ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ បើទោះបីកម្ពុជាកំពុងស្ថិត នៅក្នុងដំណាក់កាលជាប្រទេសកំពុងអភិវឌ្ឍក៏ដោយ ប៉ុន្តែកម្ពុជាជាប្រទេសមួយ ដែលមានសក្ដានុពលខ្ពស់ប្រកបដោយនិរន្តភាពក្នុងការក្ដាប់យកនូវកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលពឹងផ្អែកលើបច្ចេកវិទ្យា ប៉ុន្តែត្រូវការពេលប្រមាណ៥ទៅ១០ឆ្នាំ ឬច្រើនជាងនេះ ដើម្បីតម្រង់ទិសទៅជាសេដ្ឋកិច្ចឌីជីថលពេញលេញមួយ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្នធ្លាប់បានថ្លែងឲ្យដឹងកន្លងមកថា ដើម្បីផ្លាស់ប្ដូរសេដ្ឋកិច្ចបែបបច្ចេកវិទ្យាឲ្យទាន់ពេលវេលា ត្រូវផ្អែកលើកត្តាចំនួន៤ ដូចជាទី១ ភាពអំណោយផលផ្នែកប្រជាសាស្ត្រ ដោយសារវត្តមាននៃចំនួនយុវជនដ៏ច្រើនដែលមានការអប់រំខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស ទី២ ការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍ឆ្លាត (Smart Device) ទី៣ ការរីកចម្រើនយ៉ាងរហ័សលើផ្នែកបច្ចេកវិទ្យា តាមរយៈលំហូរវិនិយោគផ្ទាល់ពីបរទេស និងទី៤ ឥទ្ធិពលដ៏លឿននៃឌីជីថលភាវូនីយកម្មដែលកំពុងមាននៅក្នុងគ្រប់វ័យសំខាន់នៃសេដ្ឋកិច្ចជាតិ។
លោកបានបន្តថា “សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាកំពុងលេចរូបរាងបណ្ដើរៗ ដូចជាការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមឌីជីថល ការកម្សាន្តតាមអនឡាញ សកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិច និងការបញ្ជាទិញតាមអនឡាញជាដើម”។ លោកបន្តថា “ការប្រែក្លាយឆ្ពោះទៅរកសេដ្ឋកិច្ចផ្នែកឌីជីថល ស្របពេលការរីកចម្រើននៃបដិវឌ្ឍឧស្សាហកម្មទី៤ (ឧស្សាហកម្ម ៤.០) អាចនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចបានផែនការប្រែក្លាយកម្ពុជា ជាប្រទេសប្រទេសមានប្រាក់ចំណូលមធម្យមកម្រិតខ្ពស់នាពេលខាងមុខ”។
តើអ្វីជាសេដ្ឋកិច្ចឌីជិថល?
លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានឱ្យដឹងថា សេដ្ឋកិច្ចឌីជីថល ជាសេដ្ឋកិច្ចមួយដែលពឹងផ្អែកទៅលើបច្ចេកវិទ្យាឌីជីថល ដែលបច្ចេកវិទ្យាឌីជីថលនេះ នឹងជះឥទ្ធិពលដល់ការផលិតទំនិញ និងសេវា ការចែកចាយ និងការផ្គត់ផ្គង់ រួមទាំងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ នឹងក្លាយជាកត្តាគន្លឹះ និងកត្តាកំណត់ចាញ់ឈ្នះ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រទេសណា ដែលមានសមត្ថភាព ចាប់យកបច្ចេកវិទ្យានេះបានល្អប្រសើរជាងគេ ប្រទេសនោះនឹងក្លាយជាអ្នកឈ្នះនៅក្នុងល្បែងនេះ។
លោកបន្ថែមថា “កម្ពុជាយើងត្រូវរួមដៃគ្នា ទាំងជាស្ថាប័ន ទាំងធនធានមនុស្ស ដើម្បីពន្លឿនការអភិវឌ្ឍឌីជីថលនៅកម្ពុជាឱ្យអាចរត់ទាន់គេនៅក្នុងតំបន់”។
យន្តការរបស់រដ្ឋាភិបាលជួយលើសេដ្ឋកិច្ចឌីជីថល
ទស្សនទាន បញ្ហាប្រឈម កាលានុវត្តន៍ភាព យន្តការ និងអាទិភាពគោលនយោបាយដែលគួរដាក់ចេញ សម្រាប់ត្រៀមខ្លួនអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នៅក្នុងក្របខ័ណ្ឌ នៃកិច្ចដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្ពោះទៅរកគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាត្រូវលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ផងដែរ ដើម្បីបង្កើនតម្លៃ និងការងារនៅក្នុងសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានជួយទ្រទ្រង់ដល់វិស័យនេះជាបន្តបន្ទាប់។ តែរាជរដ្ឋាភិបាលប្រកាន់យកនូវគោលការណ៍ទីផ្សារ ហើយនឹងមិនធ្វើអន្តរាគមន៍ណាមួយ ដែលធ្វើឱ្យខូចទៅដល់គោលការណ៍ទីផ្សារនោះទេ។ នៅក្នុងរយៈពេលខ្លី និងវែងទៅមុខ ក្រៅពីការបង្កើតមូលនិធិគាំទ្រសហគ្រិនភាព និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាព រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការគាំទ្រជាកញ្ចប់ផ្សេងទៀត សម្រាប់គាំទ្រដល់សហគ្រិនភាព ដូចជា ទី១ ការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank) ការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការរីកចម្រើនរបស់ SME ការគិតគូរទៅដល់ការកាត់បន្ថយថ្លៃដើម នៅក្នុងការធ្វើធុរកិច្ចរបស់SME តាមរយៈការកាត់បន្ថយថ្លៃអគ្គិសនី និងដឹកជញ្ជូន រួមទាំងចំណាយលើបែបបទច្បាប់ទម្លាប់ និងពន្ធដារ ព្រមទាំងប្រព័ន្ធនៃការផ្លាស់ប្តូរ រំលែកចំណេះដឹង ជំនាញ បច្ចកវិទ្យា និងបទពិសោធន៍ផងដែរ។
បញ្ហាប្រឈមលើការប្រើប្រាស់បច្ចេកវិទ្យា
មូលដ្ឋាននេះ បានបង្កើតឱកាសសម្រាប់អាជីវកម្មថ្មីៗ និងការច្នៃប្រឌិតមួយចំនួន រួមទាំងសហគ្រិនភាពឱ្យមានការរីកចម្រើនជាបណ្តើរៗ ស្របនឹងនិន្នាការប្រទេសក្នុងតំបន់។ ក៏ប៉ុន្តែសមត្ថភាពចាប់យក និងសកម្មភាពនៃការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលនេះនៅមានកម្រិតទាបនៅឡើយ មិនថានៅក្នុងវិស័យសាធារណៈ ឬនៅក្នុងវិស័យឯកជនទេ។ ទន្ទឹមនឹងនេះការទទួលយកបច្ចេកវិទ្យាទូរស័ព្ទចល័ត ជំនាន់ក្រោយមានភាពយឺតយ៉ាវ ហើយការទទួលយកសេវា 4G វិញ កាន់តែមានអត្រាទាបថែមទៀត។
អាត្រានៃការប្រើប្រាស់សេវាអ៊ីនធើណែតអចល័ត ដែលអាចមានសមត្ថភាពបញ្ជូនទិន្នន័យធំៗវិញ នៅមានកម្រិតទាបនៅឡើយ។ ម្យ៉ាងវិញទៀត ការវិនិយោគដោយវិស័យឯកជន ក្នុងបច្ចេកវិទ្យាឌីជីថលនេះក៏មានការយឺតយ៉ាវផងដែរ ដែលឆ្លុះបញ្ចាំងពីសម្ពាធនៃការប្រកួតប្រជែង និងបរិយាកាស វិនិយោគស្របពេលដែលការទទួលយកបច្ចេកវិទ្យាឌីជីថល ដោយមជ្ឈដ្ឋានធនាគារហាក់មានកម្រិតទាបនៅឡើយ។
លើសពីនេះទៀត ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល នៅក្នុងចំណោមប្រជាជន ជាពិសេសនៅទីជនបទនៅមានកម្រិតទាបនៅឡើយ ក្នុងខណៈដែលការអប់រំផ្នែកនេះ នៅមានបរិមាណតិចតួចនៅឡើយ។ ក្នុងន័យនេះការយកចិត្តទុកដាក់ គួរតែផ្តល់អាទិភាពលើរៀបចំ និងការវិនិយោគបន្ថែមលើហេដ្ឋារចនាសម័ន្ធឌីជីថល ព្រមទាំងការរៀបចំ និងកែលំអរក្របខ័ណ្ឌច្បាប់ចាំបាច់នានា រួមទាំងការលើកទឹកចិត្តផ្នែកសារពើពន្ធ សម្រាប់គាំទ្រដល់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕