អាមេរិក​ដាក់​មន្ត្រី​រដ្ឋាភិបាល​ចិន​ក្នុង​បញ្ជីខ្មៅ​ ខណៈ​កិច្ចចរចា​ពាណិជ្ជកម្ម​នឹង​ចាប់ផ្តើម​នៅ​ទីក្រុង​វ៉ាស៊ីនតោន

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ដាក់​កា​រឹត​បន្តឹង​ទិដ្ឋាការ​ចំពោះ​មន្រ្តី​រដ្ឋាភិបាល​ចិន​ដោយ​ដាក់​ចូល​បញ្ជីខ្មៅ​រួម​ទាំង​អង្គភាព​ចំនួន​ ២៨​ របស់​ចិន​នៅ​សប្តាហ៍​នេះ​ មុន​ពេល​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ធ្វើឡើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ ព្រហស្បតិ៍​។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ លោក​ Mike​ Pompeo​ បានឱ្យ​ដឹង​ថា​ ការ​រឹតត្បិត​ទិ​ដ្ឋា​កា​ និង​ការចុះបញ្ជី​ខ្មៅ​ក្រុមហ៊ុន​គឺ​ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​ពីសំណាក់​រដ្ឋាភិបាល​ចិន​។

អាមេរិក​អំពាវនាវ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បញ្ឈប់​យុទ្ធនាការ​បង្ក្រាប​នៅ​ស៊ីន​ជាំ​ងជាបន្ទាន់​ដោយ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំឃាំង​តាមអំពើចិត្ត​ ហើយ​បញ្ឈប់​កិច្ចប្រឹងប្រែង​ដើម្បី​បង្ខំ​សមាជិក​ក្រុម​ជនជាតិ​ភាគ​តិ​ចមូ​ស្លី​មចិន​ដែល​រស់នៅ​ក្រៅប្រទេស​ឱ្យ​វិលត្រឡប់​មក​ចិន​វិញ​ដើម្បី​ប្រឈមមុខនឹង​វាសនា​មិន​ប្រាកដប្រជា​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ Pompeo​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​។

លោក​ Pompeo​ បន្ថែម​ថា​ “ការ​ការពារ​សិទ្ធិមនុស្ស​មាន​សារៈសំខាន់​ជា​មូលដ្ឋាន​ ហើយ​ប្រទេស​ទាំងអស់​ត្រូវតែ​គោរព​កាតព្វកិច្ច​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​” ។

រដ្ឋាភិបាល​ចិន​បាន​ធ្វើការ​បដិ​សេ​ធភ្លាម​ៗចំពោះ​ការ​អះអាង​របស់​រដ្ឋាភិបាល​អាមេរិក​ថា​ជា​ការ​ធ្វើពុត​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។ ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ បានឱ្យ​ដឹង​ថា​ “ជាមួយនឹង​ការ​ដោះ​សារ​អំពី​សិទ្ធិមនុស្ស​ ភាគី​អាមេរិក​បាន​បោះជំហាន​មួយ​ជំហាន​ទៀត​នៅ​ថ្ងៃនេះ​ ហើយ​បាន​ប្រកាស​រឹត​បន្តឹង​ទិដ្ឋ​ការ​ដល់​មន្រ្តី​ចិន​ បន្ទាប់ពី​បាន​ដាក់ទណ្ឌកម្ម​លើ​អង្គការ​ និង​ក្រុមហ៊ុន​ចិន​មួយចំនួន​”។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​ “យើង​ជំរុញ​ឱ្យ​អាមេរិក​កែប្រែ​កំហុស​របស់​ខ្លួ​នភ្លាមៗ​ និង​បញ្ឈប់​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​”។

ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ Liu​ He​ និង​ក្រុម​អ្នកចរចា​ពាណិជ្ជកម្ម​នឹង​ជួប​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ Robert​ Lighthizer​ និង​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​លោក​ Steven​ Mnuchin​ នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​នៅក្នុង​អ្វី​ដែល​អ្នកវិភាគ​ព្យាករណ៍​ថា​នឹង​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ ដោយសារតែ​សកម្មភាព​របស់​រដ្ឋាភិបាល​អាមេរិក​នៅ​សប្តាហ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here