អ្នកជំនាញ ៖ នៅក្នុងដំណាក់កាលប្រឈមនឹងជំងឺ Covid-19 ការវិនិយោគលើវិស័យខុនដូនៅតែមានឱកាសចំណេញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទីផ្សារខុនដូនៅកម្ពុជា នៅពេលបច្ចុប្បន្ននេះ បើទោះជាកំពុងរងនូវភាពប្រឈមនឹងវិបត្តិជំងឺរលាកផ្លូវដង្ហើម Covid-19 ក៏ដោយ ប៉ុន្តែត្រូវបានអ្នកជំនាញអះអាងថានៅតែមានឱកាសវិនិយោគ និងទទួលបានផលចំណេញដដែល។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា វិស័យខុនដូនៅកម្ពុជាត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើឡើងជា៣កម្រិតរួមមានកម្រិតខ្ពស់សម្រាប់បំពេញតម្រូវការទៅផ្សារមកពីក្រៅស្រុក(ទីផ្សារជនបរទេស) ខុនដូកម្រិតមធ្យម និងកម្រិតសមរម្យសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកដែលជាជនជាតិខ្មែរ។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ននេះ សម្រាប់ទីផ្សារខុនដូកម្រិតខ្ពស់មួយចំនួនគឺទទួលរងនូវផលប៉ះពាល់ដោយ សារតែទីផ្សារគោលដៅភាគច្រើនជាជនជាតិបរទេសដែលកំពុងតែមានភាពប្រឈមខ្លាំងនឹងការវាយប្រហារដោយជំងឺឆ្លង Covid-19 ប៉ុន្តែសម្រាប់ទីផ្សារខុនដូតម្លៃមធ្យម និងតម្លៃសមរម្យ នៅតែមានបន្តមានទីផ្សារដែលជាតម្រូវការនៅក្នុងស្រុកជាជនជាតិខ្មែរ”។

លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់នៅក្នុងដំណាក់កាលនៃការវាយប្រហារដោយជំងឺឆ្លង Covid-19 ពិតជាបានធ្វើឱ្យប៉ះពាល់ដល់វិនិស័យអចលនទ្រព្យនៅក្នុងកម្ពុជាមួយចំណែក ប៉ុន្តែសម្រាប់ផ្នែកការវិនិយោគលើវិស័យខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ គឺនៅតែមានឱកាសដដែល ខណៈដែលអ្នកអភិវឌ្ឍន៍បានបែងចែកទីផ្សារគោលដៅបានយ៉ាងច្បាស់ ជាពិសេសមានការយកចិត្តទកដាក់ទៅលើទីតាំងផងដែរ។ តំបន់ដែលស្ថិតនៅក្នុងគោលដៅវិនិយោគ និងអភិវឌ្ឍន៍គឺស្ថិតនៅជាយក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ដូចជានៅក្នុងខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌមានជ័យជាដើម ដោយសារតែតម្លៃដីនៅមានកម្រិត និងងាយស្រួលក្នុងការចេញចូលក្រុង”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOWN CITY Real Estate Co,.Ltd លោក វ៉ន ចាន់ថន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ផ្អែកតាមភាពជាក់ស្ដែង ទីផ្សារខុនដូនៅដើមឆ្នាំនេះ គឺមានការធ្លាក់ចុះបន្តិច ដោយកសារតែវិបត្តិជំងឺ Covid-19 ប៉ុន្តែវានឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីបញ្ហាមួយនេះត្រូវបានស្ងប់ស្ងាត់ទៅវិញ។

លោកបានបញ្ជាក់ថា ការលក់ខុនដូគឺមានកើនឡើងខ្លាំងកាលពីចុងឆ្នាំ២០១៩ ប៉ុន្តែវាបានធ្លាក់ចុះបន្តិចនៅដើមឆ្នាំ២០២០នេះ ដោយសារវិបត្តិសាកលដែលកំពុងតែកើតមាន ប៉ុន្តែវានៅមិនទាន់ធ្លាក់ចុះដល់កម្រិតព្រួយបារម្ភនោះទេ។ តាមការកត់សម្គាល់របស់ខ្ញុំ ខុនដូដែលមានតម្រូវការ និងងាយស្រួលលក់ គឺមានទីតាំងនៅប៉ែកខាងត្បូងក្រុង ដោយសារតែតំបន់នេះតម្លៃដីនៅមានកម្រិត ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសមានមហាវិថី ៦០ម៉ែត្រ ៥០ម៉ែត្រ និង៣០ម៉ែត្រ ហើយនៅជិតក្រុង ដែលជាតំបន់ពួកគាត់បម្រើការងារ ក៏ដូចជាសាលារៀនរបស់កូនៗរបស់គាត់”។

ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារ។ ដោយឡែកខុនដូតម្លៃមធ្យមឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here