សម្តេច​តេជោ​៖ រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​បញ្ហា​ធំៗ​ចំនួន៤​ ដែល​ត្រូវ​ដោះស្រាយ​

0
សម្តេច​តេជោ​៖ រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​បញ្ហា​ធំៗ​ចំនួន៤​ ដែល​ត្រូវ​ដោះស្រាយ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ថា​ រាជធានី​ភ្នំពេញ​នៅពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​ប្រឈម​ជាមួយនឹង​បញ្ហា​ធំៗ​ចំនួន៤​ ដែល​ត្រូវតែ​ព្យាយាម​ដោះស្រាយ​ជាចាំបាច់​ ក្នុង​នោះ​រួមមាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ បញ្ហា​សំរាម​ ភាព​កង្វះ​ចំណត​យានយន្ត​ និង​បញ្ហា​ប្រពន្ធ​រំដោះ​ទឹក​កខ្វក់​។

ការ​លើកឡើង​របស់​សម្ដេច​តេជោ​ ដែល​បង្ហាញ​ពី​បញ្ហា​កំពុង​ប្រឈម​សំ​ខាន់​ៗនៅក្នុង​រាជធានី​ភ្នំពេញ​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី៣ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ បណ្តា​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ ដែល​ដឹកនាំ​ដោយ​លោក​ គ្រី​ស្យង់​ រ៉ូហ្សេ​ អូ​គេ​មបា​ (Christiant​ Roger​ Okemba​) អភិបាល​ក្រុង​ប្រា​ហ្សា​វិល​ នៃ​ប្រទេស​កុងហ្គោ​ ​;និង​ជា​អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ចូល​សម្ដែង​ការគួរសម​។

លោ​កអ៊ា​ង សុ​ផល្លែ​ត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ បានឱ្យ​ដឹង​ថា​ នៅក្នុង​ជំនួប​នា​ព្រឹកមិញ​នេះ​ សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា​ រាជធានី​ភ្នំពេញ​បាន​កសាង​ឡើង​ក្នុង​សម័យ​អាណានិគម​បារាំង​ ហើយក៏​បាន​កសាង​ឡើង​ថែមទៀត​ ក្រោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​របស់​សម្តេច​ ព្រះ​បរម​រតន​កោដ្ឋ​ នរោត្តម​ សីហនុ​។ ប៉ុន្តែ​រាជធានី​ភ្នំពេញ​បាន​រង​នូវ​ភាព​ខ្ទេចខ្ទាំ​ និង​បំផ្លាញ​ខ្ទេចខ្ទី​ ដោយ​របប​ប្រល័យ​ពូជសាសន៍​ប៉ុ​លព​ត។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​លើកឡើង​ទៀត​ថា​ ការ​អភិវឌ្ឍ​ និង​វិវឌ្ឍ​របស់​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ធ្វើឲ្យ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ដែល​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​។ រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ ប្រឈម​នឹង​បញ្ហា​ចរាចរណ៍​ និង​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​នាំទៅ​ដល់​ការ​ស្លាប់​ប្រជាជន​ច្រើន​ ហើយ​ការ​ធ្វើដំណើរ​មានការ​យឺតយ៉ាវ​ផង​ដែរ​។ កង្វះ​ចំណតរថយន្ត​សាធារណៈ​ ក៏​ជា​បញ្ហា​ប្រឈម​របស់​រាជធានី​ភ្នំពេញ​ផង​ដែរ​ ដែល​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ ទៅលើ​ការបង្កើត​ចំណតរថយន្ត​ នៅ​ក្រោម​សួនច្បារ​នានា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

សម្ដេច​បាន​មានប្រសាសន៍​ទៀត​ថា​ ក្រៅពី​បញ្ហា​ចរាចរណ៍​ និង​ចំណតរថយន្ត​ហើយ​នោះ​ បញ្ហា​សំរាម​ និង​ទឹក​កខ្វក់​ ក៏​ជា​បញ្ហា​ប្រឈម​របស់​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។ រាជធានី​ភ្នំពេញ​ មាន​សំរាម​ប្រមាណ៣ពាន់​តោន​ក្នុង​មួយថ្ងៃ​ ហើយ​បើ​ប្រមូល​មិនទាន់​ទេ​ សំរាម​នឹង​ពូន​ឡើង​ ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​សោភណភាព​ផង​ និង​អនាម័យ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

​ពាក់ព័ន្ធ​បញ្ហា​សំរាម​នេះ​ សម្ដេច​តេជោ​ បាន​បាន​ថ្លែង​ថា​ សម្តេច​បាន​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​វិ​ស័យ​ផ្សេង​ៗ ក៏ដូចជា​វិស័យ​ឯកជន​ដែរ​ ដើម្បី​ធ្វើ​យ៉ាងណា​ កែប្រែ​សំរាម​នេះ​ ឱ្យទៅ​ជា​ថាមពល​អគ្គិសនី​ យក​មក​ប្រើប្រាស់​ឡើងវិញ​។

ដោយឡែក​បញ្ហា​សំណល់រាវ​វិញ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​លើកឡើង​ថា​ រាជធានី​ភ្នំពេញ​ គឺជា​រាជធានី​មួយ​ដែល​មាន​កំពស់​ទាប​ ហើយពី​ដើមឡើយ​សុទ្ធសឹងតែ​បឹង​បួរ​ ដូច្នេះ​ការ​បង្ហូរ​សំណល់រាវ​ទៅ​ទន្លេ​ ទៅ​បឹង​បួរ​នោះ​ ពុំ​ទាន់​មានការ​ធ្វើ​អាង​ប្រព្រឹត្តិ​កម្ម​ ឬក៏​អាង​ចម្រោះ​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​នោះ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here