អ្នកវិនិយោគជប៉ុនចាត់ទុកកម្ពុជាមានបរិយាកាសវិនិយោគល្អប្រសើរ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមអ្នកវិនិយោគជប៉ុនដែលបានវិនិយោគនៅកម្ពុជាបានទទួលស្គាល់ពីភាពបើកចំហររបស់កម្ពុជា និងបរិយាកាសវិនិយោគនៅប្រទេសនេះកាន់​តែមានភាពអំណោយផល។ នេះបើតាមការលើកឡើងរបស់លោក Masashi KANOប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ JETRO ប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Masashi KANO ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រ​ចាំ​នៅកម្ពុជាបានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ សម្រាប់រយៈពេលមធ្យមទៅមុខ ហើយអ្នកវិនិយោគិនជប៉ុនបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានទីផ្សារបើកចំហរខ្លាំង និងមានបរិយាកាសវិនិយោគអំណោ​យផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគបរទេស មកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន និងជំរុញលំហូរវិនិយោគពីក្រៅប្រទេសមកកម្ពុជា ព្រមទាំងបានរុញសេដ្ឋកិច្ចកម្ពុជា អោយកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។

លោកបន្តថា បច្ចុប្បន្នមានអ្នកវិនិយោគិនជប៉ុនថ្មីៗមួយចំនួន បាននិងកំពុងពិភាក្សាលម្អិតជាមួយ JETRO នៅកម្ពុជា អំពីចំណា​​ប់អារម្មណ៍ និងឱកាសវិនិយោ​គនៅកម្ពុជា ហើយលោកបាននិងកំពុងព្យា​យា​មពន្យល់ផ្សព្វផ្សាយ អំពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនទាំងនោះ ឲ្យមកបណ្តាក់ទុន​នៅកម្ពុជាប្រកបដោយភាពជឿជាក់។

Advertisement

លោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ដើម្បីទាក់ទាញវិនិយោគិនបរទេស ឲ្យកាន់តែមានទំនុកចិត្តមកប ណ្តាក់ទុននៅកម្ពុជា រដ្ឋាភិបាលកម្ពុជាកំពុងផ្តល់បន្ថែម លើគោលនយោបា​យនៃការអនុគ្រោះ និងគាំពារវិនិយោគពីបរទេស ដែលកំពុងអនុវត្តន៍បច្ចុប្បន្ន ហើយកម្ពុជាបាននិងកំពុងខិតខំកែទម្រង់ និងរៀបចំនូវបរិ​យាកាសធុរកិច្ចអំណោ​យផ​ល ដល់វិនិយោគគិនបរទេសទាំងអស់ រួមមាន ការលើកទឹកចិត្តបន្ថែមទៀត និងបង្កលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យអ្នកវិនិយោ​គិនបរទេសគ្រប់រូបមកបណ្តាក់ទុន នៅកម្ពុជាប្រកបដោយភាពទុកចិត្ត ស្របពេលដែលប្រទេសកម្ពុជាកំពុងមានសុខ​សន្តិភាពពេញលេញ។

JETRO គឺជាអង្គភាពមួយស្ថិតក្រោមចំណុះក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ។ JETRO មានបណ្តាញការិយាល័យចំនួន៧៤ នៅក្នុងប្រទេសចំនួន៥៥លើពិភពលោក និងមានការិ​យាល័យចំនួន៤៤នៅក្នុងប្រទេសជប៉ុន៕

- Advertisement -

Leave a Reply