អ្នកចូលរួម​ព្រួយបារម្ភ​ពី​វិទ្យុសកម្ម​ក្នុង​អាហារ​ និង​ទឹក​នៅ​ហ្វូ​គូ​ស៊ី​ម៉ា​ក្នុង​ការ​ប្រារព្ធ​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ឆ្នាំក្រោយ​

0

ដោយ​ Donald​ Lee​

តូ​ក្យូៈ​ គណៈកម្មាធិការ​អូឡាំពិក​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចំណីអាហារ​ និង​ទឹក​អំឡុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​ នៅ​ទីក្រុង​តូក្យូ​ឆ្នាំ២០២០​ ដោយសារតែ​កម្រិត​វិទ្យុសកម្ម​កើនឡើង​ ដែល​បណ្តាល​មក​ពី​គ្រោះមហន្តរាយ​រោងចក្រ​ថាមពល​នុយ​ក្លេ​អ៊ែ​រហ្វូ​គូ​ស៊ី​ម៉ា​ក្នុង​ឆ្នាំ​ ២០១១​។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​សម្តែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ នៅក្នុង​លិខិត​ជា​ផ្លូវការ​មួយ​ទៅកាន់​ អ្នក​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ថា​ បន្លែ​ដែល​ដាំ​នៅក្នុង​ខេ​ត្ត​ហ្វូ​គូ​ស៊ី​ម៉ា​ នឹង​ត្រូវ​ផ្តល់​ជូន​ដល់​កីឡាករ​អូឡាំពិក​អំឡុង​ពេល​ប្រកួត​។

លោក​ Park​ Yang​-woo​ រដ្ឋមន្រ្តី​ក្រសួង​កីឡា​របស់​កូរ៉េ​ខាងត្បូង​ បាន​និយាយទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​សេអ៊ូល​ថា​ “គ្មានអ្វី​ដែល​សំខាន់​ជាង​សុវត្ថិភាព​ទេ​”។

លោក​បាន​បន្ថែម​ថា​ “យើង​នឹង​ស្វែងរក​ការពិគ្រោះ​យោបល់​ ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ និង​អ្នកដទៃ​ទៀត​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អត្តពលិក​របស់​យើង​ និង​ធានា​ថា​ កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ នឹង​ត្រូវ​បាន​ធ្វើឡើង​ប្រកបដោយ​សុវត្ថិភាព​”។

អ្នក​អត្ថា​ធិប្បាយ​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ ព្រឹត្តិ​ការណ៍​ជាច្រើន​ នឹង​ត្រូវ​បាន​រៀបចំឡើង​នៅក្នុង​ខេ​ត្ត​ហ្វូ​គូ​ស៊ី​ម៉ា​ នៅ​រដូវ​ក្តៅ​ខាងមុខនេះ​។ ការ​បញ្ជូន​ភ្លើង​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​ ក៏​នឹង​ចាប់ផ្តើម​នៅ​ហ្វូ​គូ​ស៊ី​ម៉ា​ដែរ​។

អ្នក​រៀបចំ​អូឡាំពិក​ជប៉ុន​ និង​រដ្ឋាភិបាល​ ក្នុង​តំបន់​ហ្វូ​គូ​ស៊ី​ម៉ា​បាន​បញ្ជាក់​ថា​ ពួកគេ​នឹង​អនុវត្ត​តាម​គោលការណ៍​ ណែនាំ​សុវត្ថិភាព​ចំណីអាហារ​យ៉ាង​តឹង​រឹង​ និង​តាមដាន​កម្រិត​វិទ្យុសកម្ម​ក្នុង​អាហារ​ជាប្រចាំ​។

រដ្ឋា​ភិ​បាល​ហ្វូ​គូ​ស៊ី​ម៉ា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា​ “យើង​គ្រាន់តែ​ដឹក​ផលិតផល​បឋម​ ដែល​ត្រូវ​បាន​បញ្ជាក់​ថា​មាន​សុវត្ថិភាព​ តាមរយៈ​ការ​ត្រួតពិនិត្យ​ជាច្រើន​ដំណាក់កាល​នី​មួយ​ៗ ដោយមាន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល​ក្រុង​ និង​តំបន់​ផលិតកម្ម​ អ្នក​ផលិត​ អ្នក​ចែកចាយ​ និង​អ្នកលក់​រាយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here