វិភាគ៖ តើ​សង្គ្រាម​ពាណិជ្ជកម្ម​របស់ Donald Trump អាច​បញ្ចប់​មហិច្ឆតា​ចិន​ក្នុងការ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ ពិភពលោក​បានដែរ​ឬទេ

0
សង្គ្រាមពាណិជ្ជកម្ម

ដោយ Donald Lee

ប៉េកាំង៖ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុងតែ​ផ្ទុះឡើង ដែល​បណ្តាលឱ្យ​មានការ​ធ្លាក់ចុះ សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក ចិន​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ​ដែល​កំពុង​ចង្អុលបង្ហាញ​ពី​មហិច្ឆតា​រយៈពេល​វែង ជាជាង​ការទម្លាក់​ការទាមទារ​រយៈពេល​ខ្លី​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​នៅលើ​ពិភពលោក។

ទោះយ៉ាងណា​ពន្ធ​ថ្មី​អាមេរិក កំពុង​ធ្វើឱ្យ​មន្ត្រី​ចិន​មានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​លំដាប់លំដោយ​ក្នុង​របៀប​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ដោយ​មិន​ពឹង​ផ្អែកលើ​តម្រូវការ​ពាណិជ្ជកម្ម​អាមេរិក ប៉ុន្តែ​ផ្អែកលើ​សេដ្ឋកិច្ច ១៤ទ្រី​លាន​ដុល្លារ​របស់ខ្លួន ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម។

ខណៈ​មេដឹកនាំ​ចិន​លោក ស៊ី ជីន​ពីង បាន​ឡើងកាន់​អំណាច​ដាច់ខាត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា មហិច្ឆតា​របស់​ចិន​គឺ​ដើម្បី​ក្លាយជា​មហាអំណាច​លេខ១ នៅលើ​ពិភពលោក​នៅ​ឆ្នាំ ២០៥០ ហើយ​នឹងមិន​ធ្វើឱ្យមាន​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​មើលឃើញ​ខ្លី​ដើម្បី​ធ្វើឱ្យ​អាមេរិក​មាន​ភាពស្ងប់ស្ងាត់​ឡើយ។

លោក​ស៊ី បាន​ថ្លែង​ទៅកាន់​គណៈប្រតិភូ​ចំនួន ២.៣០០នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ ២០១៧ បាន​មានប្រសាសន៍ថា “ប្រទេស​យើង​កំពុង​ស្ថិតនៅ​កណ្តាល​ពិភពលោក ហើយ​ចូលរួម​វិភាគទាន​ជា​បន្តបន្ទាប់​ដល់​មនុស្ស​ជាតិ។

ខណៈ​សេដ្ឋកិច្ច​ចិន​លូតលាស់​យឺត អាជ្ញាធរ​កំពុងធ្វើការ​ផ្លាស់ប្តូរ​វា​បន្តិចម្តងៗដើម្បី​ពឹងផ្អែក​តិច​លើ​ការនាំចេញ និង​ពឹងផ្អែក​កាន់តែខ្លាំង​លើ​ការប្រើប្រាស់​ក្នុងស្រុក និង​ការច្នៃប្រឌិត​បច្ចេកវិទ្យា។ ប៉ុន្តែ​ការដំឡើង​ពន្ធ និង​ការគំរាមកំហែង​របស់​លោក Trump កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការបង្អាក់​ផែនការ​ឆ្នាំ ២០៥០ របស់លោក​ស៊ី។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ ថា ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​មិន​ត្រូវបាន​ធ្វើឡើង​ក្នុងពេលឆាប់ៗនេះ សេដ្ឋកិច្ច​ចិន​នឹង​ខូចខាត​ក្នុង​រយៈពេល​វែង​ដែល​អាច​បង្អាក់​ផែនការ​ដ៏​យូរលង់​ប្រកបដោយ​មហិច្ឆតា​របស់​លោក ស៊ី។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឲ្យ​ដឹង​ទៀតថា “ការចូល​ទៅកាន់​ទីផ្សារ និង​បច្ចេកវិទ្យា​បរទេស​របស់​ចិន​អាច​នឹងត្រូវ​កាត់បន្ថយ​យ៉ាងខ្លាំង។

ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ជាច្រើន​ជឿជាក់ថា ចិន​នឹងមិន​ប្រកាន់ខ្ជាប់​នូវ​ការទាមទារ​ណាមួយ​រប​ស់​អាមេរិក​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នោះទេ ហើយ​ថា សេដ្ឋកិច្ច​អាចមាន​លទ្ធភាព​ខ្ពស់ជាង​យុទ្ធសាស្ត្រ​សម្ពាធ​ខ្ពស់​របស់​អាមេរិក។

លោក Jeff Moon អតីត​ជំនួយការ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ទទួលបន្ទុក​កិច្ចការ​ប្រទេស​ចិន បាន​មានប្រសាសន៍ថា “សញ្ញា​នៃ​ភាពទន់ខ្សោយ​ណាមួយ​មិនអាច​ទទួលយក​បានទេ​ចំពោះ​មេដឹកនាំ​ចិន។

ក្នុងការ​សងសឹក​ចំពោះ​ពន្ធ​របស់លោក Trump និង​ការដាក់​ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗរបស់​ចិន​អ្នកវិភាគ​ជាច្រើន​ជឿជាក់ថា ប្រទេស​ចិន​បានធ្វើឱ្យ​រូបិយប័ណ្ណ​របស់ខ្លួន​ចុះខ្សោយ​នៅ​ខែ​នេះ។

ក្រុម​អ្នកជំនាញ​បង្ហាញថា ការទម្លាក់​ថ្លៃ​ប្រាក់​យន់​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទូទាត់​ការកើនឡើង​តម្លៃ​នាំចេញ ដោយសារតែ​ការដំឡើង​ពន្ធ​របស់លោក Trump។

ចិន​ដែល​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ នៅលើ​ពិភពលោក​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចេញ។ នៅពេលដែល​ធនាគារកណ្តាល​ចិន​ទម្លាក់​តម្លៃ​ប្រាក់​យ័ន​ធៀប​នឹង​ប្រាក់​ដុល្លារ ហើយ​បាន​បន្ទាប​តម្លៃ​ការនាំចេញ​របស់ខ្លួន។

លើសពីនេះ​ទៀត នៅពេលដែល​ប្រាក់​យ័ន​ចុះខ្សោយ អ្នកទិញ​ក្នុងស្រុក​ចិន​ចំណាយ​កាន់តែច្រើន​សម្រាប់​ការនាំ​ចូល។

នេះ​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​ដើម្បី​ជំនួស​ការនាំ​ចូល​ដែលមាន​តំលៃ​ថ្លៃ​ជាមួយ​ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​ចិន​ដែល​នឹងត្រូវ​លក់​ក្នុងតម្លៃ​ទាប​ពោលគឺ​ជំរុញ និង​បង្កើត​ទីផ្សារ​ថ្មី​សម្រាប់​ផលិតកម្ម និង​តម្រូវការ​ក្នុងស្រុក។

ថ្មីៗនេះ​សារព័ត៌មាន​ចិន​ជាច្រើន​បាន​ចុះផ្សាយ​របាយការណ៍​ជាតិនិយម និង​អត្ថាធិប្បាយ​ដើម្បី​ជំរុញឱ្យមាន​ភាពជឿជាក់​លើ​ខ្លួនឯង​លើ​ប្រជាជន​ចិន​នៅ​ចំពោះមុខ​ការគំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក។

អ្នកវិភាគ​ភាគច្រើន​យល់ស្រប​ថា សេដ្ឋកិច្ច​ចិន​កំពុង​ឈានទៅរក​ការពិបាក ហើយនឹង​ត្រូវការ​អន្តរាគមន៍​គោលនយោបាយ​រូបិយវត្ថុសំខាន់ៗដើម្បី​ការពារ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​ពី​ការធ្លាក់​ចុះក្រោម ៦ ភាគរយ។

សេដ្ឋវិទូ​នៅ​ជុំវិញ​ពិភពលោក​ជឿជាក់ថា ធនាគារកណ្តាល​ចិន​នឹង​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៅ​ឆមាស​ទី ២ នៃ​ឆ្នាំ ២០១៩ ។

ក្នុងពេល​ជាមួយគ្នានេះ អាជ្ញាធរ​ចិន​កំពុង​ប្រើប្រាស់​ឧស្សាហកម្ម​បច្ចេកវិទ្យា​របស់ខ្លួន​ជាមួយនឹង​ការវិនិយោគ និង​ការលើកទឹកចិត្ត​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ជំរុញ​ឧស្សាហកម្ម​សិប្បនិម្មិត និង​យានយន្ត​អគ្គិសនី​មុនពេល​គូប្រជែង​នៅ​ជុំវិញ​ពិភពលោក។

ប៉ុន្តែ​ការដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ក្រុមហ៊ុន Huawei ដោយ​រដ្ឋាភិបាល​អាមេរិក​នឹង​ពន្យា​ពេល​ការកាន់កាប់​បច្ចេកវិទ្យា​របស់​ចិន ខណៈ​បច្ចេកវិទ្យា​ផលិត​បន្ទះ​ឈី​ប​កុំ​ព្យួ​ទ័​រ​របស់ខ្លួន​មិនទាន់​អាច​ចម្លងការ​រចនា​បន្ទះ​ឈី​ប​បែប​ទំនើប​របស់​អាមេរិក​បាន​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here