ឧកញ៉ា​លឹម​ ហេង​៖ កម្ពុជា​អាច​ទាក់ទាញ​ការ​វិនិយោគ​វារីអគ្គិសនី​ខ្នាត​តូច​ពី​ប្រទេស​នេប៉ាល់​

0
ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​និង​លោក​ Rajesh​ Kazi​ SHRESTHA​ ប្រធាន​សភា​ពាណិជ្ជកម្ម​នេប៉ាល់​កំពុង​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ ខណៈ​នាយក​រដ្ឋមន្ត្រី​នេប៉ាល់​ កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា​ ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ លើ​ផ្នែក​កា​ទូត​ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ពិតជា​មាន​សារៈសំខាន់​ណាស់​ ប៉ុន្តែ​សំណួរ​សួរ​ថា​តើ​ប្រទេស​ទាំងពីរ​មាន​អ្វី​ដែល​ជា​វិ​ស័យ​សក្តា​នុ​ពល​អាច​ស្រូប​ទាញ​ការ​វិនិយោគ​ពីគ្នា​ទៅវិញទៅមក​។

លោក​ឧកញ៉ា​លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៤​ ឧសភា​កន្លងមក​ថា​ ពេលនេះ​កម្ពុជា​កំពុងតែ​អូសទាញ​ការ​វិនិយោគ​លើ​វិស័យ​ឯកជន​ ពី​ប្រទេស​នេប៉ាល់​ទៅលើ​ផ្នែក​វារីអគ្គិសនី​ មកកាន់​កម្ពុជា​សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​នៅ​តាម​បណ្តា​ទី​ជនបទ​ ទី​ដែល​មិនទាន់​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​ ។

លោក​បន្ត​ថា​ ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​នេប៉ាល់​កាលពី​ពី​ពេល​កន្លងទៅ​នេះ​ ហាក់​មិនសូវ​មាន​ភាព​ជិតស្និទ្ធ​ដូច​បណ្តា​ប្រទេស​មួយចំនួន​ទៀត​នោះ​ឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​រឹ​តបណ្តឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ ជាពិសេស​បាន​បង្កើត​គោល​នយោបាយ​ល្អ​ៗ ក្នុង​ការបង្កើត​ឱកាស​វិនិយោគ​សម្រាប់​ប្រទេស​ទាំងពីរ​ថែមទៀត​ផង​។

លោក​ឧកញ៉ា​បន្ត​ថា​ “នៅក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណៈ​រដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ លោក​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ (The​ Rt​. Hon​’ble​ K. P. Sharma​ Oli​) រយៈពេល៣ថ្ងៃ​ (១៣​-១៥​ ខែឧសភា​) សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ធ្វើការ​ចុះ​អនុស្សរណៈ​យោគយល់​ស្ដីពី​ សហប្រតិបត្តិ​ការ​ទ្វេភាគី​ជាមួយ​សភា​ពាណិជ្ជកម្ម​នេប៉ាល់​ដើម្បី​ពង្រឹង​ និង​ពង្រីក​វិស័យ​វិនិយោគ​រួមគ្នា​”។ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “នៅក្នុង​ឱកាស​ចុះ​ MOU​ នេះ​ ក្រៅពី​ពិភាក្សា​លើ​ការងារ​ផ្នែក​ធុរ​កិ​ច្ច​ផ្សេង​ៗ យើង​បាន​ធ្វើការ​សង្កត់ធ្ងន់​ ទៅលើ​ការ​អូសទាញ​ការ​វិនិយោគ​លើ​វិស័យ​ឯកជន​ពី​ប្រទេស​នេប៉ាល់​មកកាន់​កម្ពុជា​ ផ្នែក​ផលិត​វារីអគ្គិសនី​ខ្នាត​តូច​ ដែល​វា​ជា​ជំនាញ​ផ្ទាល់​របស់​ប្រទេស​មួយ​នេះ​ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​នៅ​តាម​បណ្តា​ទី​ជនបទ​នានា​ នៅ​កម្ពុជា​ដែល​មិនទាន់​មាន​ថាមពល​ប្រើប្រាស់​នៅឡើយ​”។

លោក​បន្ត​ថា​ ​;នៅពេល​មានការ​វិនិយោគ​បន្ថែម​ លើ​វិស័យ​ឯកជន​ផ្នែក​វារីអគ្គិសនី​នេះ​ យើង​ជឿជាក់​ថា​នឹងអាច​ជួយ​សម្រួល​ និង​កាត់បន្ថយ​ភាព​ខ្វះខាត​ថាមពល​អគ្គិសនី​ដែល​កំពុង​ជួប​បាន​មួយ​កម្រិត​ធំ​។ លោក​បន្ត​ថា​ ក្រៅពី​ជជែក​ទៅលើ​ការ​វិនិយោគ​លើ​វិស័យ​ឯកជន​ផ្នែក​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ខ្នាត​តូច​ នៅ​តាម​តំបន់​ខាងលើ​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ​ និង​នាយក​រដ្ឋមន្រ្តី​នេប៉ាល់​ ក៏បាន​ជម្រុ​ញផ្នែក​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ឱ្យ​មានការ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ ដើម្បី​ជួយ​ជម្រុ​ញផ្នែក​វិស័យ​ទេសចរណ៍​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ជាង​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here