ស្វែងយល់​ពី​កិច្ចសន្យា ៨ប្រភេទ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អចលនទ្រព្យ

0
ស្វែងយល់ពីកិច្ចសន្យា ៨ប្រភេទសម្រាប់ប្រើក្នុងវិស័យអចលនទ្រព្យ

ដោយ វុត្ថា

ភ្នំពេញៈ ការទិញ​លក់​អចលនទ្រព្យ​ទាមទា​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្លាំង ជាពិសេស​នៅពេល​ធ្វើ​កិច្ចសន្យា ព្រោះថា​នៅ​ទីបំផុត អ្វីដែល​អាចជួយ​អ្នកទិញ​ឬ​អ្នក​លក់បាន គឺ​ត្រូវតែ​ជា​អ្វីដែល​មានចែង នៅក្នុង​កិច្ចសន្យា។

កិច្ចសន្យា​មាន​ច្រើន​ប្រភេទ និង​មានន័យផ្សេងៗគ្នា​ទៅតាម​គោ​លប​ណង​នៃ​និមួយៗរបស់​វា។

👉ខាងក្រោម​នេះ​គឺជា​កិច្ចសន្យា ៨ ប្រភេទ ដែល​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ ឬ​អ្នកទិញ-លក់​អចលនទ្រព្យ​គួរស្វែងយល់៖

១) លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ

លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ការទិញ​លក់​អចលនទ្រព្យ​ជា​សកម្មភាព​សំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​វា​ជាប់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កាន់កាប់​របស់​អ្នកទទួល​សិទ្ធិ​តែម្តង។ ជាធម្មតា​ការធ្វើ​លិខិត​នេះ បញ្ជាក់​ច្បាស់​ពី​ឈ្មោះ និង​បុគ្គល​ដែលជា​អ្នក​ផ្ទេរសិទ្ធិ និង​បុគ្គល​ជា​អ្នកទទួល​សិទ្ធិ ហើយ​វា​គឺជា​ការធានា​ការផ្ទេរសិទ្ធិ​កាន់កាប់​របស់​ម្ចាស់​សិទ្ធិ​ទៅកាន់​បុគ្គល​ផ្សេងទៀត​តាម​ការព្រមព្រៀង។

និយាយ​យ៉ាងខ្លី លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ គឺជា​ភស្តុ​ង​តាង​មួយ​ដើម្បី​បញ្ជាក់​ពី​ការប្រគល់សិទ្ធិ​កាន់កាប់ ដោយ​ព្រមព្រៀង​លើ​អចលនទ្រព្យ​មួយ។

២) កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ

កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ ប្រាក់កម្រៃ​ជើងសារ​ជា​ថ្លៃ​រត់ការ ឬ​ធ្វើ​កិច្ចការងារ​អ្វីមួយ។ កិច្ចព្រមព្រៀង​ប្រភេទ​នេះ បញ្ជាក់​ពី​ការព្រមព្រៀង​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ផ្សេង ដែល​ភាគី​ទាំងពីរ​ត្រូវតែ​បំពេញ ដែល​លក្ខខណ្ឌ​ទាំងនោះ​អាស្រ័យ​តាម​ការព្រមព្រៀង​របស់​គូភាគី​ទាំងសងខាង។

នៅ​ឆ្នាំ២០១៧ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកាស​ថ្មី​ស្តីពី “ថ្លៃ​សេវា​និង​កម្រៃជើងសារ​វិជ្ជាជីវៈ​សម្រាប់​ការផ្តល់សេវា​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ដែល​បានកំណត់​យក​ថ្លៃ​សេវាកម្ម៣%។

៣) កិច្ចសន្យា​រក្សា​ការសំងាត់ និង​ការមិន​លូកលាន់​ការងារ

កិច្ចសន្យា​រក្សា​ការសំងាត់ និង​ការមិន​លូកលាន់​ការងារ កិច្ចសន្យា​ប្រភេទ​នេះ​ជា​កិច្ចសន្យា​ពិសេស ដែល​យើង​មិនសូវ​ឃើញ​ក្នុង​ការរស់នៅ​ជាក់ស្តែង​នោះទេ ដោយសារតែ​វា​ពាក់ព័ន្ធ​នឹង​ការកំណត់​លក្ខខណ្ឌ​រប​ស់​ភាគី​ទាំងសងខាង ក្នុងការ​រក្សា​ការសម្ងាត់​នូវ​រឿង​អ្វីមួយ ដែល​ទាក់ទង​នឹង​ការងារ​ពាណិជ្ជកម្ម​រប​ស់​ភាគី​ទាំងសងខាង។

ក្នុង​គោលការណ៍​នៃ​ច្បាប់ កិច្ចសន្យា​ប្រភេទ​នេះ​មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​កិច្ចសន្យា ជាការ​បង្ខំ​ជាការ​ធ្វើ​អ្វីដែល​ខុសច្បាប់ ឬ​ជា​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ប្រពៃណី និង​សណ្ដាប់ធ្នាប់​សាធារណៈ។

៤) កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ

កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ ស្រដៀង​គ្នា​ទៅនឹង​កិច្ចសន្យា​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែរ។ កិច្ចសន្យា​ស្តីពី​ការទិញ​លក់​ដី​ឬ​ផ្ទះ សំដៅ​ទៅលើ​ការ​ព្រមព្រៀងគ្នា​ទិញ ឬ​លក់​ដី ឬ​ផ្ទះ។ ចំណុច​ដែល​ខុសគ្នា​នោះ​គឺ កិច្ចសន្យា​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ មានកម្ម​វត្ថុ ជា​សិទ្ធិ​កាន់កាប់​ផ្ទាល់ ដែល​ខុសពី​កិច្ចសន្យា​ស្តីពី​ការទិញ​លក់ មានកម្ម​វត្ថុ​ជា​ដី ឬ​ផ្ទះ។

ជាធម្មតា ក្នុង​កិច្ចសន្យា​ទិញ​លក់ ច្រើន​ភា្ជ​ប់​ជាមួយនឹង​ការផ្ទេរសិទ្ធិ​កាន់កាប់​ឬ​កម្មសិទ្ធិ ពី​អ្នកលក់​ទៅ​អ្នកទិញ ដែល​ត្រូវ​ធ្វើជា​លាយ​ល័​ក្ខ​អក្សរ។ កិច្ចសន្យា​ប្រភេទ​នេះ ធានា​គុណភាព​នៃ​ផ្ទះ និង​ដីការ​ប្រគល់​ផ្ទះ និង​ដី​ពី​អ្នកលក់​ទៅ​អ្នកទិញ។ ប៉ុន្តែ កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​បញ្ជាក់ថា​អ្នកទិញ នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នោះទេ លុះត្រាតែ​អ្នកទិញ​យក​ដី​នោះ​ទៅ​ចុះបញ្ជី ប្រសិនបើ​មានការ​កំណត់​តាមច្បាប់។

៥) កិច្ចសន្យា​កក់​ប្រាក់ (កក់​ប្រាក់​ទ្រនាប់​ដៃ)

កិច្ចសន្យា​កក់​ប្រាក់ (កក់​ប្រាក់​ទ្រនាប់​ដៃ) កិច្ចសន្យា​កក់​ប្រាក់​នេះ ច្រើន​កើតមាន​មុន​ការធ្វើ​កិច្ចសន្យា​ទិញ​លក់។ ប៉ុន្តែ​គេ​ក៏​អាចដាក់​បញ្ចូល​លក្ខខណ្ឌ​ប្រាក់​កក់​នេះ នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ផងដែរ។ ដូចគ្នា​ទៅនឹង​គោលការណ៍​ព្រមព្រៀងគ្នា​រវាង​គូភាគី ប្រាក់​កក់​ដែល​តម្រូវ​ស្របតាម​ការព្រមព្រៀងរ​បស់​ភាគី។ កិច្ចសន្យា​ប្រភេទ​នេះ អាច​ធានា​ប្រាក់​កក់​របស់​អ្នកទិញ ប្រសិនបើ​អ្នកលក់​ចង់​បញ្ឈប់​ការលក់​នោះ អ្នកលក់​អាច​សង​ការខូចខាត​ចំនួន២ដង​នៃ​ប្រាក់​កក់​នោះ​ដល់​អ្នកលក់ ប៉ុន្តែ​ត្រង់ចំណុច​នេះ​មិន​មានន័យថា ការសង​របស់​អ្នកលក់ ត្រូវធ្វើ​ក្នុង​កម្រិត២ដង​នៃ​ប្រាក់​កក់​នោះទេ។ វា​អាចធ្វើ​ក្នុង​កម្រិត​ច្រើនជាង​នេះ តាម​ការព្រមព្រៀង។ ប៉ុន្តែ​ការកំណត់​នេះ គឺជា​កម្រិត​នៃ​ការសង​អប្បបរមា​របស់​អ្នកលក់។

៦) លិខិត​ប្រគល់​និង​ទទួល​ប្រាក់

លិខិត​ប្រគល់​និង​ទទួល​ប្រាក់ លិខិត​ប្រគល់​និង​ទទួល​ប្រាក់ គឺជា​លិខិតធានា​ឬ​បញ្ជាក់ថា​ភាគី​ទាំងសងខាង​បានប្រគល់ និង​ទទួល​ប្រាក់​ហើយ។ ប៉ុន្តែ​វា​មិនមាន​ការតម្រូវ​ឲ្យ​ធ្វើ​ដោយ​ច្បាប់​ជាលា​យ​ល័​ក្ខ​អក្សរ​នោះទេ។ ជា​គុណសម្បត្តិ​នៃ​លិខិត​នេះ​សម្រាប់​ការទិញ​លក់​អចលនទ្រព្យ វា​ជួយ​បញ្ជៀ​សប​ញ្ហាផ្សេងៗ ដែល​អាច​កើតមានឡើង​ដោយ​បំណង​មិនល្អ​របស់​គូភាគី ទាក់ទង​នឹង​ការប្រគល់​ប្រាក់។

៧) កិច្ចព្រមព្រៀង​រួម​ស្តីអំពី​ការអនុញ្ញាតិ​ឲ្យ​សាច់ញាតិ​លក់​ដី

កិច្ចព្រមព្រៀង​រួម​ស្តីអំពី​ការអនុញ្ញាតិ​ឲ្យ​សាច់ញាតិ​លក់​ដី កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចសន្យា​ដែល​ធ្វើ​ដោយ​បុគ្គល​តែ​ម្នាក់ ដែលជា​អ្នកផ្តល់​ឲ្យ។ ការចាត់ចែង​ទិញ​លក់​ដី អាចធ្វើ​ទៅបាន​សម្រាប់តែ​អ្នកមាន​កម្មសិទ្ធិ​តែប៉ុណ្ណោះ លុះត្រាតែ​មានការ​អនុញ្ញាតិ​ដោយ​ម្ចាស់​កម្មសិទ្ធិ។ កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឲ្យ​សាច់ញាតិ​ក្នុងការ​ចាត់ចែង អាចធ្វើ​បាន​ដោយ​ឲ្យ​សិទ្ធិ​មួយ​ភាគ ឬ​ទាំងអស់​ទៅ​សាច់ញាតិ​នោះ។

៨) លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (សម្រាប់​អ្នកទិញ)

លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (សម្រាប់​អ្នកទិញ) លិខិត​នេះ​ជាការ​ព្រមព្រៀង​បញ្ជាក់​ពី​បំណង ក្នុង​ការទិញ​អចលនទ្រព្យ​មួយ​របស់​អ្នកទិញ។ ក្នុង​បរិបទ​នៃ​ច្បាប់ ដើម្បី​បង្កើត​ឲ្យ​បាន​កិច្ចសន្យា​មួយ អ្នកទិញ​ត្រូវ​បញ្ជាក់​ពី​ការចង់បាន​របស់​ណាមួយ​ពី​អ្នកលក់​ដែល​គេ​ហៅថា​ជា​សំណើ។ នៅពេលដែល​មានការ​បញ្ជា​ក់​បែបនេះ អ្នកលក់​អាច​យល់ព្រម​លក់ ឬ​មិន​លក់​តាមចិត្ត​ចង់​របស់គេ។ ដូច្នេះ​លិខិត​នេះ ជាការ​បញ្ជាក់​ពី​ការចង់​ទិញ​អចលនទ្រព្យ​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here