អំណាចនៃការទិញនៅក្នុងខេត្តព្រះសីហនុកាន់តែមានកំណើនខ្លាំង

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ជាមួយនឹងកំណើននៃអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើន និងកំនើនប្រជាសាស្រ្ត ដែលបានសម្រុកទៅកាន់ខេត្តព្រះសីហនុ បានជំរុញឱ្យសេដ្ឋកិច្ចខេត្តមួយនេះមានភាពរីកចម្រើន បានធ្វើឱ្យតម្រូវការនៃការបញ្ជារទិញកើនឡើងយ៉ាងខ្លាំង ខណៈដែលការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។

ចំនួននៃប្រជាជនរស់នៅក្នុងខេត្តព្រះសីហនុ នៅពេលបច្ចុប្បន្ននេះមានការកើនឡើង​រហូតដល់ជាង៣០ម៉ឺននាក់ ស្របពេលដែលសន្ទុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តទាំងមូលមានភាពល្អប្រសើរ ដែលជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់មានលទ្ធភាពក្នុងការរកបានចំណូលខ្ពស់ និងមានតម្រូវការកាន់តែច្រើន។

នាយកគ្រប់គ្រងផ្នែកទីតាំងជួលផ្សារទំនើប FURI Times Square លោក កង ដាវីត បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដោយសារតែមានកំណើននៃការវិនិយោគជាច្រើនគម្រោងលើគ្រប់វិស័យ បានធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើសការរំពឹងទុក។ លោកបានបន្តទៀតថា “កំណើននៃការវិនិយោគបានធ្វើឱ្យប្រជាជនចូលមករស់នៅ និងប្រកបការងារនៅក្នុងខេត្តមួយនេះកាន់តែច្រើន ជាពិសេសកំណើននៃចំនួនភ្ញៀវទេសចរ ដែលកាន់តែធ្វើឱ្យអំណាចនៃការទិញកាន់​តែមានទំហំធំ”។

លោកបានបន្តទៀតថា “តាមការពិនិត្យឃើញជាក់ស្ដែង បច្ចុប្បន្ននេះ នៅក្នុងខេត្តព្រះសីហនុ មានមណ្ឌលលក់ទំនិញបែបទំនើបមានចំនួនតិចនៅឡើយ ខណៈដែលតម្រូវការរបស់អតិថិជន ដែលមានជីវភាពកម្រិតមធ្យមមានចំនួនច្រើន”។ លោកបានបន្តទៀតថា “ដោយសារតែមើលឃើញសក្ដានុពលលើការផ្គត់ផ្គង់ខាងលើនេះ មានក្រុមហ៊ុនធំៗជាច្រើនដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ លំដាប់អន្តរជាតិបានបង្ហាញខ្លួនព្រោងព្រាត ជាមួយនឹងក្ដីរំពឹងថា អាចទទួលបានចំណែកទីផ្សារប្រកបដោយភាពជោគជ័យ”។

លោកបានបន្តទៀតថា “តាមរយៈផ្សារទំនើបដ៏ធំ ដែលទើបតែមានលើកដំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុ FURI Times Square មានក្រុមហ៊ុនលំដាប់អន្តរជាតិស្ទើរគ្រប់វិស័យបានបង្ហាញវត្តមាននៅក្នុងខេត្តមួយនេះ រួមមានដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks, ក្រុមហ៊ុន Amazone Café , ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea, ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE , ក្រុមហ៊ុន Samsonite, ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock, ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត”។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា បើទោះជាមានកំណើននៃចំនួនក្រុមហ៊ុនចូលមកផ្គត់ផ្គង់ ដូចដែលបានរៀបរាប់ទាំងអស់ខាងលើនេះក្ដី ប៉ុន្តែហាក់នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្ដែងនៅឡើយនោះទេ។

ផ្សារទំនើប FURI TIMES SQUARE ដែលជាផ្សារទំនើបដំបូងគេនៅក្រុងព្រះសីហនុ គ្រោងបើកដំណើរការនៅចុងខែតុលាខាងមុខនេះ។

អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់់បានមានប្រសាសន៍ថា ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងលឿន ស្ទើរមិនគួរឲ្យជឿ ដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ពិសេសការដាក់ចេញនូវការលើកទឹកចិត្តការវិនិយោគ តាមរយៈច្បាប់វិនិយោគដ៏ល្អ និងគោលនយោបាយអភិ​វឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល។

លោកបន្តថា “ការរីកចម្រើនដ៏លឿននខេត្តព្រះសីហនុ បានធ្វើឲ្យចរន្តនៃលំហូរប្រជាជនចូលទៅរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្តនេះបានកើនយ៉ាងគំហុក ដែលធ្វើឲ្យតម្រូវការផ្សារទំនើបកើនឡើង”។លោកបន្តថា “ការបើកដំណើរការនូវផ្សារទំនើប FURI TIMES SQUARE នាពេលឆាប់់ៗខាងមុខ ជាការឆ្លើយតបយ៉ាងត្រឹមត្រូវនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់អ្នកវិនិយោគ និងប្រជាជនមូលដ្ឋាន”។លោកបន្តថា “អំណាចនៃ​ការបញ្ជាទិញបានកើនឡើង ដោយសារសេដ្ឋកិច្ចរសរវើក និងប្រាក់ចំណូលរបស់ប្រជា ពលរដ្ឋរស់នៅក្នុងទីក្រុងនេះកើនឡើងខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here