អាមេរិក​ និង​ចិន​ចរចា​រក​កន្លែងចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ មេដឹកនាំ​អាមេរិក​ និង​ចិន​កំពុង​ចរចា​រក​កន្លែង​ដែល​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ខណៈ​អ្នកចរចា​កំពុង​ពុះពារ​រក​សេចក្តី​លម្អិត​អំពី​ការ​បន្ធូរបន្ថយ​ពន្ធគយ​ និង​ការទិញ​កសិផល​។

អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​មានបំណង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​“ ដំណាក់កាល​មួយ​” បណ្តោះអាសន្ន​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ APEC​ នៅ​ប្រទេស​ឈីលី​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ​ប៉ុន្តែ​ប្រធានាធិបតី​ឈីលី​ បាន​លុបចោល​ព្រឹត្តិ​ការណ៍​នេះ​ ដោយសារតែ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ កំពុង​ធ្វើ​ឱ្យ​ប្រទេស​នេះ​រញ្ជួយ​។

លោក​ Donald​ Trump​ បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ ទីតាំង​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការប្រជុំ​បន្ទាប់​ អាច​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​រដ្ឋ​កសិកម្ម​អាមេរិក​ Iowa​ ដោយ​ សារ​តែ​មាន​កិច្ច​ព្រមព្រៀង​យ៉ាងច្រើន​សម្រាប់​ចិន​ ក្នុង​ការទិញ​ទំនិញ​កសិកម្ម​អាមេរិក​ដែល​មានតម្លៃ​ដល់ទៅ៥០ពាន់​លាន​ដុល្លារ​។

ក្រុម​អ្នកវិភាគ​ក៏បាន​ប៉ាន់ស្មាន​ផង​ដែរ​ថា​ ប្រេស៊ីល​អាច​ជាទី​តាំង​សក្តា​នុ​ពល​មួយ​សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ ខណៈ​លោក​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពីង​ គ្រោង​នឹង​នៅ​ទីនោះ​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​ នៅ​ថ្ងៃទី​ ១៣​ ខែ​ វិច្ឆិកា​។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា​ អាឡាស្កា​ ឬហា​វ៉ៃ​ គឺជា​ទីតាំង​ដែល​មាន​សក្តា​នុ​ពល​សម្រាប់​ការ​ចុះហត្ថលេខា​នេះ​។

លោក​ Wilbur​ Ross​ បាន​ប្រាប់​សារព័ត៌មាន​ Bloomberg​ ថា​ “មាន​យោបល់​ថា​នៅ​អាឡាស្កា​ មាន​យោបល់​ថា​នៅ​ហា​វ៉ៃ​។ ខ្ញុំ​ប្រាកដ​ថា​ ប្រជាជន​ចិន​នឹង​មាន​យោបល់​មួយចំនួន​ថា​គួរតែ​ធ្វើ​នៅ​ចិន​”។

ការ​ចុះហត្ថលេខា​លើ​ពាណិជ្ជកម្ម​នេះ​កើតឡើង​ ខណៈ​អ្នកសេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​ បាន​ចេញផ្សាយ​របាយការណ៍​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ អំពី​ការខូចខាត​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

អង្គការសហប្រជាជាតិ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​ថា​ “ជម្លោះ​ពន្ធ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​គឺជា​ស្ថានភាព​ចាញ់​ ចាញ់​ សម្រាប់​ប្រទេស​ទាំងពីរ​ និង​ពិភពលោក​ទាំងមូល​ ហើយ​វា​ទំនងជា​យ៉ាប់យ៉ឺន​ ដរាបណា​គ្មាន​កិច្ច​ព្រមព្រៀង​ណាមួយ​”។

យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ ការនាំចេញ​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ​ចំនួន៥៣​ ពាន់​លាន​ដុល្លារ​ ហើយ​ការនាំចេញ​អាមេរិក​ទៅកាន់​ចិន​បាន​ធ្លាក់ចុះ​ចំនួន ១៤​,៥ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here