អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​ជួសជុលផ្ទះ​ និង​សាងសង់​សំណង់​អ្នកស្រុក​អង្គរបាន​ចំនួន​ ៨៧៩ករណី

0

​ដោយ​ វុត្ថា​

សៀមរាប​៖ រយៈពេល៩ខែ​ក្នុង​ឆ្នាំ២០១៩​ ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ការ​ជួសជុលផ្ទះ​ និង​សាងសង់​សំណង់​តូចតាច​របស់​ប្រជាពលរដ្ឋ​អ្នកស្រុក​អង្គរបាន​ចំនួន​ ៨៧៩ករណី​យោង​តាម​របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​ នា​រយៈពេល៩ខែ​ក្នុង​ឆ្នាំ២០១៩នេះ​ ក្រុមការងារ​សហគមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្តល់​ការអនុញ្ញាត​ជួសជុល​ កែ​លម្អ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរបាន​ចំនួន​ ៨៧៩ករណី​។

របាយការណ៍​នេះ​បន្ត​ថា​ ការអនុញ្ញាត​ខាងលើ​បាន​ ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង​ ចំនួន​ ១០៦ករណី​ ស្រុក​អង្គរធំ​ចំនួន១១៥ករណី​ ស្រុក​ពួក​ចំនួន​ ១៨៥ករណី​ ស្រុក​បន្ទាយស្រី​បាន​ចំនួន​ ១៦៧ករណី​ និង​ក្រុង​សៀមរាប​ចំនួន​ ៣០៦ករណី​។

ប្រធាន​លេខាធិការ​ដ្ឋាន​សហគមន៍​ លោក​ អឿន​ សំ​អុន​ បានឱ្យ​ដឹង​ថា​ ក្នុងរយៈពេល៩ខែ​នេះ​ ប្រជាពលរដ្ឋ​បាន​ដាក់ពាក្យ​ស្នើសុំ​ជួសជុល​កែ​លម្អ​ផ្ទះ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​ ១៧៤៦ករណី​ ក្នុង​នោះ​ក្រុមការងារ​បាន​ផ្តល់​ការអនុញ្ញាត​តាម​សំណូមពរ​ចំនួន​ ៨៧៩ករណី​។

ការអនុញ្ញាត​នេះ​គឺ​ផ្អែក​ទៅលើ​គោលការណ៍​គ្រប់គ្រង​លំនៅ​ដ្ឋាន​ស្របតាម​លក្ខខណ្ឌ​នៃ​កិច្ច​អភិរក្ស​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។ ចំពោះ​ការងារ​នេះ​ ប្រធាន​លេខាធិការ​ដ្ឋាន​សហគមន៍​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​តែង​សហការ​ចូលរួម​ សម្រួល​ដល់​ការងារ​នេះ​ទទួល​បាន​លទ្ធផល​ជា​ទី​មោទ​នៈ​។

ក្នុងករណី​ប្រជាពលរដ្ឋ​មាន​តម្រូវការ​កែ​លម្អ​គេហដ្ឋាន​របស់​ខ្លួន​ សូម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភូមិ​ឃុំ​សង្កាត់​ ដើម្បី​ដាក់​ពាក្យ​​ស្នើសុំ​ជួសជុល​កែ​លម្អ​ផ្ទះ​របស់​ខ្លួន​មក​លេខាធិការ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here