សេវាបដិសណ្ឋារកិច្ចជាតម្រូវការជាចាំបាច់ដើម្បីឆ្លើយតបកំណើនភ្ញៀវទេសចរ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ពិតណាស់សេវាបដិសណ្ឋារកិច្ច ជាតម្រូវការចាំបាច់សម្រាប់វិស័យទេសចរណ៍ ក៏ដូចជាធុរកិច្ចនៅកម្ពុជា ពិសេសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិ ដើម្បីទាក់ទាញពួកគេមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍លោកហោ សារុនបានថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពីបដិសណ្ឋារកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរនាព្រឹកថ្ងៃទី១២ខែមីនានេះថា រាល់មន្រ្តីសមត្ថកិច្ច និងអ្នកផ្ដល់សេវាកម្មទាំងអស់ត្រូវតែផ្ដល់បដិសណ្ឋារកិច្ចមួយយ៉ាងប្រសើរ ដើម្បីផ្ដល់ជាភាពកក់ក្ដៅដល់ភ្ញៀវទេស​ចរ និងស្រូបយកកំណើនភ្ញៀវទេសចរបន្ថែម។

នាយឧត្តមសេនិយ៍ ឃុន សំបូរអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា រាល់មន្រ្តីគ្រប់ស្ថាប័នទាំងអស់ ដែលមានតួនាទីបម្រើការ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវតែធ្វើបដិសណ្ឋារកិច្ចល្អ ចំពោះភ្ញៀវទេសចរកំឡុងពេលផ្ដល់សេវាកម្ម ដើម្បីបង្ហាញពីភាពថ្លៃថ្នូរ វប្បធ័មប្រពៃណីរបស់​កម្ពុជា។ លោកបន្តថា រាល់មន្ត្រី បុគ្គលិកបម្រើការក្នុងព្រលានយន្តហោះ ប្រៀបដូចជាអ្នកជំនួសឲ្យស្ថាប័នរបស់ខ្លួន និងជំនួសអោយប្រជាជនទាំងមូល ដោយសារពួកគាត់ជាអ្នកប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេស​ចរមុនដំបូងគេ បន្ទាប់ពីការចុះចតឈានជើងចូលកម្ពុជា។

Advertisement

លោកបន្តថា ដើម្បីផ្ដល់បដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវទេសចរ គ្រប់មន្រ្តីពាក់ពន្ធ័ត្រូវតែមានការរៀបចំខ្លួន ដោយស្លៀកពាក់ឯកសណ្ឋានបានត្រឹមត្រូវ ការប្រើប្រាស់ពាក្យសម្ដី កាយវិការផ្សេងៗសមរម្យ ដឹងច្បាស់ពីចំណេះជំនាញតួនាទីរបស់ខ្លួន និងមានឆន្ទៈក្នុងការបំពេញការងារ។

សិក្ខាសាលាស្ដីពី បដិសណ្ឋារកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរនេះធ្វើឡើងក្នុងរយៈពេល១០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១២ ខែមីនាដល់ថ្ងៃទី ២១មីនាខាងមុខ។ ក្នុងសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមជា មន្រ្តីសមត្ថកិច្ចបម្រើការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មន្រ្តីសមត្ថកិច្ចនានា បុគ្គលិក CAMs ព្រមទាំងផ្នែកឯកជនសរុបប្រមាណជាង៦០០នាក់។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា សេវាបដិសណ្ឋារកិច្ចនៅកម្ពុជា​មានភាពល្អប្រសើរ ដោយសារគោលនយោបាយ​របស់រដ្ឋាភិបាល ពិសេសក្រសួងទេសចរណ៍ បានដាក់ចេញនូវសេវាកម្មបដិសណ្ឋារកិច្ចថ្នាក់ជាតិ ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមាន​ភាពកក់ក្តៅ ពេលមកដល់កម្ពុជា និងពេលទៅទស្សនានៅតាមរមណីយដ្ឋាននានា។

លោកបន្តថា “សេវាបដិសណ្ឋារកិច្ច ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានាពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យភ្ញៀវ​មកទស្សនាកម្ពុជាមានភាពកក់ក្តៅ អារម្មណ៍ស្រស់ស្រាយពេលមកទស្សនាកម្ពុជា”៕

- Advertisement -

Leave a Reply