សេដ្ឋកិច្ច​ហ្វីលីពីន​ងើបឡើង​វិញ​បន្ទាប់ពី​ស្ថិត​ក្នុង​សភាព​ទ្រឹង​

0

ដោយ​ Donald​ Lee​

ហ្វីលីពីនៈ​ ​សេដ្ឋកិច្ច​ហ្វីលីពីន​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ និង​កំ​ពុង​ឈេ​ជា​ប្រទេស​មួយ​ ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​នៅ​អាស៊ី​។

ទិន្នន័យ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ស្ថិតិ​ហ្វីលីពីន​ (PSA​) បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​បាន​កើនឡើង ៦.២ភាគរយ​ នៅក្នុង​ត្រីមាស​ទី៣ឆ្នាំនេះ​ ហើយ​ទំនងជា​នឹង​ឈាន​ដល់​កំណើន​ចន្លោះ​ពី៦​ ទៅ៧ភាគរយ​សម្រាប់​ឆ្នាំនេះ​។

នេះ​មានន័យថា​ សេដ្ឋកិច្ច​ហ្វីលីពីន​ នឹង​ត្រូវ​កើនឡើង​យ៉ាងហោចណាស់៦​,៧ភាគរយ​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំនេះ​ ដើម្បី​ឆ្លើយតប​នឹង​គោលដៅ៦​,៧ និង៧ភាគរយ​សម្រាប់​ឆ្នាំ២០១៩​ ជា​បញ្ហា​ប្រឈម​ ដែល​ប្រទេស​នេះ​កំពុង​យកចិត្ត​ទុកដាក់​។

​រដ្ឋលេខាធិការ​ផែនការ​សេដ្ឋកិច្ច​ សង្គម​ លោក​ Ernesto​ Pernia​ បាន​មានប្រសាសន៍​ថា​ សេដ្ឋកិច្ច​ហ្វីលីពីន​ មើលទៅ​កំពុង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​ ចាប់តាំងពី​ដើមឆ្នាំ​មក​ ប៉ុន្តែ​ស្ថានភាព​បាន​ចាប់ផ្តើម​ប្រសើរ​ជាង​មុន​នៅ​ត្រីមាស​ចុងក្រោយ​នេះ​។

យោង​តាម​ទិន្នន័យ​ ដែល​បាន​ចេញផ្សាយ​ដោយ​ធនាគារ​កណ្តាល​ហ្វីលីពីន​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​នៅ​ទ្រឹង​អត្រាកំណើន​នៅ​ត្រីមាស​ទី២​ ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ២០១៥​ ។ អត្រាកំណើន​នៅក្នុង​ត្រីមាស​ទី២​ មាន​ចំនួន៥​,៥ភាគរយ​ ដែល​ជា​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ពី​ការព្យាករណ៍​ ដែល​ប៉ាន់ស្មាន​ថា​មាន​អត្រា​ជិត៦ភាគរយ​។ ហើយ​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ បើ​ប្រៀបធៀប​ទៅ​នឹង​អត្រាកំណើន៦.២ភាគរយ​ រវាង​ខែមេសា​ និង​មិថុនា​ឆ្នាំមុន​។

អាជ្ញាធរ​ហ្វីលីពីន​បានឱ្យ​ដឹង​ថា​ “ក្នុងចំណោម​វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗ សេវាកម្ម​បាន​បង្ហាញ​ ពី​កំណើន​លឿន​បំផុត​ជាមួយ ៦​,៩ ភាគរយ​ ឧស្សាហកម្ម​បាន​កើនឡើង៥​,៦ ភាគរយ​ កសិកម្ម​ ការ​ប្រមាញ់​ ព្រៃឈើ​ និង​នេសាទ​បាន​កើនឡើង​ ៣,១ ភាគរយ​”។

អាជ្ញាធរ​ហ្វីលីពីន​បាន​បន្ថែម​ថា​ “ជាមួយនឹង​ចំនួន​ប្រជាជន​ ដែល​បាន​ព្យាករ​នៅក្នុង​ប្រទេស​ឈាន​ដល់១០៨​,៣ លាន​នាក់​នៅក្នុង​ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ ផលិតផល​ក្នុង​ស្រុក​សរុប​ សម្រាប់​មនុស្សម្នាក់​បាន​កើនឡើង៤.៥ភាគរយ​”។

ធនាគារ​កណ្តាល​ហ្វីលីពីន​ និង​ធនាគារ​កណ្តាល​នៅ​ទូទាំង​ទ្វីបអាស៊ី​ បាន​កាត់បន្ថយ​អត្រា​ការប្រាក់​នៅ​ឆ្នាំនេះ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ធ្លាក់ចុះ​របស់​ពួកគេ​។

ឥណ្ឌូ​នេ​ស៊ី​ ថៃ​ កូរ៉េ​ខាងត្បូង​ ម៉ាឡេស៊ី​ នូវែ​លសេ​ឡង់​ និង​ឥណ្ឌា​ បាន​កាត់បន្ថយ​អត្រា​ការប្រាក់​រួចហើយ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​ ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

តាមរយៈ​ការ​ទម្លាក់​អត្រា​ការប្រាក់​ ធនាគារ​កណ្តាល​គ្រោង​នឹង​ជំរុញ​ ធនាគារពាណិជ្ជ​កម្ម​នៅក្នុង​ប្រទេស​របស់​ខ្លួ​នឱ្យ​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ទាប​ និង​ជំរុញ​ឱ្យ​ខ្ចី​កាន់តែ​ច្រើន​ ដើម្បី​បង្កើន​ចរាចរ​ប្រាក់​នៅក្នុង​សេដ្ឋកិច្ច​៕

LEAVE A REPLY

Please enter your comment!
Please enter your name here