សម្តេច​តេជោ​ នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤​ នៅ​ចុង​សប្តាហ៍​នេះ

0

​ដោយ​ វុត្ថា

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ ចាប់ពី​ថ្ងៃទី​ ២២​ ដល់​ ២៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ នៅ​ទីក្រុង​បា​កក​ ប្រទេស​ថៃ​ តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ច័ន្ធអូ​ចា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៩​ ខែមិថុនា​ ឆ្នាំ​ ​២០១៩​ នេះ​ បាន​ឲ្យដឹង​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤​ នេះ​ ក្រោម​មូលបទ​ “ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​” នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ដល់​ការ​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ និង​ពង្រឹង​កុងសង់ស៊ីស​ ក្នុងចំណោម​សមាជិក​អាស៊ាន​ ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មី​ៗ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​ កិច្ចប្រជុំ​កំពូល​ក៏​នឹង​រិះរក​មធ្យោបាយ​នានា​ក្នុង​ការ​ធ្វើ​ឱ្យ​អាស៊ាន​ឈាន​ទៅកាន់​កម្រិតខ្ពស់​ថែមទៀត​ ប្រកបដោយ​ចីរភាព​ និង​មានការ​តភ្ជាប់​ដោយ​រលូន​។

ស្រប​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ នេះ​ សម្តេ​តេជោ​ ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ និង​កម្មវិធី​មួយចំនួន​ដូចជា​ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​អាស៊ាន​ ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​អាស៊ាន​ជាមួយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន​ និង​កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​អាស៊ាន​ជាមួយ​តំណាង​យុវជន​អាំ​ស៊ាន​។

ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៤​ នេះ​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នឹង​ចូលរួម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ កិច្ចប្រជុំ​លើក​ទី១៩​ របស់​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-សន្តិសុខ​អាស៊ាន​ និង​កិច្ចប្រជុំ​លើក​ទី២៣​ របស់​ក្រុម​ប្រឹ​ក្សា​សម្រប់​សម្រួល​អាស៊ាន​ ដែល​កិច្ចប្រជុំ​ទាំងនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី​ ២១​-២២​ ខែមិថុនា​ ឆ្នាំ​ ២០១៩​។

មានការ​រំពឹង​ទុក​ថា​ លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤​ នេះ​ នឹង​ឆ្លុះបញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការជំរុញ​ដំណើរការ​កសាង​សហគមន៍​ និង​លើកកម្ពស់​ភាពជា​ដៃគូ​របស់​អាស៊ាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៅក្នុងចំណោម​បញ្ហា​ផ្សេង​ៗទៀត​ ដើម្បី​សម្របសម្រួល​ឱ្យ​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​ យូរអង្វែង​ក្នុង​តំបន់​ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here