សម្តេច​តេជោ​៖ លុយ​បាន​មក​ពី​ប្រេង​នឹង​ប្រើប្រាស់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានឱ្យ​ដឹង​ថា​ លុយ​ដែល​ប្រមូល​បាន​ពី​ការ​លក់​ប្រេង​របស់​កម្ពុជា​ នឹង​យក​ទៅ​ចំណាយ​លើ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចន​សម្ព័ន្ធជាតិ​ មិនមែន​យក​មក​ប្រើ​ក្នុង​ចំណាយ​ចរន្ត​ឡើយ​។នេះ​ បើ​តាម​ការ​លើកឡើង​របស់​លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​។

លោក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​កនៅ​ថ្ងៃនេះ​ថា​ ​“នៅពេល​ដែល​យើង​មាន​ប្រេង​ លុយ​ដែល​បាន​ពី​ប្រេង​នេះ​ នឹង​មិន​យក​មក​ប្រើ​ក្នុង​ចំណាយ​ចរន្ត​ឡើយ​ តែ​គឺ​សំរាប់​ហេដ្ឋារចនាសម្ព័ន្ធ​បំរើ​អភិវឌ្ឍន៍​ជាតិ​។ សម្តេច​ហ៊ុន​សែន​ថ្លែង​ក្នុង​សម័យប្រជុំ​គណ​រដ្ឋមន្ត្រី​ថ្ងៃ​ ទី១១​ កញ្ញា​ ២០១៩​”។

កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ច្បាប់​ប្រេងកាត​កម្ពុជា​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ចូលរួម​វិនិយោគ​លើ​វិស័យ​ប្រេងកាត​ នៅក្នុង​ប្រទេស​ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​ និង​ប្រសិទ្ធភាព​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​។

រដ្ឋ​មន្រ្ដី​ក្រសួង​រ៉ែ​ និង​ថាមពល​ លោ​កស៊ុយ​ សែម​ ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​នេះ​ថា​ កម្ពុជា​នឹង​មាន​តំណក់​ប្រេង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ នៅពេល​ខាងមុខនេះ​ ខណៈ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ប្លុក​ប្រេងកាត​ ដែល​អាច​បូម​ខូង​ចំនួន២៥កន្លែងនៅ​ទូទាំង​ប្រទេស​ រាប់ទាំង​ដែនសមុទ្រ​និង​ដែន​គោក​។

លោក​ថា​ “ការ​គូស​ប្រេងកាត​នេះ​ ផ្អែក​ទាំងស្រុក​លើ​លក្ខ​ខណៈ​ ភូគព្ភសាស្ត្រ​ ទាំង​ដែន​គោក​ និង​ដែន​ដែនសមុទ្រ​ ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ប្លុក​ប្រេងកាត​ចំនួន២៥​ ក្នុង​នោះ​ដែនសមុទ្រ៦ប្លុក​ ដែន​គោក១៩ប្លុក​ និង៤តំបន់​នៅ​ដែនសមុទ្រ​ ត្រួត​គ្នា​រវាង​កម្ពុជា​-ថៃ​”។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្មី​ៗនេះ​ បាន​យល់ព្រម​លើ​សំណើ​របស់​ក្រុមហ៊ុន​ Angkor​ Gold​ Corp​ សម្រាប់​ការ​អភិវឌ្ឍ​ប្លុក​ប្រេង​ទី៨​ (Block​ VIII​) តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ EnerCam​ Resources​ Co​. Ltd​។ ជាមួយនឹង​ការយល់ព្រម​នេះ​ក្រុមហ៊ុន​ Angkor​កំពុង​បន្ត​ការ​ចរ​ចារកិច្ច​ព្រមព្រៀង​ស្តី​ពី​ ការចែក​រំលែក​ផលិតកម្ម​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​នេះ​។ ការ​អនុម័ត​នេះ​ក៏​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បន្ត​ការរុករក​ប្រេង​ និង​ឧស្ម័ន​នៅ​ប្លុក​ទី៨​៕

LEAVE A REPLY

Please enter your comment!
Please enter your name here