វិភាគ ៖ តៃវ៉ាន់នឹងក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ីចុងក្រោយគេបង្អស់

0

ដោយ Donald Lee
ភ្នំពេញ៖ កោះតៃវ៉ាន់ដែលជាប្រទេសចុងក្រោយបង្អស់ជា “អាស៊ីខ្លា” នៅតែកំពុងទទួលបាននូវកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ ខណៈសមភាគីរបស់ខ្លួនហុងកុង សឹង្ហបូរី និងកូរ៉េខាងត្បូងត្រូវជាប់នៅក្នុងអន្ទាក់ខ្លា។

សេដ្ឋកិច្ចតៃវ៉ាន់បានកើនឡើងជិត ៣ ភាគរយនៅក្នុងត្រីមាសទី ៣។ នេះបើយោងតាមទិន្នន័យទីភ្នាក់ងារស្ថិតិតៃវ៉ាន់ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
កោះមួយនេះមានកំណើនសេដ្ឋកិច្ចច្រើនជាងសមភាគីអាស៊ីខ្លាសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបន្តិចៗម្តង។

ក្រុមសេដ្ឋវិទូជឿជាក់ថា កំណើនសេដ្ឋកិច្ចតៃវ៉ាន់ត្រូវបានបង្កើតឡើងដោយការផលិតស្មាតហ្វូន និងអេឡិចត្រូនិចដែលមានសមត្ថភាពខ្ពស់ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងធ្វើឱ្យខ្លាអាស៊ីដែលពឹងផ្អែកលើពាណិជ្ជកម្មផ្សេងទៀតធ្លាក់ចុះ។
ហុងកុងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាផ្លូវការរួចទៅហើយ ដោយសារតែការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងបន្ត និងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។


សេដ្ឋកិច្ចហុងកុងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចជិត ១០ ឆ្នាំមកហើយ។ សេដ្ឋកិច្ចបានប្រឈមនឹងការធ្លាក់ចុះប្រចាំត្រីមាសជាប់គ្នា និងមានការធ្លាក់ចុះយ៉ាងខ្លាំង ៣,២ ភាគរយនៅក្នុងត្រីមាសទី ៣។
សេដ្ឋកិច្ចសឹង្ហបូរីខកខានមិនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដោយកើនឡើង ០,៦ ភាគរយនៅក្នុងត្រីមាសចុងក្រោយ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មសឹង្ហបូរីដែលបានចេញផ្សាយកាលពីខែមុន។
សេដ្ឋកិច្ចទីក្រុងនេះបានធ្លាក់ចុះមកត្រឹម ២,៧ ភាគរយនៅក្នុងត្រីមាសទី ២ ដោយសារជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការរំខានដល់សង្វាក់ផ្គត់ផ្គង់។ នៅក្នុងការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលក្នុងស្រុកសរុបរបស់សឹង្ហបូរីបានកើនឡើងត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះ។
អត្រាកំណើនរបស់កូរ៉េខាងត្បូងអាចនឹងបញ្ចប់នៅត្រឹម ២ ភាគរយក្នុងឆ្នាំនេះ និង ២,២ ភាគរយនៅឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ នេះការធ្លាក់ចុះ ០,៦ ភាគរយពីការប៉ាន់ស្មានពីមុន។
សេដ្ឋកិច្ចកូរ៉េខាងត្បូងបានព្យាយាមធ្វើឱ្យប្រសើរឡើងវិញចាប់តាំងពីដើមឆ្នាំនេះ។ អត្រាគ្មានការងារធ្វើបានឈានដល់កំរិតខ្ពស់ក្នុងរយៈពេល ៩ ឆ្នាំ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០០៨ ។
សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនកំពុងទាញសេដ្ឋកិច្ចក្នុងតំបន់ឱ្យធ្លាក់ចុះ
ការនាំចេញចិនទៅកាន់អាមេរិកបានធ្លាក់ចុះមកត្រឹម ៥៣ ពាន់លានដុល្លារ ហើយការនាំចេញអាមេរិកទៅកាន់ចិនបានធ្លាក់ចុះមកត្រឹម ១៤,៥ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិចេញផ្សាយនៅសប្តាហ៍នេះ។
របាយការណ៍របស់អង្គការសហប្រជាជាតិបញ្ជាក់ថា ក្នុងចំណោមការខាតបង់នាំចេញរបស់ចិនចំនួន ៣៥ ពាន់លានដុល្លារអាមេរិកនៅលើទីផ្សារអាមេរិក ប្រហែល ២១ ពាន់លានដុល្លារ (ឬ ៦៣ ភាគរយ) ត្រូវបានបង្វែរទៅប្រទេសទាំងនេះ និងប្រទេសដទៃទៀត ខណៈ១៤ ពាន់លានដុល្លារដែលនៅសេសសល់ត្រូវបានបាត់បង់ ឬចាប់យកដោយអ្នកផលិតអាមេរិក។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា រួមជាមួយតៃវ៉ាន់ អ្នកឈ្នះផ្សេងទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនរួមបញ្ចូលទាំងប្រទេសម៉ិកស៊ិក (ទទួលបាន ៣,៥ ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី ១ ឆ្នាំ ២០១៩) សហភាពអឺរ៉ុប (២,៧ ពាន់លានដុល្លារ) និងវៀតណាម (២,៦ ពាន់លានដុល្លារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here