ហេតុអ្វី ជប៉ុនចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ កំណើននៃការមកដល់របស់អ្នកវិនិយោគជប៉ុន ឆ្លុះបញ្ចាំងពីទំនុកចិត្ត​និងបរិយាកាសវិនិយោគ​កាន់តែ​មានភាពល្អប្រសើរនៅកម្ពុជា ផ្ទុយពីរបាយការ​ណ៍របស់អង្គការតម្លាភាពអន្តរជាតិ ដែលដាក់កម្ពុជាក្នុងបញ្ជីរខ្មៅ ជាប្រទេសពុករលួយខ្លាំង។

ការបើកស្ថានកុងស៊ុលថ្មីនៅខេត្តសៀមរាប ឆ្លុះបញ្ចាំងឱ្យឃើញពីការតភ្ជាប់ស្ពាននៃមិត្តភាពរវាងប្រទេសទាំងពីរ​កាន់តែ​រ៉ឹងមាំ និងអាចធ្វើដំណើររយៈពេលវែងជាមួយគ្នា ខណៈមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបានសន្យាជំរុញ​អ្នកវិនិយោគជប៉ុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ប៉ុន្តែបានស្នើសុំមន្រ្តីជាន់ខ្ពស់កម្ពុជាជួយ​ការពារ​ជនជាតិ​របស់ខ្លួនដែលបានរស់នៅ និងធ្វើការនៅកម្ពុជា។

នៅក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ លោក Kazuyuki Zakane អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានស្នើរ ឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ជួយបង្កើនសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនជប៉ុន ដែលមកទស្សនានៅកម្ពុជាបន្ថែមទៀត ខណៈជប៉ុន បានសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀមរាបនោះ។ លោកបន្តថា ទាំងអ្នកវិនិយោគជប៉ុន និង​អ្នកទេសចរជប៉ុននៅកម្ពុជា កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នំា។ លោកបានបញ្ជាក់ថា ៖ “ជប៉ុនសម្រេច​បង្កើត​អគ្គកុង​ស៊ុលមួយទៀត នៅខេត្តសៀម​រាប នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ហើយក៏​ដើម្បីបញ្ជា​ក់​នូវទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងជប៉ុនផងដែរ”។

Advertisement

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាក្រុមហ៊ុនជប៉ុន បានមកដាក់ទុនរកស៊ីនៅ​ប្រទេសកម្ពុជា មានរហូតដល់ជាង ២៥០ ក្រុមហ៊ុន។

 

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជប៉ុន គឺជាមិត្តដ៏ល្អបំផុតជាមួយកម្ពុជា ហើយកម្ពុជា​ពិតជា​អរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុ​ប្បន្ននេះ។ យ៉ាងណាក៏ដោយសម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជា ចាំបាច់​បំផុតគឺក្រសួងមហាផ្ទៃត្រូវតែមើល និងថែរក្សាសុខសុវត្ថិភាពដល់ពួកគេ។

លោកជំទាវ លឹម ឈីវហូ អគ្គនាយកក្រុមហ៊ុនអ៊ែតវូដ ដែលបានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើន មកវិនិយោគនៅតំបន់សេដ្ឋកិច្ចរបស់ខ្លួនបានថ្លែងថា ពេលលោកជំទាវអញ្ជើញទៅកាន់ប្រទេសជប៉ុន ហើយនិយាយជាមួយអ្នកវិនិយោគជប៉ុនធំៗឲ្យមកវិនិយោគនៅកម្ពុជា ។ ពួកគេនិយាយថា “កម្ពុជា”​ជាប្រទេសពុករលួយមួយ។ ហេតុនេះពួកគេមិនមកនោះទេ ប៉ុន្តែលោកជំទាវបានពន្យល់ពួកគេ និងធានាដល់ពួកគេឲ្យមកវិនិយោគនៅកម្ពុជា និងមិនមានរឿងពុករលួយដូចការលើកឡើងនោះទេ។ លោកជំទាវ​បានបន្តថា “នៅទីបំផុតពួកគេចូលមក ហើយបរិយាកាសវិនិយោគមានភាពល្អប្រសើរ ហើយពួកគេមិនជួបរឿងដូចការលើកឡើងនោះទេ”។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែល​សម្រេច​បានកំណើនល្អប្រសើរ គួបផ្សំនឹងស្ថិរភាពនយោបាយ និងលំហូរ FDI កើនឡើងជាបន្តបន្ទាប់ ជាផ្នែក​យ៉ាង​សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើន ចូលមកវិនិយោគនៅកម្ពុជា។លោកបន្តថា បច្ចុប្បន្នជប៉ុនបាន​វិនិយោគ​ស្ទើរគ្រប់វិស័យ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ធ្វើ​ការ និងរស់នៅរយៈពេលវែង​នៅ​កម្ពុជា។ លោកបញ្ជាក់ថា ៖ “អ្នកវិនិយោគជប៉ុន ពេលចូលទៅកាន់ប្រទេសណាហើយ ពួកគេតែងតែស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសនោះ នេះជាមូលហេតុដែលពួកគេសិក្សារយៈពេលវែង មុនមកវិនិយោគ​នៅកម្ពុជា” ៕

- Advertisement -

Leave a Reply