អនុរដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​សន្យា​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ពីជ​ប៉ុន​មកកាន់​កម្ពុជា​បន្ថែម​ទៀត​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អនុរដ្ឋ​មន្ត្រីការបរទេស​ជប៉ុន​បាន​សន្យា​ថា​ នឹង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង​ចំា​ក្នុង​ការ​ជួយ​ផ្តល់​កិច្ច​សម្រួល​រាល់​ការ​វិនិយោគ​ទាំងអស់​ដល់​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។

លោក​ Norikzu​ Suzuki​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុ​ន នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​អាហារ​ថ្ងៃត្រង់​ ជាមួយ​លោក​សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ នៅ​ថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​លើកទឹកចិត្ត​ឱ្យ​រាជ​រដ្ឋា​ ភិបាល​កម្ពុជា​ជំរុញ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ បម្រើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​ច្រកព្រំដែន​ ជាពិសេស​ ច្រក​ស្ទឹ​កបត់​ នៃ​ខេត្ត​បន្ទាយមានជ័យ​ សំដៅ​ទាក់ទាញ​ការ​វិនិយោគ​ជប៉ុន​បន្ថែម​ទៀត​។

លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា​ កម្ពុជា​មានការ​ព្យាយាម​ និង​ការ​តាំងចិត្ត​របស់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ ដល់​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ ក្នុង​ក្របខណ្ឌ​វិធានការ​កំណែទម្រង់​មុត​ស្រួច​ទាំង១៧ចំណុច​ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នា​ឪកាស​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ នៅ​ថ្ងៃទី​ ២៩​ ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅក្នុង​ពិធី​បើក​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ កាលពី​ខែមីនា​ឆ្នាំ២០១៩​ កន្លងមក​នេះ​បាន​ប្រកាស​ដាក់ចេញ​នូវ​ការ​ធ្វើ​កំណែទម្រង់​ជាច្រើន​ ដើម្បី​ធានា​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ក៏ដូចជា​ធានា​ដល់​ការប្រកួត​ប្រជែង​ទំនិញ​របស់​កម្ពុជា​ នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ថែមទៀត​។

សម្តេច​តេជោ​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​នេះ​ បាន​និង​កំពុងធ្វើការ​កែទម្រង់​យ៉ាង​មុត​ស្រួច​ និង​ស៊ីជម្រៅ​សំដៅ​កែ​លម្អ​និង​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ជាពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ និង​កាត់បន្ថយ​ថ្លៃ​លើ​ការ​ធ្វើ​ធុរកិច្ច​ មាន​ជាអាទិ៍​គឺ​ រាជរដ្ឋាភិបាល​បាន​លុបបំបាត់​នូវ​វិញ្ញាបនបត្រ​ ប្រភព​ដើម​ទំនិញ​ (CO​) ការ​កែសម្រួល​មុខងារ​ និង​មុខ​នាទី​របស់​កាំកុងត្រូល​ចេញពី​ការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-នាំចូល​ ការរំសាយ​អង្គភាព​កាំសាប​ ការកាត់បន្ថយ​ថ្លៃ​ Scan​ កុងតឺន័រ​ និង​ថ្លៃ​សេវា​មួយចំនួន​ទៀត​ ពិសេស​ការ​កែ​លម្អ​សេវា​អ្នកជាប់ពន្ធ​ ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​វិធានការណ៍​សំ​ខាន់​ៗជា​លក្ខណៈ​ប្រព័ន្ធ​ជាច្រើន​ថែមទៀត​។

សម្តេច​តេជោ​បន្ថែម​ថា​ ការកែទម្រង់​បែបនេះ​ មិនមែន​ដោយសារតែ​ហេតុផល​រឿង​ (EBA​) នោះ​ទេ​ ប៉ុន្តែ​ការកែទម្រង់​នេះ​ គឺ​ធ្វើឡើង​ដើម្បី​ភាព​រីកចម្រើន​របស់​កម្ពុជា​ខ្លួនឯង​នា​ពេល​ខាងមុខ​ ដែល​ជា​ភាព​ចាំបាច់​ដើម្បីឲ្យ​កម្ពុជា​ អាច​លក់​ផលិតផល​ដោយមាន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ទូលំទូលាយ​ ជាពិសេស​គឺ​ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​ជា​ប្រទេស​ ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៥០​។

សម្តេច​តេជោ​ថា​ “នៅពេល​កម្ពុជា​បាន​ដាក់ចេញ​នូវ​ការកែទម្រង់​នេះ​ នឹង​ធ្វើអោយ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ នឹង​មានឱកាស​រឹតតែ​ប្រសើរ​ឡើង​ ដែល​នឹង​ផ្ដល់​នូវ​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​សម្រាប់​វិនិយោគិន​ និង​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​”។

ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ជប៉ុន​បាន​កើន​លើស១ពាន់​លាន​ដុល្លារ​ នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៩​ កើនឡើង១៦​,៨​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ជប៉ុន​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៧៩២លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១​ ឆ្នាំ២០១៩កើនឡើង៣៤ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ខណៈ​ការនាំចូល​កម្ពុជា​ ពីជ​ប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ២៥៦លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here