វិភាគ៖ វិមានឈ្នះ ឈ្នះ តំណាងវីរៈភាព និងបញ្ចប់ការបែកបាក់ជាតិរយៈពេល ៥០០ឆ្នាំ

0

ដោយលាងគង់ យិនស្ថាបនិក និងអគ្គនាយក Propertyarea.asia

ភ្នំពេញនៅពេលនិយាយពីសន្តិភាព និងការបង្រួបបង្រួមជាតិ មានការលើកឡើងនូវបុគ្គលលេចធ្លោមួយចំនួននៅចុងសតវត្សរ៍ទី២០ និងដើមសវត្សរ៍ទី២១នេះប៉ុន្តែតើអ្នកណា​ជាតួអង្គពិតប្រាកដក្នុងការនាំមកនូវសន្តិភាព និងឯកភាពជាតិទាំងស្រុង សច្ចធ៌​ម​ប្រវ​ត្តិសាស្រ្តពិតជាមិនអាចប្រកែកបាន។

ស្ថាបនិកសន្តិភាព

- Video Advertisement -

មហាបុរសពីររូប បានរួមគ្នានាំនូវសន្តិភាព​លើទឹកដី ដែលហែកហួរដោយសារស  ង្រ្គា​ម និងឳនភាពក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំកន្លងមកនេះ នោះគឺអតីតសម្តេចព្រះ​បរមរតនកោដិ នរោត្តម សីហនុ និងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានា​ពេលបច្ចុប្បន្ននេះ និងទំនងជានាយករដ្ឋមន្រ្តីវ័យក្មេងជាងគេ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលពេលនោះឯកឧត្តមហ៊ុន សែនមានអាយុត្រឹម២៧ឆ្នាំប៉ុណ្ណោះ។

ការចចារសន្តិភាព​ដែលបានអូសបន្លាយរយៈពេលយ៉ាងយូរ ហើយកំឡុងពេ​លចចារ ក៏ជាពេលវេ​លាដែលខ្មែរកំពុងកាប់សម្លាប់គ្នាផងដែរ។ ប៉ុន្តែការអូសបន្លាយនេះបា​នបញ្ចប់ដោយសា​រ​សម្ពាធពីអន្តរជាតិ ហើយកិច្ចចចារសន្តិភាពបានទទួលជោគជ័យនៅថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១ ដែលទីបំផុតទាហ៊ានមួកខៀវកម្ពុជា ត្រូវបានអនុញ្ញាត្តឲ្យចូលមកកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ព្យាបាលស្នាមរបួសផ្លូវចិត្ត និងនាំមកនូវការបោះឆ្នោតមួយពោរពេញដោយភាពចម្រូងចម្រាស ទោះជាពួកគេចំណាយប្រាក់អស់រហូតដល់២០០០លាន​ដុល្លារ ក្នុងរយៈពេលត្រឹមតែបីឆ្នាំ។

​ការរៀបចំការបោះឆ្នោត ដែលបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ពិតជាបានបញ្ចប់សោកនាដកម្មមួយមួយផ្នែក និងនាំមកនូវសករាជថ្មីមួយ ទោះបីជាសន្តិភាព មិនទាន់គ្រប់ទឹកក៏ដោយ តែវាជាការចាប់ផ្តើមនាំកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយពិភពលោកចាប់ផ្តើមសម្លឹងមកកាន់កម្ពុជាក្នុងរូបភាពវិជ្ជមានជាងមុន។

ពេលវេលាត្រូវផ្សះផ្សាររបួសផ្លូវចិត្ត

ទស្សនវិទូមួយរូបលើកឡើងថា សន្តិភាពពិតប្រាកដមិនអាចបញ្ចប់ដោយគ្រាប់កាំ​ភ្លើងទេ” តែសន្តិភាព​ដែលនាំមក​ជាមួយនូវការផ្សះផ្សារផ្លូវចិត្ត និងព្យាបាលស្នាមរបួសក្នុងអតីតកាល។ វាពិតជាត្រូវការពេលវេលាសមស្របមួយ និងយូរអង្វែង។ ហេតុនេះទើបក្រោយការប្រកាសលទ្ឋផលឆ្នោត មាន​បញ្ហាចម្រូងចម្រាសមួយកើតមាន(ប៊ិះផ្ទុះសង្រ្គាមជាថ្មី តែអ្វីពិតជាមានអាថ៌កំបាំ​ងធំមួយនៅពីក្រោយ អ្នកនិពន្ឋនឹងបញ្ចេញនៅពេលណាមួយសមស្រប)។

វាជាការធម្មតា ដែលវាទបដិវាទបានកើតឡើង ដោយសារអ្នកនយោបាយពីរក្រុមដែលកើតពីគ្រួសារមានឋានៈខុសគ្នាដូចមេឃនិងដី ទទួលមនោគមវិជ្ជានយោបាយខុសគ្នា ជាហេតុធ្វើឲ្យប្រព័ន្ឋនៃការគិតរបស់ក្រុមអ្នកនយោបាយទាំងពីរខុសគ្នា។ អ្វីកាន់តែខុសគ្នា គឺអ្នកនយោបាយម្ខាង ជាអ្នកសិក្សាទ្រឹស្តីច្រើនជាងការអនុវត្តផ្ទាល់ តែអ្នកនយោ​បាយមួយ​ក្រុមទៀត មិនសូវបានសិក្សាទ្រឹស្តីនយោបាយច្រើនទេ តែក្រុមនេះជាអ្នកអនុវត្តន៍ផ្ទាល់ និងស្គាល់រាក់ជ្រៅ ច្រើនជាងអ្នកសិក្សាតែទ្រឹស្តី ដែលប្រកាន់ខ្ជាប់នូវលទ្ឋិប្រជាធិបតេយ្យ​និយម តែជាលទ្ឋិប្រជាធិបតេយ្យតែសម្បកក្រៅ បែបលាពាក់ស្បែកខ្លា។

ការវេញគ្នាជាធ្លុងមួយ ជារឿងលំបាកមួយ ដែលត្រូវការពេលវេលាពិសោធន៍ ពេលវេលាសិក្សាគ្នាទៅវិញទៅមក ដើម្បីរកមូលដ្ឋានពិតប្រាកដ ទើបអាចឈានទៅផ្សះ​ផ្សារគ្នាបាន។

​ការប៉ះទង្គិច

ដោយសារការមិនចុះសម្រុងគ្នាផ្នែកនយោបាយ ភាពប្រទូស្តរាយក្នុងឆាកនយោ​

បាយ បានកើតមានជាបន្ត​បន្ទាប់ រហូតមានការផ្ទុះអាវុធកណ្តាលក្រុងភ្នំពេញនៅថ្ងៃទី៥ ៦កក្កដា ឆ្នាំ១៩៩៧ ដែលទីបំផុតក្រុមអ្នកនយោបាយ បែបអេលីតនិយមទទួលរងភាពបរាជ័យយ៉ាងអាម៉ាស់ ដោយក្រុមអេលីតនិយម បានទាក់ទាញទាហ៊ានខ្មែរក្រហម ដើម្បីកំទេចក្រុមអ្នកនយោបាយដែលពូកែអនុវត្តន៍ជាជាងទ្រឹស្តី។

ស៊ុន អ៊ូ អ្នកយុទ្ឋសាស្រ្ត និងជាមេទ័ពដ៏ល្បីរបស់ចិនលើកឡើងថា “ស្គាល់ខ្លួនឯង ស្គាល់ខ្មាំង ច្បាំង១០០ដងឈ្នះទាំង១០០ដង ស្គាល់ខ្លួនឯងមិនស្គាល់ខ្មាំង ច្បាំងមានចាញ់មានឈ្នះ តែបើមិនស្គាល់ខ្លួនឯង មិនស្គាល់ខ្មាំងច្បាំង១០០ដង ចាញ់ទាំង១០០ដង”។

ទស្សននេះបានឆ្លុះបញ្ចាំងនូវលទ្ឋផល របស់ក្រុមអ្នកនយោបាយពីរក្រុមនេះយ៉ាង​ប្រក្សត្រ។

សង្រ្គាមចិត្តសាស្រ្ត និងការអនុវត្តន៍ផ្ទាល់បានធ្វើឲ្យក្រុមអ្នកនយោបាយ ដែលមានប្រវត្តិតស៊ូ និងឆ្លងកាត់សមរភូមិរាប់មិនអស់ បានទទួលលទ្ឋផលជោគជ័យដ៏ត្រចេះត្រចង់ ហើយក្រុមនេះហើយ ដែលបាននាំមកនូវសន្តិភាពទាំងស្រុងសម្រាប់កម្ពុជា។

បុរសសន្តិភាពនិយមកាន់តែលេចធ្លោ

យុគសម័យព្រះបាទធម្មិក និងដំរីសភ្លុកខៀវបានបញ្ចប់ ហើយប្រវត្តិសាស្រ្តកម្ពុជាបានបង្ហាញនូវមហាបុរសថ្មីមួយរូបកាន់តែច្បាស់។ មហាបុរសនេះហើយដែលបានចូលមកបន្សាបយុទ្ឋសាស្រ្តនយោបាយ របស់ទ័ពព្រៃរបស់ពួកខ្មែរក្រហម ដែលបានប្រើប្រាស់វិធីសាស្រ្តច្រេសស៊ីដែក។

យុទ្ឋសាស្រ្តថ្មីមួយដែលត្រូវ​បានដាក់ឈ្មោះថា យុទ្ឋសាស្រ្តឈ្នះ ឈ្នះត្រូវបានដាក់ចេញដោយឯកឧត្តមហ៊ុន សែននាពេលនោះ(សម្តេចមិនទាន់ទទួលបានគោរមងារ)។ តាមរយៈភាពប៉ិនប្រសព្វ ទេព​កោសល្យ និងការដឹកនាំប្រើប្រាស់មនុស្សចំជំនាញ មានសមត្ថភាព អង់អាចក្លាហាន និង​ប្រកបដោយវីរៈភាព។

សម្តេចតេជោបានប្រើប្រាស់វិធីសាស្រ្តបែបនរវិទ្យា និងធ្លុះបញ្ចាំងពីតម្រូវការរបស់មនុស្សជាតិ។ បុរស​ខ្លាំងនៃកម្ពុជារូបនេះ បានដាក់ចេញនូវគោលនយោបាយបីសំខាន់ៗ ដើម្បីទាញខ្មែរក្រហមចេញពីព្រៃ បង្រួបបង្រួមខ្មែរតែមួយ និងនាំសន្តិភាពមកក្រាលគ្របលើផ្ទៃប្រទេសជាថ្មី ដែលរយៈពេល៥០០ឆ្នាំកន្លងមកនេះ ខ្មែរមិនដែលបានសុខសាន្តនឹងគ្នាឡើយ។

នយោបាយសំខាន់ៗចំនួនបីចំណុចនោះគឺ ទី១ ការធានាដល់អាយុជីវិត និងសុវត្ថិភាពរបស់អតីតគូបដិបក្ស ទី២ ការផ្តល់ការងារ និងអាជីពដល់អ្នកដែលបានដាក់អាវុធនិង​ទី៣ ការទទួលស្គាល់កម្មសិទ្ធិលើទ្រព្យ ជាពិសេសដី និងអគារដែលពួកគេកាន់កាប់។
សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងសន្ទរកថា នៅពេលខ្មែរក្រហមត្រូវបានធ្វើសមាហរណកម្មចូលសង្គមជាតិវិញថា “ដោយសារចំណុចសំខាន់ទាំងបីនេះហើយ ទើបយើ​ង​អាចកំទេចអង្គការចាត់តាំងនយោបាយ និងយោធាមួយ ដោយមិនចាំបាច់ចំណាយគ្រាប់កាំភ្លើង សូម្បីតែមួយគ្រាប់ហើយ ព្រមទាំងអាចនាំមកនូវសន្តិភាព និងវឌ្ឍនភាព ជូនដល់ប្រជាជនកម្ពុជាទាំងអស់”។

តើអ្នកណានិយាយពីវាបើខ្ញុំស្លាប់

ដោយហ៊ានពលីកម្មជីវិត ដើម្បីចូលព្រៃចចារជាមួយខ្មែរមេដឹកនាំខ្មែរក្រហម សម្តេ​ចតេជោ ត្រូវបានអ្នកម្តាយហាមឃាត់ ដោយសារបារម្ភពីអាយុជីវិតរបស់លោក ប៉ុន្តែស   ម្តេចបានប្រាប់អ្នកមានគុណសម្តេចវិញថា “បើសម្តេចបរាជ័យគឺស្លាប់តែម្នាក់ឯង តែបើសម្តេចទទួលជោគជ័យ គឺសម្តេចអាចនាំសន្តិភាពសម្រាប់ប្រទេស និងផលប្រយោជន៍សម្រាប់ជាតិខ្មែរ​មូយប្រទេស”។

រំលឹកដល់នយោបាយឈ្នះ ឈ្នះ ដែលសម្តេចនិងសហសេវិកអនុវត្តន៍បានដោយ​ជោគជ័យ និងបានបញ្ចប់ការបែកបាក់សង្គមខ្មែរ សម្តេចតេជោហ៊ុន សែនបានលើកឡើង​នូវសារដ៏រំជួលចិត្តនាគ្រាមួយថា “តើនរណាដឹងថាអ្វីនឹងអាចកើតឡើង។ ប្រសិនបើខ្ញុំមិនអាចនិយាយ ឬ ប្រសិនបើខ្ញុំស្លាប់ទៅគ្មាននរណាអាចនិយាយ អំពីនយោបាយឈ្នះ-ឈ្នះជំនួសខ្ញុំបានទេ។”សម្តេ​ចបន្តថា“ខ្ញុំគឺជាអ្នកបង្កើតនយោបាយឈ្នះ-ឈ្នះ ហើយខ្ញុំគឺជាអ្នកអនុវត្តនយោបាយនេះ។ ខ្ញុំនឹងនិយាយអំពីការពិតទាំងស្រុង”។

បុរសខ្លាំងរូបនេះហើយ ដែលបានបញ្ចប់ការដឹកនាំរបស់មេខ្មែរក្រហម និងបន​ភឿន ជាក្រុមដែលបានធ្វើឲ្យកម្ពុជាធ្លាក់ក្នុងសោកនាដកម្ម និងយុគសម័យដ៏ខ្មៅងងឹតក្នុងប្រវត្តិ​សាស្រ្តពិភពលោក តាមរយៈការកាប់សម្លាប់រង្គាល ដល់ប្រជាពលរដ្ឋកម្ពុជាប្រមា​ណ៣លាននាក់ ហើយធ្វើឲ្យមាតុប្រទេសដ៏អភ័ព្វនេះពោរពេញដោយគំនរឆ្អឹង សមុទ្រទឹកភ្នែក ការរបួសផ្លូវចិត្ត ការព្រាត់ប្រាស និងស្នាមរបួសផ្លូវចិត្ត ដែលត្រូវការពេលវេលាយ៉ាងតិច៥០ឆ្នាំ ដើម្បីព្យាបាលជាតិសាសន៍ដ៏គួរឲ្យសង្វេគនេះ។

វិមានឈ្នះ ឈ្នះផុសឡើងក្រោយកាំភ្លើងគួចកាណុង២០ឆ្នាំ

ជាការរំលឹកនូវពលិកម្មដ៏ធំធេង និងមានតម្លៃមិនអាចកាត់ថ្លៃបាននេះ វិមានឈ្នះឈ្នះបានចាប់បដិសន្ឋិឡើង និងបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួនបី ថ្ងៃគឺចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែធ្នូឆ្នំា២០១៨ខាងមុខនេះ និងចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ឋពិធីខួប២០ឆ្នាំ នៃគោលនយបាយឈ្នះ ឈ្នះ។

សំណង់វិមាន ឈ្នះឈ្នះនេះតំណាងឲ្យវរៈភាពរបស់សមមិត្តហ៊ុន សែនដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាមជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ប៉ុល ពត។ មួយវិញទៀតការសាងសង់វិមាន ឈ្នះឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ អស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ។

ពេលវេលានៃការរួបរួមគ្នាជាធ្លុងមួយ

ជាមួយនឹងមហិច្ឆតា និងក្តីសុបិនចង់ឃើញប្រជាជាតិនេះ ខ្ពស់មុខខ្ពស់មាត់និងលើកកំពស់កិត្យានុភាពលើឆាកអន្តរជាតិ សម្តេចតេជោហ៊ុន សែនមានក្តីសុបិនមួយគឺ “ប្រែក្លាយកម្ពុជាជាខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់” ហើយទីបំផុតបុរសរូបនេះអាចធ្វើបាន ដោយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំនើនក្នុងរង្វង់ជាង៧ភាគរយក្នុងរយៈពេល២​ទ​សវត្សរ៍ ភាពក្រីក្រត្រូវបានកាត់បន្ថយមកនូវក្រោម១០ភាគរយ ប្រាក់ចំណូលប្រជាពលរដ្ឋ​កើនឡើងដល់១៥៧៥ដុល្លារ ហើយផលទុនជាតិសរុបកើនឡើងដល់ជាង២១,០០០លាន​ដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ។

នៅទីបំផុតក្នុងឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រសិទ្ឋនាមកម្ពុជា”កម្ពុជាៈ ខ្លាសេដ្ឋកិច្ចថ្មីក្នុងតំបន់អាស៊ី”។ ការប្រសិទ្ឋនាមនេះមិនមែនជាការលើកជើង ឬសរសើរ​ដោយគ្មានការផ្អែកលើសូចនាករ នៃការរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជានោះទេ ប៉ុន្តែវាផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្តមួយ ដែលប្រើប្រាស់ដើម្បីវាស់វែងការរីកចម្រើនរបស់​កម្ពុជាយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះដែរ ធនាគារពិភពលោកក្នុងឆ្នាំដដែលនេះ បានចាត់ចំណាត់ថ្នាក់កម្ពុជាក្លាយជាប្រទេសមនប្រាក់ចំណូលមធ្យមកម្រិតទាប ដោយចាកចេញពីប្រទេសក្រីក្រ និងមានចំណូលទាបបំផុតក្នុងលោក។

ជាមួយនឹងការបញ្ចប់នូវវិវាទ និងនាំមកនូវសន្តិភាពទាំងស្រុក សម្តេចតេជោបានដឹកនាំ និងចាប់ផ្តើមសមាហរណកម្មកម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ២០០៤ ការចូលជាសមាជិកពេញសិទ្ឋនៃសហ​គមន៍សេដ្ឋកិច្ចអាស៊ាននាចុងទសវត្សរ៍ទី៩០ និងការចូលជាសមាជិកនៃអង្គការថ្នាក់តំបន់​និងពិភពលោកដទៃទៀត បានធ្វើឲ្យកម្ពុជារះឡើងកាន់តែត្រចេះត្រចង់លើឆាកអន្តរជាតិ​។

ហេតុនេះការសាងសង់វិមានឈ្នះ ឈ្នះមិនត្រឹមតែតំណាងឲ្យវីរៈភាពនៃមេដឹកនាំកម្ពុជានោះទេ តែវិមាននេះតំណាងឲ្យភាពឈ្នះ ឈ្នះរបស់ប្រជាជាតិខ្មែរទាំងមូល ដែលពួកគេឈ្នះជាមួយមេដឹកនាំរបស់ពួកគេ។ ឈ្នះក្នុងការកសាងជីវភាព ឈ្នះជាមួយសិទ្ឋសេរីភាព ឈ្នះជាមួយការកាន់ដៃរួមគ្នា ដើម្បីកសាងកម្ពុជាជាមួយសុខសន្តិភាព វិបុលភាពនៃប្រជាជាតិ ដែលទើបទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត និងជាស្នាមញញឹមចេញពីកែវភ្នែកនេះ។

ការមានទស្សននយោបាយខុសគ្នា ទទួលមនោគមវិជ្ជានយោបាយខុសគ្នា ជារឿងធម្មតា​សម្រាប់ប្រជាជាតិមួយ ប៉ុន្តែទស្សនខុសគ្នា មនោគមវិជ្ជាខុសគ្នា គួរតែប្រែក្លាយជាសួនច្បារមួយដែលមានផ្កាចម្រុះព៌ណ ហើយផ្កាទាំងនោះគួរតែបង្ហើរគន្ឋពិដោរ ដើម្បីនាំមកនូវ​សុខសន្តិភាពផ្លូវចិត្ត និងវិបុលភាពសម្រាប់ជាតិសាសន៍របស់កម្ពុជា៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here