អ្នកជំនាញថា៖ មុនវិនិយោគលើដីធ្លីត្រូវគិតចំណុចទាំងនេះសិន

0

ដោយ គង់ សូរិយា

ភ្នំពេញស្របពេលចលនានៃការវិនិយោគដីធ្លី មានការកើនឡើងនិងកំពុងបង្កហានិភ័យដល់មនុស្សមួយចំនួន អ្នកជំនាញបានប្រាប់គន្លឹះមួយចំនួនមុនពេលសម្រេចចិត្តលើការវិនិយោគនេះ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យលោកង៉ែត ជូបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ឧសភានេះថា ការវិនិយោគលើដីធ្លីមិនអាចទទួលបានផលមកវិញមុនរយៈពេល១ឆ្នាំឬមួយឆ្នាំនោះទេ។ វាត្រូវការពេលវេលាសមស្របមួយ ហេតុនេះមុនសម្រេចចិត្តវិនិយោគលើដីធ្លី អ្នកវិនិយោកគគួរគិតកត្តាមួយចំនួនសិន ដូចជា ទី១ សូមដកចេញនូវការពឹងផ្អែកលើព្រេងសំណាងជាមុនសិន ព្រោះព្រេងសំណាងវាមិនអាចកើតមានពិតប្រាកដទេ បើយើងគ្មានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ ទី២ ត្រូវសួរខ្លួនឯងថា បើសិនជាគំរោងរបស់ខ្លួនជាប់គាំង លក់មិនចេញ តើយើងអាចទ្រាំឬមានវិធីសាស្រ្តដោះស្រាយបានប៉ុន្មានឆ្នាំ បើយើងរង់ចាំឬអាចដោះស្រាយបាន យើងនឹងទទួល​ជោគជ័យ។

ទី៣ កុំពឹងផ្អែកលើព៌តមានឆៅ ឬធ្វើតាមកំសួលភ្លាមៗ ដោយមិនបានវិភាគ ពិចារ​ណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុន ទី៤ កុំឲ្យមានការយល់ច្រឡំផ្នែកអារម្មណ៍ មានន័យថាកុំយកអារម្មណ៍ឬធ្វើតាមគ្នា។

លោកង៉ែត ជូបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកបន្ថែមថា ចូរវិនិវិយោគប្រកបដោយចក្ខុវិស័យ ត្រឹមឆ្នាំ២០៣០ ក្រុងភ្នំពេញមានតំរូវការដីសំរាប់លំនៅដ្ឋានដ៏ធំរហូតដល់ប្រមាណ៣៦០០ហិកតា ឬស្មើនឹងជាង២៤ដងនៃផ្ទៃដីបឹងកក់ទាំងមូល។

Advertisement

លោកបន្តថា “តាមការវិភាគលើទិន្នន័យ នៃតំរូវការលំនៅដ្ឋាននៅក្រុងភ្នំពេញ ខ្ញុំអាចព្យាករណ៍ថា ក្នុង១ឆ្នាំៗមានតំរូវការដីសំរាប់លំនៅដ្ឋានប្រមាណ៣០០ហិកតា ឬស្មើនឹងជាង២ដងនៃផ្ទៃបឹងកក់ទាំងមូល”។

ការអះអាងនេះដោយផ្អែកលើមូលដ្ឋានមួយចំនួន ដូចជា ទី១ ជាមធ្យមក្នុង១ឆ្នាំៗ

ប្រជាជនក្រុងភ្នំពេញត្រូវការផ្ទះចំនួនប្រមាណ២ម៉ឺន។ បើផ្ទះ១ល្វែងត្រូវការផ្ទៃដីប្រហែល១០០ ម៉ែត្រការ៉េ នោះនឹងមានតំរូវការដីប្រមាណ២០០ហិកតា។ ប៉ុន្តែក៏ត្រូវគិតគូរពីដីសំរាប់ធ្វើផ្លូវ សួន សាលារៀន និងផ្សារផងដែរ ដូច្នេះនឹងត្រូវការដីបន្ថែមប្រមាណ១០០ហិកតាទៀត។ ជារួមក្នុង១ឆ្នាំៗ ភ្នំពេញត្រូវការប្រមាណ៣០០ហិកតា សំរាប់សង់លំនៅដ្ឋាន។

ទី២ ផ្ទៃដីបឹងកក់ទាំងមូលមានទំហំប្រមាណ១៣៣ហិកតា ដូច្នេះតំរូវការដីប្រមាណ៣០០ហិកតាខាងលើស្មើនឹងជាង២ដងនៃផ្ទៃដីបឹងកក់ទាំងមូល។

ទី៣ បើ១ឆ្នាំៗ មានតំរូវការដីសំរាប់លំនៅដ្ឋានប្រហែលជាង២ដង នៃផ្ទៃដីបឹងកក់ នោះ ក្នុងរយៈពេល១២ឆ្នាំទៅមុខទៀត (២០១៩-២០៣០) ក្រុងភ្នំពេញនឹងមានតំរូវការដីសំរាប់លំនៅដ្ឋានប្រមាណជាង២៤ដងនៃផ្ទៃបឹងកក់។ នេះជាតំរូវការដ៏ធំដែលមិនទាន់គិតពីតំរូវការផ្សេងទៀតដូចជាដីសំរាប់ធ្វើឃ្លាំង រោងចក្រ។ល។ ទី៤ យោងតាមតំរូវការខាងលើ បើជាបុគ្គលយើងអាចធ្វើផែនការ ក្នុងការវិនិយោគដីធ្លីសំរាប់រយៈពេលវែង ដើម្បីចាប់យកឱកាសពីតំរូវការនេះ។ សំរាប់រដ្ឋាភិបាល រដ្ឋាភិបាលគួរមានផែនការមេសំរាប់អភិវឌ្ឍន៍ក្រុងក្នុងរយៈពេល១០០ឆ្នាំទៅមុខទៀត។ ក្រុងភ្នំពេញសព្វថ្ងៃជាការផ្តួចផ្តើមកសាងដោយបារាំងកាលពី១០០ឆ្នាំមុន ដូច្នេះមិនអាចឆ្លើយតបសមស្របតាមតំរូវការនៃកំណើនប្រជាជននាពេលបច្ចុប្បន្ន និងអនាគតបានទេ៕

- Advertisement -

Leave a Reply