមានមោទនភាព នៅពេលរាជរដ្ឋាភិបាលសម្រេចចិត្តបែបនេះ។ បន្ថែមពីនេះ សម្ដេចក៏បានអរគុណដល់ប្រជាជនកម្ពុជា ដែលបានលើកទឹកចិត្ត ហើយគាំទ្រដល់ការសម្រេចចិត្តរបស់សម្ដេច ក្នុងការដែលឲ្យនាវានេះបានចូលមកកាន់ទឹកដីកម្ពុជា ដែលតាមរយៈទឹកដីកម្ពុជា មនុស្សទាំង៤១សញ្ជាតិនេះ បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន ជួបជុំក្រុមគ្រួសារ ដោយពុំមានការភ័យខ្លាចនោះទេ។

ភាពជាអរិយជន

ទោះបីកម្ពុជាជាប្រទេសតូច តែបេះដូងកម្ពុជាមិនតូចទេ។ ទោះបីកម្ពុជាក្រីក្រ តែមិនក្រចិត្តនោះទេ។ នេះជាបេះដូងនៃអរិយជន ដែលភាពជាអរិយជនបានបាត់បង់ជាយូរមកហើយ ដោយសារសង្រ្គាម និងភាពអញនិយម បន្ទាប់ពីទទួលរងការបំពុលមនោគមវិជ្ជាពីសាសនាមួយ។

សារដ៏ច្បាស់លាស់របស់សម្តេច បានបង្ហាញពីបេះដូងមេដឹកនាំ ដែលតែងតែគិតគូមិនត្រឹមតែប្រជាជនកម្ពុជាខ្លួនឯងនោះទេ ប៉ុន្តែជាការបង្ហាញទៅកាន់ពិភពលោកថា “កម្ពុជាមិននៅខាងចិនតែមួយនោះទេ កម្ពុជានៅជាមួយអាមេរិក និងជាតិសាសន៍ដទៃទៀតនៅលើពិភពលោក”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការហួសចិត្ត និងមិនយល់ក្នុងចិត្ដនូវពាក្យដែលថា “តើឲ្យយើងនិយាយអំពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនត្រូវបានគោរពផងនោះ

សម្ដេចសង្កត់ធ្ងន់ថា “កម្ពុជាយកការទទួលខុសត្រូវមួយ នៅលើបញ្ហាគោរពសិទ្ធិមនុស្សជាចំបង ហើយដំបូងបំផុត ត្រូវគោរពដល់ការរស់រានមានជីវិតរបស់មនុស្ស ដែលមានជាង២,២០០នាក់នៅលើនាវានេះ និងមានរហូតដល់៤១សញ្ជាតិ”។

តើអ្វីទៅជាសិទ្ឋមនុស្សរបស់លោកខាងលិច អ្វីទៅជាលទ្ឋិប្រជាធិបតេយ្យ ដែលមានតែលើក្រដាស និងបង្កប់ដោយភាពអាស្រូវនៅពីក្រោយនោះ? ខណៈមេដឹកនាំកម្ពុជាបានដឹកនាំាំប្រទេសចេញពីឆ្នាំសូន្យ មកកាន់ពន្លឺត្រចះត្រចង់ និងវុបុលភាព។

តើការរំលាយបក្សប្រឆាំងមួយ ដែលនាំមកនូវភាពស្លោកស្រពោន សំរាប់់ប្រទេសនេះ ជាការរំលោភសិទ្ឋមនុស្ស ជាការមិនគោរពលទ្ឋិប្រជាធិបតេយ្យ? ខណៈមេដឹកនាំអតីតបក្សប្រឆាំង ត្រូវបានបញ្ញវ័ន្តបានដឹងរួចជាស្រេចថា “ពួកគេគ្មានសមត្ថភាពដឹកនាំ​ប្រទេសនេះនោះទេ ពួកគេក៏គ្មានក្រមសីលធ៌ម គួរឲ្យគោរពសំរាប់ប្រជាជាតិនេះនោះដែរ ព្រោះពួកគេទះដៃអបអរសាទរ នៅពេលគេដកប្រព័ន្ឋអនុគ្រោះពន្ឋ ពីអង្កររបស់កម្ពុជា ហើយក្រោយមកពួកគេដោះសារថា ពួកគេមិនបាននិយាយបែបនេះ ខណៈភស្តុតាងត្រូវ​បានប្រមូលទុករួចទៅហើយ។

ផលចំណេញ

ការពិតមេដឹកនាំកម្ពុជា មិ​នបានគិតពីផលចំណេញនៅពេលក្រោយនោះទេ ដោយសម្តេចគិតគូរតែលើភាពសន្តោស ការសង្រ្គោះប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយបេះដូងមនុស្សធ៌ម និងទឹកចិត្តដ៏មហាសាល និងមានតម្លៃមិនអាចកាត់ថ្លៃបាននេះ បានធ្វើឲ្យបណ្តាសារព៌តមានធំៗនៅលើពិភពលោកដូចជា CNN, BBC, Chanel News Asia, AFP, AP, Bangkok Post, Reuteurs។ល។ បានចូលរួមផ្សព្វផ្សាយពីការសង្រ្គោះនេះទៅកាន់ពិភពលោក ដែលជាការបង្ហាញពីមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ និងពិភពលោក។

មុខមាត់កម្ពុជា ដែលធ្លាប់បង្ហាញតែភាពសោកនាដកម្មកន្លងមក ត្រូវបានជំនួសដោយស្នាមញញឹម និងផ្កាកុលាប ដែលជាសារមួយបញ្ជាក់ពីបេះដូងមេត្តាធ៌ម និងក្តីស្រលាញ់់របស់សម្តេចទៅកាន់ជាតិសាសន៍ទាំង៤១ ដែលបានជាប់នៅលើកប៉ាល់យក្សMS  WESTERDAM ដែលបានរសាត់អណ្តែតលើផ្ទៃសមុទ្ររយៈពេល២១ថ្ងៃ បន្ទាប់ពីប្រទេសជាច្រើនបានបដិសេធមិនឲ្យចូលចត។

ប្រទេសបដិសេធមិនឲ្យកប៉ាល់យក្សនេះ ចូលចត រួមមាន ប្រទេសជប៉ុន កូរ៉េ ហ្វីលីពីន កោះហ្កាំ កោះតៃវ៉ាន់ និងប្រទេសថៃ។

ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បាននិងកំពុងបង្ហាញភាពជាមេដឹកនាំ ដែលមានការទទួលខុសត្រូវក្នុងនាមមនុស្សជាតិ និងបានចាប់ផ្តើមបង្ហាញនូវស្នាមញញឹមថ្មីពីកម្ពុជាទៅកាន់ពិភពលោក និងបង្ហាញពីភាពជាអរិយប្រទេសជាថ្មី ដែលយើងគួររួមដៃគ្នា ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោកក្នុងទស្សនថ្មី “កម្ពុជាដឹកដីនៃមេត្តាធ៌ម និងស្នាមញញឹម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here