អ្នកវិនិយោគក្នុងស្រុកបោះទុន១២០លានដុល្លារសាងសង់បុរីនៅក្រុងព្រះសីហនុ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: បុរីនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មស្ថិតនៅលើផ្ទៃដី៦០ហិកតាបានបើកការដ្ឋានសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរទីក្រុងព្រះសីហនុជា​ផ្លូវការហើយ។


បុរីដែលមានតម្លៃសមរម្យ និងផ្តោតលើប្រជាជនមានជីវភាពមធ្យម និងមធ្យមកម្រិតទាបនេះ មានទីតាំងនៅ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ាវ៉ន វណ្ណៈ អគ្គនាយកក្រុមហ៊ុនន VIP បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់គំរោងនេះបានថ្លែងថា គម្រោងសាងសង់បុរី និងផ្សារនៅក្នុងតំបន់ព្រៃនប់ គឺជាគម្រោងទី២ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីប៉ុន្មានខែមុន ក្រមហ៊ុនក៏បានបុកគ្រឹះសាងសង់ខុនដូកម្ពស់ជិត ២០ជាន់ នៅកណ្ដាលក្រុងព្រះសីហនុ ដើម្បីទុកជួលអោយភ្ញៀវខ្មែរ និងបរទេស ដែលទៅកម្សាន្តនៅខេត្តព្រះសីហនុជួលក្នុងតម្លៃមួយទាប ជាប្រយោជន៍អោយអ្នកទេសចរណ៍ក្នុងស្រុក ចង់ឡើងចុះខេត្តព្រះសីហនុអោយច្រើនឡើង។


លោកបន្តថា សម្រាប់គម្រោងសាងសង់បុរី ដែលជាលំនៅដ្ឋានទ្រង់ទ្រាយធំនេះវិញ បាននិងកំពុងវិនិយោគប្រមាណ១២០លានដុល្លារ ដោយមានសំណង់ផ្ទះបីប្រភេទសរុបជាង ៤ពាន់ល្វែង មានទាំងផ្សារ និងសួនលម្ហែកាយ។ គម្រោងនេះមានដីសរុបជាង ៦០ហិកតា ដោយតាមផែនការនឹងពង្រីកអោយដល់ជាង១០០ហិកតា ដើម្បីបំពេញតម្រូវការបស់ប្រជាពលរដ្ឋ។

លោក ហម រ៉ន ដៃសហភាគហ៊ុននិកនៃបុរីវីអាយភីបានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃបើកសម្ពោធបុកគ្រឹះសាងសង់ សំណង់នៅបុរី VIP ក្នុងខេត្តព្រះសីហនុលក់អស់ជាង១ពាន់ល្វែងហើយ ដោយក្នុងនោះអ្នកទិញភាគច្រើន គឺអ្នកនៅភ្នំពេញ កំពង់សោម និងតាមបណ្ដាខេត្តនានា។ លោកថា “សំណង់បុរីនេះនឹងផ្ដោតជាសំខាន់លើពលរដ្ឋ ដែលមានចំណូលមធ្យម និងក្រោមមធ្យម ដោយតម្លៃមានចាប់ពីជាង២ម៉ឺនដុល្លារ ហើយធានានូវគុណភាពសំណង់ពាក់ព័ន្ធនឹងរឿងប្រេះ និងជ្រាបទឹក មិនអោយមានបញ្ហា”។


លោកថា គម្រោងនៅខេត្តព្រះសីហនុ លក់ដាច់មិនចាញ់គម្រោងបុរីវីអាយភី នៅភ្នំពេញនោះទេ ទើបលោកបង្ហាញសុទិដ្ឋិនិយមបោះទុន អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុអោយកាន់តែខ្លាំងថែមទៀតក្នុងពេលបន្តបន្ទាប់ ដើម្បីរួមចំណែកលើកកម្ពស់ទឹកដីខេត្តជាប់មាត់សមុទ្រមួយនេះ អោយមានកំណើនវិនិយោគអោយកាន់តែខ្លាំង។

ប្រធានផ្នែកទីផ្សារនៃបុរីវីអាយភីលោកយ៉ែន សុខលីនបានមានប្រសាសន៍ថា ជាមួ​យនឹងការពង្រីកទីផ្សារ និងទទួលបានការគាំទ្រយ៉ាងរ៉ឹងមាំពីអតិថិជន បានធ្វើ​ឲ្យក្រុមហ៊ុន ខិតខំបំពេញការងារកាន់តែប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យយើងទទួល​បានជោ​គជ័យទាំងអស់គ្នា គឺជោគជ័យទាំងក្រុមហ៊ុននិងជោគជ័យទាំងអតិថិជន ព្រោះគោលដៅរបស់យើង មិនមែនស្វែងរកប្រាក់ចំណេញតែមួយមុខនោះទេ តែយើងផ្តោតលើ​ការសាងសង់លំនៅដ្ឋានប្រកបដោយគុណភាព ផាសុខភាព ដើម្បីលើកកំពស់ជីវភាព ក៏ដូចជាសុភមង្គលរបស់គ្រួសារនិមួយៗ។

លោកហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងលោ​ក​យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុមិនអាចខ្វះការចូលរួមវិនិយោគ ពីអ្នកវិនិយោគទុនក្នុងស្រុកបានទេ ដើម្បីអោយការវិនិយោគទាំងមូលមាននិរន្តភាពច្បាស់លាស់ហើយរឹងមាំ។ លោកថា តំបន់ទេសចរណ៍ពិតជាត្រូវការបំផុតរាល់ការវិនិយោគពីសំណាក់ជនបរទេស ប៉ុន្តែបើគ្មានគម្រោងតូចធំរបស់ក្រុមវិនិយោគក្នុងស្រុក ក៍មិនមែនជាសេចក្ដីត្រូវការរបស់ខេត្តនោះដែរ ដោយសារតែក្រុមអ្នកវិនិយោគក្នុងស្រុក ទើបយល់ពីសេចក្ដីត្រូវការរបស់អតិថិជន ក្នុងស្រុកបានច្បាស់លាស់ជាងបើធៀបនឹងការវិនិយោគរបស់ជនបរទេស។


លោកបង្ហាញការកោតសរសើរ ចំពោះគម្រោងសាងសង់បុរី របស់ក្រុមហ៊ុនបុរីវីអា​យភី ដែលបានសម្រេចចិត្តបោះទុនសាងសង់បុរីរហូតដល់រាប់ពាន់ល្វែង លើទឹកដីខេត្តព្រះសីហនុ ដែលចរន្តនៃការបោះទុននេះ កំពុងធ្វើអោយសក្កានុពលរបស់ខេត្តទាំងមូល ក្លាយជាយុទ្ធសាស្ត្រ នៃការចាប់អារម្មណ៍ពីក្រុមវិនិយោគក្នុងស្រុកផ្សេងទៀត។ ក្នុងនោះវត្តមានរបស់សំណង់បុរីដ៍ធំរបស់ក្រុមហ៊ុន VIP ក៏បានបង្ហាញខ្លួនស្របគ្នានឹងខេត្តព្រះសីហនុ កំពុងត្រូវការលំនៅដ្ឋានប្រកបដោយស្ដង់ដារ និងភាពជឿជាក់នាពេលបច្ចុប្បន្នផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here