ស្វែងយល់ : តំបន់ភាគខាត្បូងរាជធានីនឹងរៀបចំជាតំបន់ផ្តោតលើការ លើកកំពស់បរិស្ថាន

1

ដោយ : គង់ សូរិយា
ភ្នំពេញ : សាលារាជធានីភ្នំពេញកំពុងរៀបចំផែនការថ្មីសម្រាប់ទីក្រុង ដោយជ្រើ​ស​​​រើសយកតំបន់ភាគខាងត្បូង ជាតំបន់ធម្មជាតិស្រស់បំព្រង និងធានាបាននូវនិរន្តរភាពបរិស្ថាន។


អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីសប្តាហ៍មុនបានដាក់ចេញនូវផែនការថ្មីមួយ ដើម្បីឆ្លើ​យតបទៅនឹងលំហូរច​រាចរ​ណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យនៅរាជធានី​ភ្នំពេញ ពិសេ​សវិស័យហេដ្ឋារចនាសម្ពន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីនេះ។ គំរោងនេះធ្វើ​ឡើង​ក្រោម​កិច្ចសហប្រតិបត្តិ​ការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួនឹងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុង​រាជធានី​ភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា “តំបន់ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំ​នៃការអភិវឌ្ឍ​ធំមួយ ដូច្នេះ​ហើយទើប​សាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រងចង់ឲ្យតំបន់​នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ”។


អភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យ​ហេដ្ឋា​រចនាសម្ពន្ធ សេវាកម្មសា​ធា​រណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើម​មាន​ការ​អភិវឌ្ឍ​ឆ្លើយ​តបនឹងកំណើនប្រជាជន​ទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៣,២៥ភាគរយក្នុង១ឆ្នាំៗ។

យោងតាមទិ​ន្នន័យរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ បានកើនឡើងរហូតដល់ ១,៧លាននាក់ គឺប្រមាណជា៥៦ភាគរយនៃប្រជាពលរដ្ឋ​ទីក្រុង ដែលជាអ្នកចំណាកស្រុក ចូល​មក​សិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។


អតីតវីរស្ថាបត្យករកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ធ្លាប់បានជំរុញឲ្យការអភិវឌ្ឍន៍រាជធានីភ្នំពេញ ផ្តោតទៅកាន់ភាគខាងត្បូង ដោយសារវាជាតំបន់ខ្ពស់ មិនប្រឈមមុខនឹងការលេចទឹក និងជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធនានា៕

Advertisement

- Advertisement -

1 COMMENT

Leave a Reply