ហុងកុង​បើកទូលាយ​ពាណិជ្ជកម្ម​សេរី​ និង​ការ​វិនិយោគ​ជាមួយ​កម្ពុជា​ និង​អាស៊ាន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អាជ្ញាធរ​ទីក្រុង​ហុងកុង​នឹង​ស្វែងរក​ទីផ្សារ​ថ្មី​ នៅ​អាស៊ី​អាគ្នេយ៍​ ដោយហេតុថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ចូលជាធរមាន​នៅ​សប្តាហ៍​នេះ​។

ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​ បាន​ធ្វើឲ្យខូច​ខាត​ដល់​សេដ្ឋកិច្ច​ហុងកុង​ ដែល​តំបន់​ពាក់កណ្ដាល​ស្វយ័ត​ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ខ្លួន​ ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ប្រវត្តិសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​។

កាលពី​ខែមុន​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ដាក់ចេញ​នូវ​បញ្ជី​ពន្ធ​ថ្មី​លើ​ទំនិញ​ចិន​ ដែល​មានតម្លៃ ៣០០ពាន់​លាន​ដុល្លារ​ ដែល​ស្មើនឹង​ការដំឡើង​ពន្ធ​ ២៥ភាគរយ​។ ប្រសិនបើ​ពន្ធគយ​នេះ​ចូលជាធរមាន​ នោះ​ការនាំចេញ​របស់​ទីក្រុង​ហុងកុង​នឹង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។ ការនាំចេញ​ពីទី​ក្រុង​ហុងកុង​បាន​ធ្លាក់ចុះ២​,៥នៅក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ហើយ​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​មាន៧ភាគរយ​នៃ​នាំចេញ​សរុប​។

បច្ចុប្បន្ន​ ហុងកុង​កំពុង​ជំរុញ​ធ្វើឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ឆ្លើយតប​នឹង​ការខាតបង់​របស់​ខ្លួន​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សឹង្ហ​បុរី​ ថៃ​ វៀតណាម​ ឡាវ​ និង​មីយ៉ាន់ម៉ា​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ​ ហើយ​ក្រោយ មក​ទៀត​នឹង​រួមបញ្ចូល​កម្ពុជា​ ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​។ កិច្ច​ព្រមព្រៀង​វិនិយោគ​ទ្វេភាគី​ក៏​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់ផ្តើម​នៅ​ចុងខែ​នេះ​ផង​ដែរ​។

លោក​ Edward​ Yau​ Tang​-wah​ លេខាធិការ​ពាណិជ្ជកម្ម​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ហុងកុង​បាន​ប្រាប់​សារព័ត៌មាន​ South​ China​ Morning​ Post​ ថា​ “កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ នឹង​មានផល​វិជ្ជមាន​ និង​ជាក់ស្តែង​នឹង​ផ្តល់​ ឲ្យ​ក្រុមហ៊ុន​ហុងកុង​នូវ​ទំនាក់ទំនង​អាជីវកម្ម​ និង​ទីតាំង​ធ្វើ​ធុរកិច្ច​ថ្មី​”។

ស្ថាបនិក​នៃ​ធនាគារ​ធំជាង​គេ​ទី២​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ គឺ​ធនាគារ​ United​ Overseas​ Bank​ Ltd​. (UOB​) បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​អាស៊ាន​នឹង​ក្លាយ​ទីតាំង​សុវត្ថិភាព​សម្រាប់​វិនិយោគិន​ និង​ការ​វិនិយោគ​ ខណៈ​តំបន់​អាស៊ី​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួលរង​ផល​ប៉ះពាល់​ដោយ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។

អគ្គនាយក​ UOB​ លោក​ Wee​ E Che​ Cheong​ បាន​ប្រាប់​សារព័ត៌មាន​ Bloomberg​ ថា​ “អាស៊ាន​នឹង​ក្លាយជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​”។

ប្រទេស​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​មាន​ទំហំ​ចំនួន២​,៤ពាន់​ពាន់​ដុល្លារ​ ធ្វើឲ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​”។ អង្គការ​រូបិយវត្ថុ​អន្តរជាតិ ​(IMF​) ព្យាករណ៍​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​ឆ្នាំ​ ២០៥០​។

យោង​តាម​ក្រុម​អ្នកវិភាគ​ទីផ្សារ​បាន​ឲ្យដឹង​ថា​ មាន​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ពី​ប្រទេស​ចិន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​។

លោក ​Albert​ Tan​ ហេរញ្ញិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC​) បាន​និយាយ​ថា​ “ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​កាន់តែ​រីក​ធំ​ឡើង​ៗ មាន​ក្រុមហ៊ុន​មួយចំនួន​ ចាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់ទី​តាំង​វិនិយោគ​ មកកាន់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ចិន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here