អ្នកជំនាញប្រាប់ពីវិធីទិញផ្ទះងាយស្រួលលក់និងចំណេញច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តើអ្នកបានដឹងពីវិធីសាស្រ្តទិញផ្ទះសម្រាប់យកចំណេញ និងងាយ​ស្រួលលក់ចេញឬនៅ? ការទិញលំនៅដ្ឋានមិនមែនចេះតែទិញនោះទេ ហើយក៏​មិនងាយលក់ចេញបានដែរ ប្រសិនជាមិនយកចិត្តទុកដាក់លើលក្ខខ័ណ្ឌមួយចំនួន។

Propertyarea.asia គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា នឹងលើកយកប្រសាសន៍របស់អ្នកមានជំនាញខាងទិញលក់លំនៅដ្ឋាននៅតាមបុរីនានាមកបង្ហាញជូន។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមដែលមានជំ​នា​ញលើការទិញលក់លំនៅដ្ឋាននៅតាមបុរីនានា នាទីក្រុងភ្នំពេញ​បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការទិញលក់លំនៅដ្ឋាន ឬទិញផ្ទះសម្រាប់វិនិយោគ អ្នកវិនិយោគគួរទិញផ្ទះនៅតំបន់មានសេដ្ឋកិច្ចរសរវើក ព្រោះតំបន់បែបនេះ​មាន​មនុស្សរស់នៅច្រើន និងទាក់ទាញអ្នកចង់មករស់នៅថ្មីៗ។ ទិញផ្ទះស្ថិតនៅកាច់ជ្រុង ព្រោះផ្ទះនៅកាច់ជ្រុង ជាទីតាំងងាយស្រួលប្រើប្រាស់ ឡើងថ្លៃលឿន និងជាទី​ចាប់អារម្មណ៍របស់អតិថិជន ។

លោកបន្តថា ផ្ទះដែលអាចប្រកបអាជីវកម្មបាន (Shop House) ក៏ជាប្រភេទផ្ទះឡើងថ្លៃលឿន និងងាយស្រួលលក់ផងដែរ។

Advertisement

លោកសុខនីមបានបន្តថា “ហេតុនេះការជ្រើសរើសលំនៅដ្ឋានក្នុងលក្ខខ័ណ្ឌល្អប្រសើរ គួបផ្សំនឹងកេរ្ត៍ឈ្មោះរបស់បុរីល្អ សុទ្ឋតែជាកត្តាអំណោយផលដល់ការវិនិយោគលំនៅដ្ឋាន”។ លោកបន្តថា “ទោះជាយ៉ាងណាបច្ចុប្បន្នអ្នកទិញផ្ទះទុកលក់យកចំ ណេញហាក់បានថយចុះច្រើន ដោយសារការផ្គត់ផ្គង់លំនៅដ្ឋានមានការកើនឡើ​ងខ្ពស់”។

ទាក់ទងនឹងទីផ្សារលំនៅដ្ឋាននៅកម្ពុជា លោកច្រឹក សុខនីមបានឲ្យដឹងថា ទីផ្សារទិញលក់លំនៅដ្ឋាននៅឆ្នាំនេះ នៅតែមានសញ្ញាល្អប្រសើរ ដោយសារតែលក្ខខ័ណ្ឌមួយចំនួន ទី១ កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង ទី២ លក្ខខ័ណ្ឌនៃការទទួលបានឥណទាន និងការផ្តល់លក្ខខ័ណ្ឌបង់ប្រាក់កាន់តែប្រសើរ ទី៣ កត្តាប្រជាសាស្រ្ត មានន័យថាចំនួនប្រជា​ជនចូលមករស់នៅក្នុងទីក្រុងកើនឡើងជារៀងរាល់ឆ្នាំ និងទី៤ កត្តាប្រជាជនវ័យ​ក្មេងច្រើននៅកម្ពុជា ដែលពួកគេបានរៀបការ និងបង្កើតគ្រួសារថ្មីៗច្រើន ធ្វើឲ្យ​តម្រូវការលំនៅដ្ឋានកើនឡើងជាស្វ័យប្រវត្តិ៕

- Advertisement -

Leave a Reply