សម្តេច​តេ​ជោ​បង្ហាញ​សក្តានុពល​វិនិយោគ​ចំនួន៦ចំណុច​សម្រាប់​ទាក់ទាញការវិនិយោគ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុន សែន​បានបង្ហាញ​នូវ​កាលានុវត្តន៍​ភាព និង​បទដ្ឋាន​គតិយុត្តិ​ចំនួន៦ដែល​ផ្តល់​គុណសម្បត្តិ​ដល់​អ្នកវិនិយោគ មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។

ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កាលពី​រាត្រី​ថ្ងៃទី៦ ធ្នូ កន្លងមក ក្នុង​កំឡុង​ដំណ​រើ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​វៀតណាម រយៈ​ព​លេ​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី៧ ដល់៨ធ្នូ​កន្លងមកនេះ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​វៀតណាម មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត។ ជាមួយគ្នានេះ​សម្តេច​បាន​ជម្រាបជូន​ធុរជន និង​អ្នកវិនិយោគ​ទាំងអស់​អំពី​សក្ដានុពល​វិនិយោគ និង​ឧត្តមភាពសំខាន់ៗរបស់​កម្ពុជា រួមមាន ទី១ ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច។ ទី២ កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា “រោងចក្រ​នៃ​អាស៊ី” ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ ដែលជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច និង​ការតភ្ជាប់​ខ្ពស់​ជាងគេ។

ទី៣ កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​ត្រឹម៣៥ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ៧២ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ការកើនឡើង នៃ​ចំនួន​ប្រជាជន​ដែលមាន​ចំណូល​មធ្យម និង​ជាវ​ណ្ណៈ​កណ្តាល​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​ក​ម្ពុ​ជា។ ទី៤ កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​នោះទេ។

ទី៥ ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្គត់ផ្គង់​សម្រាប់តែ​ទីផ្សារ​នៅ​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង១៥លាន​នាក់​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ ដែលមាន​អតិថិជន​ប្រមាណ២៥០លាន​នាក់។ ទីផ្សារ​អាស៊ាន​ដែលមាន​អតិថិជន​ប្រមាណ៦៣០លាន​នាក់, និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ដែលមាន​អតិថិជន​ប្រមាណ៣០០០លាន​នាក់ ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក។

Advertisement

និង​ទី៦ កម្ពុជា និង​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជៀង​វាស​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល នៅ​ថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅ​ទីក្រុង​ហាណូយ ។

សម្តេច​តេ​ជោ​នៅតែ​បន្ត​អំពាវនាវ ដល់​អ្នកវិនិយោគ​វៀតណាម ដែល​មិនទាន់​បានមក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា។

ជាមួយគ្នានេះ សម្តេច​ក៏​សូម​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប នូវ​បរិស្ថាន​ប្រកបដោយ​ភាពអំណោយ​ផល ជាពិសេស គឺ​សន្តិ-ភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here