អ្នកវិនិយោគក្នុងស្រុកវិនិយោគរមណីយដ្ឋានលំហែរកាយភូមិផ្កាត្រកួន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុកមួយក្រុម បានសម្រេចចិត្តរមណីយដ្ឋានផ្ទះលំហែរកាយថ្មីមួយ ឈ្មោះភូមិ “ផ្កាត្រកួន” ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីផ្តល់សេវាកម្មស្នាក់នៅ និងកំសាន្តចុងសប្តាហ៍។

លោកឌិន សុមេធារិទ្ឋ ម្ចាស់គំរោងវិនិយោគ ភូមិផ្កាត្រកួន” ដែលស្ថិតនៅលើផ្ទៃដីទំហំដី១៥ហិកតាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ មេសានេះថា ដោយ​សារលោកមើលឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មិនសូវមានកន្លែងកំ​សាន្ត និងសម្រាកចុងសប្តាហ៍ ទើបលោកសម្រេចចិត្តវិនិយោគរមណីយដ្ឋាននេះឡើង ដែលមាន​បឹង ផ្ទះលំហែរកាយបែបសហគមន៍ ផ្សារបន្លែ កន្លែងអាំងសាច់ សាលាសិល្បៈ កន្លែងដាំបន្លែបែបធម្មជាតិ និងប៉មមើលទេសភាពក្នុងភូមិជាដើម។

Advertisement

ផ្ទះលំហែរកាយក្នុងគំរោងនេះ មានផ្ទះជាង១០០ ដែលលក់ក្នុងតម្លៃ​ចន្លោះពី២០,០០០ទៅ៣០,០០០ដុល្លារអាមេរិក និងជាប្រភេទផ្ទះឈើ ដែលខ្ញុំបានទិញឈើពីផ្ទះចាស់ៗយកមកកែច្នៃ។ អ្នកវិនិយោគក្នុងគំរោងនេះ អាចជួលផ្ទះ​ត្រលប់វិញដល់ក្រុមហ៊ុន ប្រសិនជាពួកគេមិនត្រូវការសេវាកម្មស្នាក់នៅ និងកម្សាន្តជាប្រចាំ។

លោកឌិន សុមេធារិទ្ឋបានថ្លែងថា “នៅពេលគំរោងនេះចប់ វានឹងក្លាយជាគំរោងដំបូងគេ និងមានតែមួយគត់នៅកម្ពុជា ដែលផ្តល់សេវាកម្មកំសាន្ត ការស្នាក់នៅរបស់ចាស់ចូលនិវត្តន៍”។លោកបន្តថា “មនុស្សចាស់អាចទៅសម្រាកលំហែរបាន ដោយសារ យើងមានសួនសន្លែ ផ្សារបន្លែ និងកន្លែងដាំស្លបាន”។

ជាមួយគ្នានេះ គំរោងនេះក៏មានលក់ដីឡូត៍ទំហំ២០គុណនឹង២០ម៉ែត្រការ៉េ ដែលមានតម្លៃក្នុងរង្វង់២០០០០ដុល្លារអាមេរិកកក្នុងមួយឡូត៍ផងដែរ។

លោកឌិន សុមេធារិទ្ឋបានបន្តថា គំរោងនេះនឹងបើកដំណើរការនៅមុនពិធី​បុណ្យឆ្លងឆ្នាំសាកលចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ព្រោះការបើកការដ្ឋានសាងសង់គំរោងនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយហើយ។ គំរោងនេះមានចម្ងាយប្រមាណ​២៨គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ។

ទោះជាយ៉ាងណាលោកសុមេធារិទ្ឋ មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគក្នុងគំរោងនេះទេ៕

- Advertisement -

Leave a Reply