ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការបង្កភាពឱ្យកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យក្នុងការពិនិត្យ និងស្វែងយល់ពីព័ត៌មានសូរិយោដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការផ្សព្វផ្សាយពីកម្មវិធីពិនិត្យព័ត៌មានសូរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច QR Code Reader App ជាវីដេអូ ដែលអាចចូលមើលបានតាមរយៈទូរស័ព្ទដៃ និងកុំព្យូទ័រ។
តាមរយៈវេដីអូខ្លី ដែលផលតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងបានបង្ហាញថា នៅពេលស្កែន (Scan QR Code) ព័ត៌មានអំពីក្បាលដីនៅទំព័រដំបូងនឹងបង្ហាញពី ថ្ងៃ ខែ ឆ្នាំ ធ្វើបច្ចុប្បន្នភាព វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ និងម្ចាស់កម្មសិទ្ធិ។
ទំព័រទី២ ជាព័ត៌មានអំពីបន្ទុក ដែលត្រូវធ្វើការបង់សេវាព័ត៌មានសូរិយោដីចំនួន២ម៉ឺនរៀល ក្នុងមួយប្រតិបត្តិការ។ ព័ត៌មានអំពីបន្ទុក រួមមាន ព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សេវភាព ការរឹបអូស ការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការចាត់ចែងអចលនវត្ថុ ការមិនហាមមិនឱ្យបែងចែកអចលនវត្ថុអវិភាគ។
ដោយឡែក សម្រាប់ការបង់សេវា អាចប្រើប្រាស់ប្រភេទ VISA Card, Master Card និង Union Card បន្ទាប់មកសូមចុចលើប៊ូតុងចូលមើលព័ត៌មាន។ អ្នកចូលមើលព័ត៌មានត្រូវធ្វើការបំពេញនូវព័ត៌មាន ដូចជា ឈ្មោះ នាមត្រគោល និងនាមខ្លួន លេខទូរស័ព្ទ Email លេខកូដសុវត្ថិភាព (Pass word) ហើយចុចលើពាក្យបញ្ជូន។
ក្រោយពីបំពេញរួច លោកអ្នកនឹងឃើញព័ត៌មានរបស់លោក អ្នក ដែលបំពេញហើយមុនពេលធ្វើការទូទាត់ថ្លៃសេវា ហើយចុចលើប៊ូតុងយល់ព្រមទូទាត់។ លោកអ្នកត្រូវធ្វើការបំពេញព័ត៌មានកាតដើម្បីធ្វើការទូទាត់។ ក្រោយពីចុច Confirm Pay ធនាគារនឹងផ្ញើលេខ Verify របស់កាតលោកអ្នកតាមទូរស័ព្ទ ឬ Email ដែលអាស្រ័យតាមធនាគារ។
ក្រោយពីបង់សេវាជោគជ័យ ផ្ទាំងបញ្ជាក់ពីការបង់សេវារបស់លោក អ្នកនឹងចេញមកបង្ហាញ បន្ទាប់មកលោកអ្នកអាចចុចមើលព័ត៌មានបន្ទុក។ ជាមួយគ្នានេះដែរ វិក័យបត្របញ្ជាក់ពីការបង់សេវារបស់លោក អ្នក នឹងផ្ញើទៅតាម Emailដែលលោកអ្នកបានបំពេញខាងលើផងដែរ ហើយព័ត៌មានលម្អិតនឹងបង្ហាញតាមអ្វីដែលលោកចង់បាន។
ព័ត៌មានបន្ថែមលោកអ្នកអាចមើលវីដេអូឯកសារណែនាំដូចខាងក្រោម ៖
https://www.facebook.com/mlmupc.pressteam/videos/173449857414053/