អតីត​ផ្សារ​កុង​ទី​ណ័រ​ដំបូង​គេ​នៅ​ក្បែរ​កោះ​ពេជ្រ​ កំពុង​ប្រែក្លាយ​ជា​ផ្សារ​ទំនើប​

0

ដោយ វុត្ថា

ភ្នំពេញ​៖ ផ្សារ​ទំនើប​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា​ The​ One​ Mall​ នឹង​ដាក់​ឱ្យ​ដំណើរ​នៅ​ចុងឆ្នាំ២០១៩​ នេះ​នៅក្នុង​តំបន់​កោះ​ពេជ្រ​ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធ​ថ្មី​ និង​ភាព​សម្បូរ​បែប​ដល់​អ្នក​ដែល​ចូលចិត្ត​ដើ​ទិញទំនិញ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​ Chris​ Wong​ អគ្គនាយក​ក្រុមហ៊ុន​ The​ One​ Mall​ Management​ បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ ថា​ The​ One​ Mall​ ​ដែល​កំពុង​សាង​សង់​នេ​មាន​កម្ពស់​បី​ជាន់​ និង​ស្ថិត​ក្នុង​ដំណាក់កាល​ នៃ​ការសាងសង់​មាន​ទីតាំង​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ១​ ផ្លូវរដ្ឋ​សភា​ សង្កាត់​ទន្លេបាសាក់​ ដែល​ជាទី​ប្រជុំជន​ប្រមូល​ផ្តុំ​ ទៅ​ដោយសា​លា​រៀន​ សណ្ឋាគារ​ និង​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ក្នុង​ស្រុក​មួយ​បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​សាងសង់​បញ្ចប់​ The​ One​ Mall​ នឹង​ក្លាយជា​ផ្សារ​ទំនើប​មួយ​ ដែល​មាន​ភាព​លេចធ្លោ​ និង​ទាក់ទាញ​បំផុត​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ នឹង​ផ្តល់​ជូន​នូវ​ការ​លក់ទំនិញ​គ្រប់មុខ​ជាច្រើន​ប្រភេទ​ រួម​ទាំង​ ផលិតផល​ម៉ា​កល្បី​ៗក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​របៀបរបប​រស់នៅ​ ក្នុង​ភាព​ស៊ីវិល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ព្រមទាំង​បទពិសោធន៍​ នៃ​ការកម្សាន្ត​យ៉ាង​សម្បូរ​បែប​ មួយ​កម្រិត​ទៀត​ ដល់​សាធារណជន​ទាំងឡាយ​។

លោក​ថា​ “ផ្សារ​ទំនើប​The​ One​ បាន​ប្រមូល​ផ្តុំ​នូវ​ការ​លក់ទំនិញ​ រាយ​ដោយ​ផ្អែកលើ​បទពិសោធន៍​ និង​សកម្មភាព​ជាក់ស្តែង​នៅក្នុង​ទីក្រុង​ ហើយក៏​បាន​ផ្តល់​ជូន​នូវ​ឱកាស​រួមគ្នា​មួយ​ សម្រាប់​អ្នកលក់​ទំនិញ​រាយ​ទាំងឡាយ​ ដើម្បី​លក់​ផលិតផល​ ម៉ា​កល្បី​ៗរបស់​ពួកគាត់​ផង​ដែរ​”។

លោក​ថា​ តាមរយៈ​កិច្ចសហការ​ ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​មួយ​ ដែល​មានបទពិសោធន៍​ យ៉ាង​ទូលំទូលាយ​នៅក្នុង​វិស័យ​នេះ​ យើង​រំពឹង​ថា​ នឹង​សម្រេច​បានការ​ផ្តល់​ជូន​ នូវ​ការ​លក់ទំនិញ​រាយ​គ្រប់​ប្រភេទ​ ជាមួយនឹង​បទពិសោធន៍​ដ៏​អស្ចារ្យ​ ដែល​អតិថិជន​តែងតែ​ប្រាថ្នា​ចង់បាន​”។

លោក​ Chris​ Wong​ បាន​បន្ត​ទៀត​ថា​ ការសម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​ និង​ស៊ីវិល័យ​ នៅ​កណ្តាល​ទីក្រុង​មួយ​នេះ​ ជា​ការ​ឆ្លើយតបទៅនឹង​ទម្លាប់​ ក្នុង​ការ​ចំណាយ​លើ​តម្រូវការ​ ឥត​ឈប់ឈរ​របស់​ប្រជាជន​កម្ពុជា​ ដែល​មានការ​កើនឡើង​ជាលំដាប់​ ស្រប​ពេល​ដែល​ផលិតផល​ក្នុង​ស្រុក​សរុប​ សម្រាប់​មនុស្សម្នាក់​ក៏​មាន​កំណើន​គួរឲ្យ​កត់សម្គាល់​ ជាមួយគ្នា​នេះ​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៀតសោត​ ក៏​មាន​ស្ថិរភាព​ផង​ដែរ​។

លោក​ថា​ “ទាំងនេះ​ហើយដែល​ជា​កត្តា​បង្កើន​ឱកាស​ថ្មី​ៗជាច្រើន​ សម្រាប់​វិនិយោគិន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។ តាមរយៈ​ការ​វិនិយោគ​របស់​យើង​នា​ពេលនេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ យើង​កំពុង​ចូលរួម​ចំណែក​ យ៉ាង​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់​កិត្យានុភាព​ជាតិ​ នៅ​លើឆាកអន្តរជាតិ​ ក៏ដូចជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ ពី​ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ របស់​ប្រទេស​កម្ពុជា​ផង​ដែរ​”។

លោក​ Wong​ មាន​សុទិដ្ឋិនិយម​ថា​ The​ One​ Mall​ នឹង​ទទួល​បានការ​ទាក់ទាញ​ និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ពីសំណាក់​អតិថិជន​ចំពោះ​ផលិតផល​ម៉ា​កល្បី​ៗទាំងអស់​ ដែល​មាន​វត្តមាន​ជា​យូរណាស់​មក​ហើយ​ នៅ​កម្ពុជា​។ The​ One​ Mall​ ជា​ផ្សារ​ទំនើប​ដែល​ស័ក្តិសម​បំផុត​ សម្រាប់​សាធារណជន​ទាំងអស់​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​ផ្តល់​ជូន​នូវ​ជម្រើស​ និង​បទ​ពិសោធ​ន៍​ថ្មី​ៗ ប្លែក​ៗ សម្រាប់​ការកម្សាន្ត​លំហែកាយ​ និង​ទិញ​ផលិតផល​ម៉ា​កល្បី​ៗ ប្រកបដោយ​គុណភាព​ខ្ពស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here