អភិបាលខេត្ត​កំពង់ស្ពឺ​ថា ខេត្ត​ទទួលបាន​គម្រោង​វិនិយោគថ្មី១៩ និង​មាន​ទឹកប្រាក់​សរុប​ជាង ១៦៦,៤លាន​ដុល្លារ

0

ដោយ រ៉ា​ណេ​ត

កំពង់ស្ពឺ៖ អភិបាលខេត្ត​កំពង់ស្ពឺ លោក​វ៉ី សំណាង​បាន​អះអាងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទីមួយ​នៃ​ឆ្នាំ២០២០ គម្រោង​វិនិយោគ​ធំ​ចំនួន១៩គម្រោង ជាមួយ​ទំហំ​ទុន​សរុប​ជាង ១៦៦លាន​ដុល្លារ។

គំរោង​វិនិយោគ​នេះ ត្រូវបាន​ស្នើសុំ​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ និង​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​អនុម័ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​នូវ​កំណើនសេដ្ឋកិច្ច ក្នុងស្ថានភាព​គំរាមកំហែង​ពី​វិបត្តិ​ជំងឺឆ្លង Covid-19 ជា​សាកល​នៅពេល​បច្ចុប្បន្ននេះ។

លោក វ៉ី សំណាង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០កន្លងមក​ថា ជាមួយនឹង​ចំនួន​នៃ​គម្រោង​វិនិយោគ​ថ្មី​ទាំង១៩ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ជាង១៦៦លាន​ដុល្លារ​ខាងលើនេះ។ លោក​បាន​សម្ដែង​នូវ​ភាព​រីករាយ​ស្វាគមន៍ និង​ព្យាយាម​ជួយ​សម្រួល​ដល់​កិច្ច ដំណើរការ​នៃ​ការវិនិយោគ​ទាំងនេះ ដើម្បី​អាច​ដំណើរការ​ប្រកបដោយ​ភាពរលូន។

លោក​បន្តថា គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​ចំនួន២៧១ មាន​ប្រតិបត្តិការ ប៉ុន្តែ​ទើបតែ​នៅក្នុង​ស្ថានភាព​នៃ​ការ​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺឆ្លង Covid-19 នៅក្នុង​អំឡុង​ខែមីនា មាន​រោងចក្រ​ចំនួន៣១ បាន​ស្នើសុំ​ធ្វើការ​ព្យួរ ដែល​ក្នុង​បណ្តាលមកពី​ការខ្វះខាត​វត្ថុធាតុដើម ក្នុង​ការផលិត និង​ភាព​ប្រឈម​បាត់បង់​ការបញ្ជាទិញ។

លោក​បាន​បញ្ជាក់ថា “វិបត្តិ​មួយ​នេះ វា​បានកើត​ឡើងជា​សាកល ដែល​មិនមែន​ប៉ះពាល់​ត្រឹមតែ​ប្រទេស​កម្ពុជា ឬ​ត្រឹមតែ​នៅក្នុង​ខេត្តកំពង់ស្ពឺ​នោះទេ ប៉ុន្តែ​យើង​រំពឹងថា “ភាពល្អប្រសើរ នឹង​វិលត្រឡប់​មករក​សភាព​ដើម​វិញ​ក្នុងពេល​ដ៏​ខ្លី បន្ទាប់​ដំណោះស្រាយ​ត្រូវបាន​ធ្វើឡើង ប្រកបដោយ​ភាពជោគជ័យ​ក្នុងពេលឆាប់ៗខាងមុខនេះ។

គម្រោង​វិនិយោគ​ទាំង១៩ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន១៦៦,៤លាន​ដុល្លារ ដែល​ទើបតែ​ទទួលបាន​ការអនុញ្ញាត និង​គាំទ្រ​ឱ្យ​បើក​ដំណើរការ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​នៅត្រឹម​ត្រីមាស​ទី១ កន្លងទៅនេះ​បាន​ជួយ​បង្កើត​ឱកាស​ការងារ​បន្ថែម​ជាង១២,៦០០នាក់ ។

ដោយឡែក​សម្រាប់​ទីតាំង នៃ​គម្រោង​វិនិយោគ​ទាំងអស់នេះ មាន​នៅតាម​បណ្តា​ស្រុក/ក្រុង ផ្សេងៗគ្នា​ដូចជា ស្រុក​គងពិសី ចំនួន៦គម្រោង ស្រុក​សំរោង​ទង​ចំនួន៥គម្រោង ក្រុង​ច្បារមន​ចំនួន២គម្រោង តំបន់​សេដ្ឋកិច្ច​ពិសេស​អាល់​ត្រា​ផៅ​វ័រ ថេ​កណឡ​ជី ចំនួន២គម្រោង ស្រុក​ភ្នំស្រួច​ចំនួន១គម្រោង ស្រុក​ឧដុង្គ​ចំនួន១គម្រោង និង​ង​ស្រុក​បរសេដ្ឋ​ចំនួន១គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here