វិភាគ​៖ សម្លឹង​មើល​វិស័យ​អចលនទ្រព្យ​រយៈពេល៥ឆ្នាំខាងមុខ​នឹង​វិវត្តន៍​យ៉ាងដូច​ម្តេច​?

0

ដោយៈ​រ៉ា​ ណេត​ និង​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ មួយ​ទសវត្សរ៍​កន្លងមក​ កម្ពុជា​បាន​ជួប​ជាមួយ​កាលានុវត្តន៍​ភាព​មាស​ជាមួយនឹង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI​) និង​កំនើ​ននៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ដែល​បាន​ធ្វើឲ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​កើនឡើង​និង​បាន​ផ្លាស់​ប្តូរ​មុខមាត់​ប្រទេស​នេះ​។

បើ​មិន​មាន​ភាព​ប្រែប្រួល​នោះ​ទេ​ កម្ពុជា​នឹង​ប្រែក្លាយ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ជា​សញ្ញា​វិជ្ជមាន​មួយ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​អំណាច​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កើនឡើង​ ដែល​នេះ​ជា​ដែក​ឆក់​មួយ​សំរាប់​ឲ្យ​អ្នក​វិនិយោគ​នានា​ បញ្ចេញ​សាច់ប្រាក់​របស់​ខ្លួន​ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ដែល​កំពុង​មាន​ប្រាក់ចំណេញ​ខ្ពស់​ជាងគេ​នេះ​។

ការ​ប្រែក្លាយ​ពីទី​ក្រុង​ខ្មោច​ ទៅជា​ទីក្រុង​ដែល​លេចមុខ​មាត់់​ដ៏​លឿន​មួយ​លើឆាកអន្តរជាតិ​ តាមរយៈ​វត្តមាន​អា​គារ​ខ្ពស់​ៗកប់​ពពក​ស្អេកស្កះ​ ដូចគ្នា​ទៅ​នឹង​បណ្តា​ប្រទេស​ដែល​ជឿនលឿន​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្បាស់​ ក្នុង​ទិដ្ឋភាព​វិជ្ជមាន​មួយ​។

រយៈពេល១០ឆ្នាំ​បាន​កន្លង​ហួស​ ការ​ភ្ញាក់ផ្អើល​បាន​កើតមានឡើង​សំរាប់​ជនបរទេស​ និង​អ្នក​មិនធ្លាប់​បាន​មកកាន់​កម្ពុជា​ពីមុន​មក​។

សំណួរ​នៅ​ទីនេះ​គឺថា​ តើ​រយៈពេល៥ទៅ១០ឆ្នាំខាងមុខ​ ប្រទេស​កំសត់​កាលពី​អតី​កាល​មួយ​នេះ​នឹង​បន្ត​រក្សា​បាន​នូវ​ឧត្តមភាព​របស់​ខ្លួន​? បន្ត​នៅតែ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​បរទេស​បន្ត​ទៀត​ឬយ៉ាងណា​? ខណៈ​កំនើន​សេដ្ឋ​កិ​ខច្ច​របស់​ប្រទេស​នេះ​រំពឹង​ថា​នឹង​បន្ត​រក្សា​កំនើ​នក្នុ​ងរ​ង្វង់​ប្រមាណ​ជាង៧ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ រយៈពេល​មធ្យម​និង​រយៈពេល​វែង​បន្ត​ទៀត​។

​គិត​ត្រឹម​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ នៅក្នុង​វិស័យ​សំណង់​ទាំងមូល​បាន​បង្កើន​ទុន​វិនិយោគ​រហូតដល់​ប្រមាណ២៥ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​រូបភាព​ទាំងអស់​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ឆ្លុះបញ្ចាំង​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។

អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ក្ដី​សាទរ​ទៅ​នឹង​លទ្ធផល​ និង​ផ្លែផ្កា​ដែល​កម្ពុជា​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ “បើ​និយាយ​ពី​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​ កម្ពុជា​ គឺជា​ប្រទេស​មួយ​ ដែល​មាន​ភាព​លេចធ្លោ​ជាង​បណ្តា​ប្រទេស​នានា​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ជាក់ស្ដែង​នៅ​ត្រឹម​រយៈពេល​ដ៏​ខ្លី​ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ ដែល​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ កាលពី​ឆ្នាំ២១០៥​ ជាមួយនឹង​គោលដៅ​នឹង​ប្រែក្លាយ​ទៅជា​ប្រទេស​ ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​”។

លោកស្រី ​Grace​ Rachny​ Fong​ បាន​បន្ត​ទៀត​ថា​ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ មួយភាគធំ​បាន​ចំណូល​ពី​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​ជា​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​។ បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងតែ​មាន​ភាព​ទាក់ទាញ​ពី​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​ជាច្រើន​ ដែល​ក្នុង​នោះ​សូម្បីតែ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ក៏បាន​ចូលខ្លួន​មកកាន់​កម្ពុជា​ដែរ​ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ ជាដើម​ ហើយក៏​មាន​ក្រុមហ៊ុន​ធំ​ជាច្រើន​ទៀត​ ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​។

នៅក្នុង​ឆ្នាំ២០១៨​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៦៤០០លាន​ដុល្លារ​អាមេរិក​ និង​បាន​ផ្តល់​ការងារ​ប្រចាំថ្ងៃ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ២០ម៉ឺន​នាក់​ ដែល​ក្នុង​នោះ​រួមមាន​ ទីក្រុង​រណប​ បុរី​លំនៅឋាន​ និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​ចំនួន២៣០ទីតាំង​។ សំណង់​អគារ​ខ្ពស់​ចាប់ពី៥​ ជាន់ឡើង​ទៅ​មាន​ចំនួន១១០០អគារ​។ ក្រុមហ៊ុន​សាងសង់​ និង​ក្រុមហ៊ុន​ប្រកបរបរ​អាជីវក​កម្មសិក្សា​គម្រោង​ប្លង់​ មាន​ចំនួន១០៤៣ក្រុមហ៊ុន​ ក្នុង​នោះ​ក្រុមហ៊ុន​សាងសង់​ចំនួន១០០៣​ ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ចំនួន៤០ក្រុមហ៊ុន​។

អ្នកជំនាញ​ក្នុង​វិស័យ​នេះ​សុទ្ឋ​តែ​បង្ហាញ​សញ្ញា​សុទិដ្ឋិនិយម​ដូចគ្នា​ ជាមួយនឹង​កាលានុវត្តន៍​ភាព​ក្នុង​វិស័យ​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ “វិស័យ​នេះ​នៅ​មានឱកាស​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​”។ លោក​បាន​បន្ត​ទៀត​ថា​ ​ “ក្រុមហ៊ុន​ភ្នាក់ងារ​ក្នុង​វិស័យ​នេះ​ នឹង​មានឱកាស​រីកចម្រើន​ និង​ទទួល​បានផល​ប្រយោជន៍​កាន់តែ​ច្រើន​បន្ត​ទៀត​ ដោយសារ​ការ​រីកចម្រើន​ក្នុង​វិស័យ​នេះ​ ប៉ុន្តែ​ទាមទារ​ឱ្យ​ពួកគេ​ធ្វើការ​រួមគ្នា​ និង​ពង្រឹង​សមត្ថភាព​បន្ថែម​ ដើម្បី​មានឱកាស​កាន់តែ​ច្រើន​ទទួល​បានផល​ប្រយោជន៍​ច្រើន​ពី​វិស័យ​មួយ​នេះ​”។

​លោក​បាន​បន្ត​ទៀត​ថា​ ដើម្បី​ទទួល​បាន​ឱកាស​រីកចម្រើន​ យើង​ត្រូវ​រួបរួម​គ្នា​ និង​ពង្រឹង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ ជាពិសេស​នៅពេល​មាន​វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​ចូល​មក​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​រួម​។

ការសម្រេច​បាន​នូវ​ទស្សនទាន​វិជ្ជមាន​នេះ​ មិន​អាច​សម្រេច​បាន​ឡើយ​ប្រសិនជា​កម្ពុជា​ មិនបាន​រៀបចំខ្លួន​បាន​ល្អ​ និង​ផ្តល់​ផល​ចំណេញ​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​ថ្លែង​ថា​ កម្ពុជាក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើឲ្យ​វិស័យ​សំ​ណង់់​ និង​អចលនទ្រព្យ​នៅ​ប្រទេស​នេះ​មាន​ភាព​រីកចម្រើន​ និង​លេចធ្លោ​ជាងគេ​ ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​ ការ​ទទួល​បានផល​ចំណេញ​ខ្ពស់​ជាងគេ​ពី​ការ​វិនិយោគ​ ធៀប​ជាមួយ​ប្រទេស​នានា​នៅ​ជិតខាង​កម្ពុជា​។

លោក​បន្ត​ថា​ “ប្រសិនជា​គ្មាន​ការ​ដាក់ចេញ​នូវ​គោល​នយ​បាយ​ លិខិត​បទដ្ឋាន​គតិយុត្តិ​ច្បាប់​ត្រឹមត្រូវ​ និង​ឆ្លើយតប​ទាន់ពេល​វេលា​ នៅក្នុង​បរិបទ​តំបន់​ និង​ពិភពលោក​ទេ​ កម្ពុជា​មិន​អាច​មាន​ភាព​រីកចម្រើន​ និង​ទាក់ទាញ​ការ​វិនិយោគ​ច្រើនបែប​នេះ​ទេ​”។លោក​បន្ត​ថា​ “ទោះបី​កម្ពុជា​មាន​ទំនាក់ទំនង​ជិ​តស្និ​ទ្ឋ​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​ដទៃទៀត​យ៉ាងណា​ក្តី​ ក៏​អ្នក​វិនិយោគ​របស់​ពួកគេ​ មិន​មក​កម្ពុជា​នោះ​ទេ​ បើ​ពួកគេ​មិន​អាច​រក​ផល​ចំណេញ​បាន​”។

ជាក់ស្តែង​ក្រុមហ៊ុន​ AEON​ Mall​ Group​ មុន​សម្រេចចិត្ត​បោះទុន​វិនិយោគ​រាប់​លាន​ដុល្លារ​វិនិយោគ​នៅ​កម្ពុជា​ ពួកគេ​បាន​មក​សិក្សា​ពី​កម្ពុជា​រយៈពេល​ជិត១ទសវត្សរ៍​ មុន​សំរេចចិត្ត​បោះទុន​វិនិយោគ​សាងសង់​ផ្សារ​ទី១​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ និង​ផ្សារ​ទំនើប ​AEON​ MALL2​ ស្ថិតនៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី​។ ជា​តំបន់់​ដែល​មាន​ភាព​ពេញនិយម​ និង​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ព័ទ្ឋ​ជុំវិញ​។

លោ​កអ៊ិ​ន ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា​ ភី​អ៊ិ​លស៊ី​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​ឈានឡើង​ពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ មកកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ ជា​សញ្ញា​ល្អ​មួយទៀត​សំរាប់​កម្ពុជា​ ដែល​កម្ពុជា​នឹង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​ ព្រោះ​មុន​សម្រេចចិត្ត​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ​ ពួកគេ​តែងតែ​សិក្សា​ពី​អំណាច​នៃ​ការទិញ​របស់​ប្រជាជន​ប្រទេស​នោះ​។

លោក​បន្ត​ថា​ “អ្នក​វិនិយោគ​តែងតែ​ស្វែងរក​ប្រាក់ចំណេញ​ ពួកគេ​មិនទៅ​កាន់​ប្រទេស​ប្រទេស​ក្រីក្រ​ ដែល​អំណាច​នៃ​ការទិញ​មិន​មាន​នោះ​ទេ​ ពួកគេ​មិនទៅ​កាន់​ប្រទេស​ដែល​មិន​អាច​ស្វែងរក​ប្រាក់ចំណេញ​បាន​នោះ​ទេ​”។

កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ កំនើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧​,៧ភាគរយ​ក្នុង​ រយៈពេល២ទសវត្សរ៍​ ច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ​ ដែល​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​អាច​បើក​ក្រុមហ៊ុន​ដែល​អាច​បោះទុន១០០ភាគរយ​បាន​ដោយខ្លួនឯង​ ច្បាប់​សហ​កម្ម​សិទ្ឋ​ដែល​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​អាច​ទិញ​លំនៅ​ដ្ឋាន​ពី​ជាន់ទី១ឡើង​ និង​ច្បាប់​ពន្ឋ​មិន​មាន​ភាព​ស្មុគ្រ​ស្មាញ​ និង​ការ​លើកទឹកចិត្ត​ជាច្រើន​ទៀត​ពី​រដ្ឋាភិបាល​ សុទ្ឋ​តែ​ជា​កំលាំង​ចលករ​ស្នូល​ក្នុង​ការជំរុញ​ល្បឿន​អភិវឌ្ឍន៍​របស់​ប្រទេស​នេះ​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ លោក​ឧកញ៉ា​លី​ ហួរ​ដែល​ជា​អ្នក​អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋាន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ផង​ដែរ​នោះ​ បាន​មានប្រសាសន៍​ថា​ “ប្រសិន​កម្ពុជា​នៅតែ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​ល្អ​បែបនេះ​ ខ្ញុំ​គិតថា​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ថែម​ទៀត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here