ដោយ ហ្សូលី
ភ្នំពេញ៖ វិស័យសំណង់ ការវិនិយោគនៅលើគម្រោងនានានៅតែបន្តសាងសង់ និងមានភាពនឹងនរដដែល បើទោះបីជាស្ថានការណ៍នៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងការរាតត្បាតនៃជំងឺកូវីដ ១៩ក៏ដោយ។
បើតាមឱ្យដឹងពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិស៍យសំណង់នៅក្នុងប្រទេសកម្ពុជានៅបន្តមានភាពរឹងមាំជាធម្មតា បើទោះបីជាស្ថានភាពក្នុងប្រទេសកម្ពុជា ជាពិសេសចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ កំពុងមានភាពកើនឡើងជាបន្តបន្ទាប់ក្តី។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «គម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងជាងបណ្តារប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។»
ប្រទេសទាំង ៣ដែលបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេនោះមានដូចជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េខាងត្បូង និងប្រទេសជប៉ុន ដែលគម្រោងជាការវិនិយោគរបស់ប្រទេសទាំង ៣ ខាងដើមមិនមានការពន្យាពេលដំណើរការសាងសង់នោះឡើយ ខណៈពេលដែលករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើងក្នុងកម្ពុជាក៏ដោយ។
សារព៍ត៌មាន Vietnam Plus បានផ្សាយថា បើតាមឱ្យដឹងពី ឧកញ៉ា គីម ហ៊ាង នាយកប្រតិបត្ដិប្រចាំតំបន់នៃក្រុមហ៊ុនអចលនៈទ្រព្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះថា Keller William Cambodia មានប្រសាសន៍ថា ផលប៉ះពាល់នៃជំងឺកូវីដ ១៩ អាចផ្តល់នូវឱកាសមាសសម្រាប់ក្រុមហ៊ុមសំណង់ដែលសន្សំសំចៃនៅពេលដែលតម្លៃសម្ភារសំណង់និងកម្លាំងពលកម្មកំពុងធ្លាក់ចុះ។ ដូចនេះអ្នកអភិវឌ្ឍដែលបានចុះឈ្មោះក៏ទទួលបានអត្ថប្រយោជន៍ពីការលើកលែងពន្ធចំនួន ៤ ភាគរយ ពីរដ្ឋាភិបាលដែរ ដែលចាប់អនុវត្តពីខែកុម្ភៈ ឆ្នាំ ២០២០នេះ រហូតដល់ខែមករា ឆ្នាំ ២០២១។
យោងតាមទិន្នន័យរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់កាលពិខែមុនបានឱ្យដឹងថា គម្រោងសាងសង់ជាង ៥០០គម្រោង ត្រូវបានដាក់ស្នើសុំទៅកាន់ក្រសួង ហើយបើធៀបជាមួយទិន្នន័យឆ្នាំមុនមានត្រឹម ៣០០គម្រោងតែប៉ុណ្ណោះ ដូច្នេះនេះជាភស្តុតាងបញ្ជាក់ថា វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។ ចំណែកឯការវិនិយោគនៅលើវិស័យនេះទៀតសោត បើគិតជាទឹកប្រាក់វិញគឺមានចំនួនប្រមាណ ១១ពាន់លានដុល្លារ នេះបើតាមតួលេខដែលទទួលបានពីក្រសួងកាលពីឆ្នាំ ២០១៩ កន្លងទៅ៕