សម្តេច​តេ​ជោ៖ ការពង្រីក​ផ្លូវជាតិ​លេខ៣ នឹង​ទាក់ទាញ​អ្នកវិនិយោគផ្សេងៗកាន់តែច្រើន

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា ការពង្រីក​ផ្លូវជាតិ​លេខ៣ នឹង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ខណៈ​ការសាងសង់​ពង្រីក​ផ្លូវ​នេះ​បាននិងកំពុង​ធ្វើឡើង​យ៉ាងសកម្ម។

ក្នុង​ឳ​កាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​នៅក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី៩ មករា​នេះ​ថា បច្ចុប្បន្ន​ផ្លូវជាតិ​លេខ៣នេះ បាន​នឹង​កំពុង​ពង្រីក​ទៅជា៤គន្លង ដែល​នៅពេល​ខាងមុខនេះ នឹងដាក់​ឲ្យ​ដំណើរការ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ និង​អាជីវករ ហើយក៏​នឹង​កាន់តែ​ទាក់ទាញ​នូវ​វិនិយោគផ្សេងៗជាច្រើន​បន្ថែមទៀត​ពី​បរទេស។សម្តេច​បន្តថា ការរីកចម្រើន​ទាំងអស់នេះ​គឺ​កើតឡើង​បាន​ក្រោយ ពី​យើង​បានដាក់​ចេញ​នូវ​គោលនយោបាយ ឈ្នះ ឈ្នះ ដែល​ក្នុង​រយៈពេល២០ ឆ្នាំ​កន្លងមកនេះ បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​មានឱកាស​គ្រប់គ្រាន់ ក្នុង​ការកសាង​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន​របស់​ជាតិ។

ជាមួយនឹង​ការលើកឡើង​នូវ​សក្តានុពល​ខេត្តតាកែវ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ហៅ​តំបន់​រោងចក្រ​ក្នុង​ខេត្តតាកែវ​នេះ​ថា​ជា “បុប្ផា​លាក់ខ្លួនព្រោះ​នៅក្នុង​តំបន់​រោងចក្រ​នេះ មាន​ផលិត​នូវ​ផលិតផល​ដែលជា​តម្រូវការ នៅលើ​ពិភពលោក​ផងដែរ​ដូចជា ម៉ូ​ទ័​រ និង​បង្គុំ​ទូរស័ព្ទដៃ​ជាដើម។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​បញ្ជាក់ថា ខេត្តតាកែវ​នេះ ក៏​ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្លាំង ជាពិសេស​មាន​រោងចក្រ សហគ្រាស រីកចម្រើន​កើតមានឡើង​បន្តបន្ទាប់​ជាច្រើន ដែល​កំពុង​ជំរុញ​វិស័យ​ឧស្សាហកម្ម និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន។

ផ្លូវជាតិ​លេខ៣ ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត ដែលមាន​ប្រវែង១៤៨គីឡូម៉ែត្រ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ និងខេត្តកំពត។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​វ៉ា​ស៊ីម សូរិយា​ធ្លាប់បាន​មានប្រសាសន៍ថា ផ្លូវជាតិ​សំខាន់​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​រួចហើយ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខនេះ។ ផ្លូវ​នេះ​នឹងត្រូវ​ពង្រីក​ជា៤គន្លង​រថយន្ត និង​មាន​សួនច្បារ​ចំ​កណ្តាល ប៉ុន្តែ​ទំហំ​ផ្លូវ៤គន្លង​នេះ​នឹង​សាងសង់​ចាប់ពី​រាជធានី​ភ្នំពេញ ទៅ​តំបន់​បាយ​គូស ដែលជា​ចំណុច​ផ្លូវបំបែក​រវាង​ខេត្តកំពត និង​ខេត្ត​កែប​ប៉ុណ្ណោះ។លោក​បន្តថា ចាប់ពី​តំបន់​បាយ​គូស​ទៅដល់​ក្រុង​កំពត ផ្លូវ​នេះ​នឹង​ពង្រីក​ទំហំ​ពី៩ម៉ែត្រ​ទៅ១១ម៉ែត្រ​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here