ស្វែងយល់់ : តើកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦លើកឡើង ពីប្រធានបទអ្វី ?

0

ដោយ : វុត្ថា

ភ្នំពេញ : កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ (6th GMS Summit) និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី១០ស្ដីពី ការអភិវឌ្ឍតំបន់ត្រីកោណ (10th CLV DTA Summit) ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានការចូលរួមពីប្រមុខដឹកនាំប្រទេសវៀតណាម ឡាវ និងបណ្តាប្រទេសទន្លេមេគង្គ ព្រមទាំងប្រធានធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី និងអគ្គលេខាធិការអាស៊ាន បានពិភាក្សាពីបញ្ហាអ្វីខ្លះ?។

ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយកា​លពីសប្តាហ៍មុន ប្រទេសជាសមាជិកបានប្ដេជ្ញាបន្ដគាំទ្រ ចំពោះគោលការណ៍ ដែលជាមូលដ្ឋាន នៃក្របខណ្ឌមហាអនុតំបន់មេគង្គ និងលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចាប់ផ្ដើមពិចារណាមាគ៌ាឆ្ពោះទៅមុខ ដើម្បីកាត់បន្ថយគម្លាតក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ និងដើម្បីសម្រេចបានពេញលេញនូវអនុតំប​ន់មួយ ដែលមាននិរន្តរភាព សមាហរណកម្ម និងវិបុលភាព។

Advertisement

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងពីការងារអាទិភាពសំខាន់ៗ ដើម្បីអនុវត្តឲ្យបានពេញលេញនូវ “ក្របខណ្ឌយុទ្ធសាស្ដ្រមហាអនុតំបន់មេគង្គ និងទិសដៅឆ្ពោះ​ទៅមុខ” មានដូចជា៖

ទី១-គួរយកចិត្តទុកដាក់បន្ថែមទៀត លើការជំរុញការតភ្ជាប់ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ការជំរុញអនុវត្តកិច្ចព្រមព្រៀង សម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍទីក្រុងតាមរបៀងសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែទូលាយ។

ទី២ បង្កើនការយកចិត្តទុកដាក់លើការតភ្ជាប់ផែ្នកទន់ ដើម្បីទាញអត្ថប្រ​យោ​ជន៍ឲ្យបានពេញលេញ ពីការវិនិយោគលើការតភ្ជាប់រូបវន្ត រួមទាំងការតភ្ជាប់ឌីជីថល និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពីការធានាចលនាដោយសេរី និងប្រក​បដោយប្រសិទ្ធភាពនូវលំហូរពលកម្ម ពាណិជ្ជកម្ម និងការវិនិយោគដោយបំពេញគ្នាទៅវិញទៅមកនៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់។

ទី៣ បន្ដខិតខំធានាកំណើនសេដ្ឋកិច្ច GMS ប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាបន្ន តាមរយៈការធានានូវប្រសិទ្ធភាពជាអតិបរមា នៃការអនុវត្តកម្មវិធីអនុតំបន់មេគង្គ។

ទី៤-លើកទឹកចិត្តដល់ប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍បន្ដខិតខំកៀងគរធនធានបន្ថែម ដើម្បីអនុវត្តផែនការឲ្យទទួលបានជោគជ័យក្នុងពេលអនាគត ដោយស្វាគមន៍ចំពោះគំនិតផ្តួចផ្ដើមតំបន់សំខាន់ៗដូចជា “ខ្សែក្រ​វាត់មួយ-ផ្លូវមួយរបស់ចិន”និង “ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោ​យគុណភាពរបស់ជប៉ុន” ក៏ដូចជាការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិ​វឌ្ឍអនុតំបន់មេគង្គ។

ទី៥- គួរមានការគិតគូរអំពីចក្ខុវិស័យវែងឆ្ងាយ សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងទៅមុខ ក្រោយពីផែនការហាណូយ២០២២ ត្រូវបានបញ្ចប់ ដើម្បីចាប់យកឱកាស និងត្រៀមដោះស្រាយរាល់ផលវិបាកនានា ជាយថាហេតុ។

ចំណែកកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមស្ដីពី ការអភិវឌ្ឍតំបន់ត្រីកោណ(CLV-DTA) លើកទី១០ បានពិភាក្សាលើលទ្ធផលដែលបានអនុវត្តន៍កន្លងមក សំដៅអភិវឌ្ឍន៍វិស័យនានាប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងគម្លាតផ្នែកសេដ្ឋកិច្ច និងសង្គម។

នៅក្នុងនោះដែរប្រមុខដឹកនាំទាំងបី បានកោតសរសើរអំពីលទ្ធផលនៃការរៀបចំវេទិកាយុវជន ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងសន្និ​សីទស្ដីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍DTA ដែលសកម្មភាពទាំងនោះ បង្ហាញពីវឌ្ឍនភាពនៃសហប្រតិបត្តិការគ្រប់ជាន់ថ្នាក់ ពិសេសរវាងប្រ​ជា​ជន និងប្រជាជន ក៏ដូចជាសហគមន៍ធុរកិច្ចក្នុងតំបន់។ លើសពីនេះ ប្រមុខដឹកនាំនៃប្រទេសទាំងបី ក៏បានបេ្ដជ្ញាចិត្តក្នុងការកៀរគរជំនួយហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍គម្រោងនានាក្នុងតំបន់ត្រីកោណ។
ប្រទេសឡាវ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី១១ ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណនៅឆ្នាំ២០២០ ហើយប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ នៅឆ្នាំ២០២១៕

- Advertisement -

Leave a Reply