សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន ដាក់បន្ទុក​កាន់តែខ្លាំង​ទៅលើ​ការវិនិយោគ​អចលនទ្រព្យ​នៅ​អាស៊ី

0
សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន
សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន

ដោយ វុត្ថា

ភ្នំពេញ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន ​កំពុងតែ​ដាក់បន្ទុក​ទៅលើ​មូលធន​អចលនទ្រព្យ ដែល​ហូរ​ចូល​និង​ក្រៅ​តំបន់​អាស៊ី និង​ធ្វើឱ្យ​ទំនុកចិត្ត​លើ​ការវិនិយោគ​ធ្លាក់ចុះ​នៅ​ទូទាំង​ទីផ្សារ​ជួល​ការិយាល័យ​នៅ​ហុងកុង និង​ចិន។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន

ក្រុមហ៊ុន Colliers បានចេញ​របាយការណ៍​របស់ខ្លួន​កាលពីពេល​ថ្មី​នេះ​ថា ការវិនិយោគ​ពី​តំបន់​អាស៊ី​ទៅ​ពិភពលោក និង​ពិភពលោក​ទៅកាន់​តំបន់​អាស៊ី នឹង​បន្ត​ធ្លាក់ចុះ​នៅ​ចុងឆ្នាំ ២០១៩ នេះ បន្ទាប់ពី​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ពាក់កណ្តាល​ឆ្នាំនេះ។

របាយការណ៍​របស់​ក្រុមហ៊ុន Colliers បន្តថា សង្គ្រាម​ពាណិជ្ជ​កម្មនេះ​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ការនាំចេញ​របស់​អាមេរិក​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន ១២០ពាន់​លាន​ដុល្លារ និង​ការនាំចេញ​របស់​ប្រទេស​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​ចំនួន ៤៨១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

នាពេល​បច្ចុប្បន្ននេះ​ការអនុវត្ត​ពន្ធ ២៥ ភាគរយ​ចំពោះ​ការនាំ​ចូល​របស់​ចិន​មាន​ទឹកប្រាក់​ចំនួន ២៥០ ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​សហរ​ដ្ឋ​អាមេរិក​បាន​អនុវត្ត​ពន្ធ ១០ ភាគរយ​បន្ថែមទៀត​លើ​រាល់​ការនាំ​ចូល​របស់​ចិន​ដែលមាន​តម្លៃ​ជិត ៣០០ ពាន់​លាន​ដុល្លារ​ចាប់ពី​ខែកញ្ញា​ឆ្នាំនេះ។

លោក Andrew Haskins នាយក​ប្រតិបត្តិ​នៃ​ការស្រាវជ្រាវ​នៅ​អាស៊ី​របស់​ក្រុមហ៊ុន Colliers បានឱ្យដឹងថា ទោះបីជា​មានការ​ចាប់អារម្មណ៍​លើ​ការវិនិយោគ​ពី​ប្រទេស​សិង្ហ​បុរី និង​កូរ៉េខាងត្បូង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​សកល​ក៏ដោយ ភាព​តានតឹង​ពាណិជ្ជកម្ម​ហាក់ដូច​ជាមាន​ទំងន់​ធ្ងន់​ចំពោះ​លំហូរ​មូលធន​ទៅកាន់​តំបន់​នៅ​អាស៊ី និង​ពិភពលោក។

លោក Sam Harvey-Jones នាយក​គ្រប់គ្រង​សេវាកម្ម​នៅ​អាស៊ី​របស់​ក្រុមហ៊ុន Colliers ក៏បាន​ឱ្យដឹង​ដែរ​ថា​សម្រាប់​ទីផ្សារ​ជួល​នៅ​តំបន់​អាស៊ី​ក៏មាន​ការធ្លាក់ចុះ​នូវ​ទំនុកចិត្ត​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ប្រទេស​ចិន ទោះបីជា​មានការ​រំពឹង​ទុក​យូរអង្វែង​ក៏ដោយ។

ទីផ្សារ​ការិយាល័យ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ប៉េកាំង​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការពន្យារពេល​តម្រូវកា​រ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការផ្គត់ផ្គង់ថ្មី។ ក្រុមហ៊ុន Colliers រំពឹងថា ហិរញ្ញវត្ថុ​សេវាកម្ម​ជំនាញ និង​ក្រុម​បច្ចេកវិទ្យា​នឹង​ពិចារណា​ពង្រីក​ទៅ​សិង្ហ​បុរី ដើម្បី​កាត់បន្ថយ​ហានិភ័យ ខណៈពេលដែល​អ្នកជំនួញ និង​ផលិតកម្ម​អាច​ពង្រីក​ទៅ​ឥណ្ឌា​ឬ​ទៅ​តំបន់​អាស៊ីអាគ្នេយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here