អ្នកជំនាញ​៖ ចលនា​នៃ​ការទិញ​លក់​ដី​នៅ​តាម​ជាយក្រុង​នៅតែ​បន្ត​មាន​ភា​ពរ​ស់​រវើក​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ ចលនា​នៃ​ការទិញ​លក់​ដី​នៅ​តាម​បណ្តា​ជាយក្រុង​នៃ​រាជធានី​ភ្នំពេញ​ នៅតែ​បន្តសកម្មភាព​រស់រវើក​ ដោយសារ​តម្រូវការ​នៅតែ​បន្ត​កើនឡើង​ជាប្រចាំ​។

លោកស្រី​តាំង​ ហ៊ួរ​ នាយិកា​រក្រុ​មហ៊ុន​អចលនទ្រព្យ​ Amatak​ Property​ Service​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ ​ឱ្យ​ដឹង​នៅ​ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ សកម្មភាព​នៃ​ការទិញ​លក់​ដីធ្លី​ នៅក្នុង​រាជធានី​ភ្នំពេញ​ ជាពិសេស​នៅ​តាម​ជា​ក្រុង​នៅតែ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ និង​ប្រព្រឹត្តទៅ​ដោយ​រលូន​ ពុំ​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ​។

លោកស្រី​បន្ត​ថា​ “យើង​ឃើញ​សកម្មភាព​នៃ​ការទិញ​លក់​ដី​ នៅតែ​មាន​សកម្ម​ល្អ​ប្រសើរ​ ហើយ​រហូ​តម​ដល់​ជិត​ដាច់ឆ្នាំ​នេះ​ មាន​តំបន់​ខ្លះទៀត​គឺ​មាន​សកម្មភាព​ល្អ​ជាង​ពេល​កន្លងទៅ​ទៀត​ ជាពិសេស​នៅ​តំបន់​ផ្លូវ​កប់​ស្រូវ​ ផ្លូវជាតិ​លេខ​ ៦ A ផ្លូវជាតិ​លេខ​ ៤ ផ្លូវជាតិ​លេខ១​ និង​នៅ​តាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ជាដើម​”។

លោកស្រី​បន្ថែម​ទៀត​ថា​ ក្នុងចំណោម​តំបន់​ទាំងនេះ​ តំបន់​ផ្លូវ៦០ម៉ែត្រ​ហាក់​មាន​សកម្មភាព​រស់រវើក​ខ្លាំង​ជាង​ ដោយសារ​តែ​តំបន់​នេះ​ មាន​គម្រោ​ងធំៗ​ជាច្រើន​ កំពុង​រីក​ដុះ​ដាល់​នៅ​តំបន់​នេះ​ ជាពិសេស​មាន​គម្រោង​ផ្សារ​ទំនើប​AEON​ Mall​៣ ដោយពេល​ខ្លះ​ អ្នក​វិយោគ​ស្វែងរក​ទិញ​នៅ​តំបន់​នេះ​មិនបាន​ ព្រោះ​វា​មានតម្លៃ​ខ្ពស់​។

លោកស្រី​បន្ត​ថា​ “ដី​នៅ​តំបន់​ផ្លូវ៦០ម៉ែត្រ​ មានតម្លៃ​ជាង២០០០​ ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​ទៅតាម​ប្រភេទ​ដី​តូច​ ឬធំ​”។

លោក​ ហ៊ឹម​ សីហា​ នាយក​ស្រាវជ្រាវ​ក្រុមហ៊ុន​ Vtrust​ Appraisal​ បានឱ្យ​ដឹង​ដែរ​ថា​ រហូតមកដល់​ពេលនេះ​ តម្រូវការ​ទាំង​លំនៅឋាន​ និង​ដីធ្លី​នៅ​តាម​ជា​ក្រុង​នៃ​រាជធានី​ភ្នំពេញ​មាន​សកម្មភាព​ធម្មតា​ ពោល​ពុំ​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ជាពិសេស​ចលនា​នៃ​ការ​លក់​ដី​ឡូ​តិ៍​។

លោក​បន្ត​ថា​ ការ​លក់​ដី​ឡូ​តិ៍​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍន៍​ខ្លាំង​ នៅ​តាម​បណ្តា​ជាយក្រុង​ភ្នំពេញ​ស្ទើ​តែ​គ្រប់​ផ្នែក​ទាំងអស់​។ បន្ថែម​ពីនេះ​ ក៏​មាន​គម្រោង​ផ្ទះល្វែង​ និង​បុរី​បុក​ខ្លាំង​ផង​ដែរ​ ជាពិសេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​A ផ្លូវជាតិ​លេខ៤​ និង​តំបន់​ខណ្ឌ​ដង្កោ​រជាដើម​។

ចំណែក​ លោក​ម៉ម​ សិរី​បញ្ញា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Easy​ Property​ Investment​ Co​, Ltd​បានឱ្យ​ដឹង​ដែរ​ថា​ សកម្មភាព​នៃ​ការទិញ​លក់​ដីធ្លី​នៅ​តាម​បណ្តា​ជាយក្រុង​មិន​មាន​អ្វី​ថមថយ​នោះ​ទេ​ ពោល​គឺ​សកម្មភាព​នេះ​ នៅតែ​មាន​សកម្មភាព​ធម្មតា​។ អ្នកទិញ​ក៏​មិន​មាន​សកម្ម​ភាព​ផ្អាក់​ការទិញ​ដែរ​ ហើយ​នេះ​ ក៏​ជា​ឪកាស​ល្អ​សម្រាប់​ពួកគេ​ផង​ដែរ​។

លោក​បន្ត​ថា​ “ដោយសារ​ម្ចាស់ដី​មួយចំនួន​បាន​ និង​កំពុង​ព្រួយបារម្ភ​ខ្លាច​លក់​ដី​របស់​ខ្លួន​មិន​ចេញ​នោះ​ បាន​ជំរុញ​ឱ្យ​មានការ​លក់​នៅក្នុង​តំលៃ​ថោក​ ដូច្នេះ​ចរន្ត​នៃ​ការទិញ​លក់​នៅ​មាន​សកម្មភាព​ច្រើន​ ឬច្រើនជាង​ធម្មតា​ តែបើ​គិតជា​ភាគរយ​វិញ​ គឺ​មិន​ច្រើន​នោះ​ទេ​”។

លោក​បញ្ជាក់​ទៀត​ថា​ សកម្មភាព​នៃ​ការទិញ​លក់​ដី​ ដែល​ពុះកញ្ជ្រោល​ខ្លាំង​ជាងគេ​នៃ​ជាយក្រុង​ភ្នំពេញ​ គឺ​ស្ថិត​នៅ​បណ្តោ​ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ២​ និង​ជាពិសេស​នៅ​តំបន់​ផ្លូវ៦០ម៉ែត្រ​ ព្រោះ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មានតម្លៃ​ធូរ​ថ្លៃ​ច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here