សម្តេច​តេជោ​ នឹង​អញ្ជើញ​ចូលរួម​ប្រារព្ធ​ខួប​ ៤០ឆ្នាំ​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​នៅ​ថ្ងៃស្អែក​នេះ​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៤០​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ឡើងវិញ​ (១០​ តុលា​ ១៩៧៩​-១០​ តុលា​ ២០១៩​) នៅ​ព្រឹក​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩​ ស្អែកនេះ​ ។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ធនាគារជាតិនៃកម្ពុជា​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ៩ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ សមាជិកា​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​រាជរាជ​រដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ អង្គទូត​ តំណាង​អង្គការ​ជាតិ​ និង​អន្តរជាតិ​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ធនាគារជាតិនៃកម្ពុជា​សរុប​ប្រមាណ​ ៦០០នាក់​។

ធនាគារជាតិនៃកម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើងវិញ​ នៅ​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ១៩៧៩​ ក្រោយ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ត្រូវ​បាន​វាយ​ផ្តួល​រំលំ​។ ក្រោយពេល​បង្កើត​ឡើងវិញ​ ធនាគារជាតិនៃកម្ពុជា​ ត្រូវ​បាន​ស្តារ​ចេញពី​ចំណុចសូន្យ​ និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន​ដោយ​ជោគជ័យ​ ហើយ​មកទល់​បច្ចុប្បន្ន​ធនាគារជាតិនៃកម្ពុជា​ បាន​ពង្រឹង​ខ្លួន​ជាលំដាប់​ ជាមួយនឹង​សាខា​រាជធានី​-ខេត្ត​ចំនួន១៩​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​ និង​ធានា​គារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទំនុកចិត្ត​។

ទន្ទឹម​នេះ​វិស័យ​ធនាគារ​បាន​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​ក្នុងរយៈពេល​ ២ទសវត្សរ៍​ចុងក្រោយ​នេះ​ និង​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​។ ការ​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ ជាពិសេស​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ ក៏​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ជាប្រចាំ​ ដើម្បី​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​ការ​ ពង្រឹង​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​ការ​ទូទាត់​។

ធនាគារជាតិនៃកម្ពុជា​ គឺជា​ធនាគារ​កណ្តាល​របស់​ប្រទេស​កម្ពុជា​ និង​ជា​អាជ្ញាធរ​រូបិយវត្ថុ​ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។ បេសកកម្ម​ចម្បង​របស់​ធនាគារជាតិនៃកម្ពុជា​ គឺ​កំណត់​ និង​ដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ​ ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ​ សំដៅ​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ដោយ​ពិគ្រោះ​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ក្របខ័ណ្ឌ​ នយោបាយសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here