អ្នកជំនាញ​អះអាង​ថា​ ការ​ផ្អាក​សកម្មភាព​គំរោង​សាងសង់​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​មិន​ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ស្រដៀងគ្នា​ថា​ ការ​ផ្អាក​សកម្មភាព​សាងសង់​គំរោង​មួយចំនួន​ នៅ​ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​ មិន​ប៉ះពាល់​ដល់​កម្ម​ភាព​អភិវឌ្ឍន៍​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ក្នុង​ខេត្ត​ទេ​។

ក្នុងរយៈពេល​ដ៏​ខ្លី​នៃ​ការ​រឹ​តបណ្តឹង​អនុវត្ត​ច្បាប់​ សាងសង់​សំណង់​នៅ​កម្ពុជា​ ចំពោះ​វិស័យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ បាន​និង​កំពុងតែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ ខណៈ​ដែល​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​រក​ឃើញថា​ សំណង់​មួយចំនួន​ត្រូវ​បាន​ធ្វើឡើង​ខុស​បច្ចេកទេស​ គ្មាន​គុណភាព​ និង​មិន​មានច្បាប់​ត្រឹម​ រហូត​ត្រូវ​បាន​អជ្ញា​ធរ​ហាមឃាត់​ ផ្អាក​សកម្មភាព​សាងសង់​ រង់ចាំ​មានច្បាប់​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឱ្យ​បន្តសកម្មភាព​អភិវឌ្ឍន៍​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ នៅ​រសៀល​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ ការ​ផ្អាក​សកម្មភាព​សាងសង់​សំណង់​មួយចំនួន​ នៅក្នុង​ក្រុង​ព្រះសីហនុ​ គឺ​មិនបាន​ជះឥទ្ធិពល​អាក្រក់​ដល់ទី​ផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​នេះនោះ​ទេ​ ។ លោក​បន្ត​ទៀត​ថា​ “ការ​ផ្អាក​សកម្មភាព​សាងសង់​សំណង់​មួយចំនួន​ នៅក្នុង​ក្រុង​ព្រះសីហនុ​មិនបាន​ប៉ះពាល់​ដល់​តម្លៃ​អចលនទ្រព្យ​នៅ​លើ​ទីផ្សារ​រួម​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​តម្លៃ​ដីធ្លី​នៅតែ​រក្សា​ភាពល្អ​ប្រសើរ​ ហើយ​វា​នឹង​បន្ត​ឡើង​បន្តិចទៀត​ ក្រោយពេល​សណ្ដាប់ធ្នាប់​ទូទៅ​នៅក្នុង​ខេត្ត​មួយ​នេះ​ត្រូវ​បាន​រៀបចំ​រួចរាល់​ ដែល​មាន​លំហូរ​ភ្ញៀវ​ទេសចរ​ចូល​មកកាន់​ខេត្ត​កាន់តែ​ច្រើន​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “ពេលនេះ​វា​នៅតែ​ជា​វេលា​ល្អ​ សម្រាប់​អ្នក​វិនិយោគ​ ដែល​មានបំណង​ចង់​ទិញទុក​លក់​ ឬអភិវឌ្ឍ​ ព្រោះ​បើ​រង់ចាំ​បន្តិចទៀត​តម្លៃនឹង​ឡើងថ្លៃ​ ដែល​អាច​ធ្វើ​ឱ្យ​បាត់​ឱកាស​”។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ ក៏បាន​មានប្រសាសន៍​ស្រដៀងគ្នា​ថា​ ភាព​អវិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​ នៅ​ខេត្ត​ព្រះសីហនុ​ ហា​កមិន​មាន​ភាគរយ​នោះ​ទេ​ ហើយ​នា​ពេល​បន្តិចទៀត​ខេត្ត​ព្រះសីហនុ​កាន់តែ​មាន​ពន្លឺ​ ស័ក្ដិសម​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​ជាទី​ក្រុង​គជ់​ ឬជាតា​រា​ទិសនិរតី​។

​លោកស្រី​បន្ត​ថា​ “នៅពេល​ទីក្រុង​ស្អាត​ មាន​សណ្ដាប់ធ្នាប់​ល្អ​ កំណើន​មនុស្ស​ទៅកាន់​ខេត្ត​នេះ​នឹង​កើនឡើង​ ដែល​វា​ជំរុញ​ឱ្យ​មាន​តម្រូវការ​កាន់តែ​ខ្ពស់​ លើ​ផ្នែក​ផ្គត់ផ្គង់​ការ​ស្នាក់នៅ​ ដែល​វា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​អចលនទ្រព្យ​”។

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ ការ​ផ្អាក​សកម្មភាព​សាងសង់​ត្រូវ​បាន​ធ្វើឡើង​ចំពោះតែ​សំណង់​ដែល​ខុស​បច្ចេកទេស​ និង​គ្មាន​ច្បាប់​មួយ ចំនួន​តូច​តែប៉ុណ្ណោះ​ ប៉ុន្តែ​ចំពោះ​សំណង់​ដែល​មានច្បាប់​ត្រឹមត្រូវ​ និង​ធ្វើឡើង​ស្របតាម​បច្ចេកទេស​ដែល​ត្រូវ​បាន​កំណត់​ដោយបទ​ដ្ឋាន​ គតិយុត្តិ​របស់ក្រ​សួង​រៀបចំ​ដែ​នដីន​ គរូប​នី​យក​ម្ម​ និង​សំណង់​ គឺ​នៅតែ​បន្តសកម្មភាព​សាងសង់​ជា​ធម្មតា​។

លោក​បាន​បន្ត​ថា​ “ជាក់ស្ដែង​ពេលនេះ​ សកម្មភាព​សាងសង់​មួយចំនួន​ត្រូវ​បាន​ផ្អាក​សកម្មភាព​ ក្រោម​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ ប៉ុន្តែ​ការ​ផ្អាក​នេះ​ខ្ញុំ​ជឿ​ថា​ វា​មាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា​ “តាមពិត​វា​ជា​រឿង​ល្អ​វិញ​ទេ​ ព្រោះ​ក្រោយ ពេល​មានការ​យកចិត្ត​ទុកដាក់​ពីសំណាក់​មន្ត្រី​ជំនាញ​ និង​អជ្ញា​ធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​ គ្រប់​សំណង់​ទាំងអស់​ ត្រូវ​បាន​ប្រាកដ​ថា​មានគុណ​ភាព​ ស្របច្បាប់​ ដែល​វា​កាន់តែ​បង្កើន​ទំនុក​ដល់​អតិថិជន​”។

លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ នៅពេល​ដែល​គ្រប់​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ប្រាកដ​ថា​មានគុណ​ភាព​ សំណង់​ស្របច្បាប់​ ពេលនោះ​សណ្ដាប់ធ្នាប់​ទូទៅ​នៃ​វិស័យ​សំណង់​ក៏​ចាប់ផ្តើម​មាន​ល្អ​ប្រសើរ​ ដែល​វា​កាន់តែ​ជួយ​ជំរុញ​ និង​បង្កើន​ទំនុកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​បន្ត​ដែល​ជា​អតិថិជន​។ នៅពេល​ដែល​មានទំនុក​កាន់តែ​ខ្ពស់​ កម្លាំង​នៃ​កា​រប​ញ្ជារ​ទិញ​កាន់តែ​ច្រើន​ វា​នឹង​ជំរុញ​ឱ្យ​តម្លៃ​មានការ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here