អ្នកជំនាញ​អះអាង​ថា​ដី​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​កំពុង​មា​នកំនើន​តម្លៃ​និង​តម្រូវការ​

0

​ដោយ​ ​រ៉ា​ណេត​

ភ្នំពេញ​៖​ ​បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​ដោយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​រួចមក​ ​បាន​ធ្វើ​ឱ្យ​ចរន្ត​នៃ​ការទិញ​-​លក់​ដីធ្លី​ដែល​ស្ថិតនៅ​ជាប់​ ​និង​នៅ​ក្បែរ​តំបន់​សាងសង់​មាន​ភាព​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​តម្លៃ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។​ ​

លោក​ឧកញ៉ា​ ​តេង​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​R​ ​Investment​ ​Group​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១០​ ​កន្លងមក​ថា​ ​បច្ចុប្បន្ន​ចំពោះ​ស្ថានភាព​នៃ​តម្លៃ​ដី​ ​ដែល​ស្ថិតនៅ​តំបន់​សា​សង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​គឺ​កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ក្នុង​ការ​ ​ទិញ​-​លក់​ ​បន្ត​យកចំណេញ​។​

​លោក​ឧកញ៉ា​បន្ត​ថា​ ​បើ​តាម​ក្រុមការងារ​ដែល​ចុះ​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់​ឃើញថា​ ​មានការ​កើនឡើង​ខ្លាំង​ ​ប៉ុន្តែ​តម្លៃ​គោល​ដែល​នឹង​បន្ត​កើនឡើង​រហូតដល់​កម្រិត​ណា​នោះ​ ​គឺ​មិនទាន់​អាច​កំណត់​បាន​នោះ​ទេ​ ​ដែល​ជា​ធម្មតា​បងប្អូន​ប្រជាជន​ដែល​ជា​ម្ចាស់ដី​ផ្ទាល់​ ​ពួកគាត់​ចេះតែ​ចង់បាន​តម្លៃ​មួយ​ខ្ពស់​ ​ដូចជា​នៅ​តំបន់​ព្រែកព្នៅ​ ​មានតម្លៃ​ទាប​បំផុត​ក្នុង​ចន្លោះ​ជាង​១០​ដុល្លារ​ ​ឬ​តំបន់​ខ្លះ​អាច​ឈានឡើង​ដល់២០​ ​ដុល្លារ​ក៏​មាន​ ​(​ប្រភេទ​ដី​ទំនេរ​ ​ដូចជា​ដី​បឹង​ ​ឬ​ដីស្រែ​ជាដើម​)​។​

លោក​បន្ត​ថា​ ​ដោយឡែក​ដី​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ ​អាច​ឡើង​ដល់​ប្រមាណ​ជាង​ ​២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​នៅ​តំបន់​ខ្លះ​មានតម្លៃ​ថ្លៃជាង​នេះ​ ​ដែល​វា​អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​នៃ​ទីតាំង​ ​និង​ទំហំដី​។​ ​

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​ដោយឡែក​ចំពោះ​ដី​ ​ដែល​ស្ថិត​តំបន់​ទំនប់​កប់​ស្រូវ​គឺ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​តំបន់​ព្រែកព្នៅ​ ​ព្រោះ​នៅ​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ហើយ​លំហូរ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ក៏ដូចជា​ការ​តាំង​លំនៅ​ដ្ឋាន​ក៏​មាន​ច្រើន​ ​ជាពិសេស​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍​។​

​ចំពោះ​ប្រភេទ​ដី​ឡូ​តិ៍​ ​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​មានតម្លៃ​ខ្ពស់​ក្នុង​ចន្លោះ​ចាប់ពី​ជាង១០,០០០ដុល្លារ​ ​រហូត​ឈាន​ដល់​ជាង​២០,០០០​ ​ដុល្លារ​ក៏មានដែរ​ ​ហើយក៏​មិនសូវ​មាន​ដី​ទំនេរ​នោះ​ដែរ​។​ ​ប៉ុន្តែ​បើ​ដី​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌដង្កោ​ ​ត្រង់​ចំណុច​ព្រែក​កំពឹស​ ​អាច​មាន​សភាព​ទាប​ជាង​តំបន់​ទំនប់​កប់​ស្រូវ​ ​ដោយស្ថាន​ភាព​ដី​ទំនេរ​ ​ឬ​ដី​បឹង​ ​ទាប​បំផុត​អាច​ក្នុង​ចន្លោះ​ចាប់ពី១៥​ ​-​ ​២០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

ជាមួយគ្នា​នេះ​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​(​KFA​)​ ​បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ ​នៅ​តំបន់​កៀនស្វាយ​ដែល​ស្ថិតនៅ​ជាប់នឹង​គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ​តម្លៃ​ដី​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​លើ​ការទិញ​-​លក់​ទ្វេដង​ហើយ​តម្លៃ​ក៏​បន្ត​ឡើង​ខ្លាំង​ផង​ដែរ​ ​ពោល​គឺ​ចាប់តាំងពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​លោក​ប្រកាស​បើក​ការដ្ឋាន​សាងសង់​មក​ ​ដែល​គិត​ត្រឹម​ពេលនេះ​មាន​រយៈពេល​ខ្លី​ជាង៣ខែ​ប៉ុណ្ណោះ​ ​តម្លៃ​ដី​នៅ​តំបន់​មានការ​កើន​ឡើង​ប្រមា​ន១៥​ ​ទៅ២០ភាគរយ​។​

លោក​ឧកញ៉ា​បន្ត​ថា​ ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នា​ពេល​បច្ចុប្បន្ន​ ​មានតម្លៃ​ទាប​បំផុត៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​(​ជា​ប្រភេទ​ដីស្រែ​)​ ​ប៉ុន្តែ​ចំពោះ​ដីចំការ​ ​ឬ​ដី​ភូមិ​ទំនេរ​ ​ដែល​ត្រូវ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ឆ្លងកាត់​ ​មានតម្លៃ​ចាប់ពី១០០​ ​ទៅ១៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដែល​តម្លៃ​របស់​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ ​និង​ទំហំដី​។​ ​ដោយឡែក​ងាក​មក​ខាង​តំបន់​ស្រុក​ស្អាង​វិញ​ ​ដីធ្លី​កាន់តែ​មានតម្លៃ​ថ្លៃ​ ​ពោល​គឺ​ដី​ធម្មតា​ ​ដែល​មិន​ជាប់នឹង​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ​មានតម្លៃ​ចន្លោះ​៨០ទៅ១១០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​រួច​ទៅ​ហើយ​ ​ដោយសារតែ​នៅក្នុង​ស្រុក​ស្អាង​មានការ​អភិវឌ្ឍន៍​រួម​ជាស្រេច​ហើយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here