ដោយ៖ លាងហួរ
ប្រទេសថៃ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ស៊ុផាឡៃ (Supalai) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំមួយនៅក្នុងប្រទេសថៃ បានធ្វើការព្យាករថា ទីផ្សារខុនដូថៃនឹងងើបឡើងវិញទាំងស្រុង នៅក្នុងឆ្នាំ២០២២នេះ ដែលជំរុញដោយការត្រលប់មកវិញនៃភ្ញៀវទេសចរបរទេស និងកំណើនការនាំចេញ។
លោក Tritecha Tangmatitham អគ្គនាយកក្រុមហ៊ុនស៊ុផាឡៃ បានឱ្យដឹងថា ទីផ្សារខុនដូបានស្ទុះងើបឡើងវិញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១កន្លងមក ដោយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ចំនួនអតិថិជនទិញខុនដូបានកើនឡើង១៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានបន្តថា ការលក់ខុនដូបានស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១ ហើយបន្តមានកំណើនខ្ពស់នៅត្រីមាសទី១ក្នុងឆ្នាំ២០២២នេះ ដែលជាលទ្ធផលល្អបំផុត ក្នុងរយៈពេល៥ត្រីមាសចុងក្រោយ ទោះបីប្រឈមនឹងស្ថានភាពអាក្រក់បំផុតនៃជំងឺកូវីដ១៩ក្តី។
លោក Tritecha បានឱ្យដឹងបន្ថែមថា សញ្ញាវិជ្ជមានសម្រាប់ទីផ្សារខុនដូនៅដើមឆ្នាំនេះ ជំរុញដោយ កំណើនខ្ពស់នៃចំនួនអ្នកទេសចរបរទេស ដែលបានកើនឡើងរហូតដលទៅ ២.១០០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ និង ៣០ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស។ ម្យ៉ាងទៀត ការនាំចេញត្រូវបានព្យាករណ៍ថានឹងមានកំណើន ៧ភាគរយក្នុងឆ្នាំ២០២២នេះ។
បើតាមអ្នកជំនាញដដែលបានឱ្យដឹងទៀតថា ចាប់តាំងពីចុងឆ្នាំ២០២១មក ខុនដូតម្លៃប្រហែល៦ម៉ឺនទៅ១២ម៉ឺនដុល្លារអាមេរិក មានភាពល្អប្រសើរឡើង ដោយសារអតិថិជនគោលដៅ គឺជាអ្នកធ្វើការ ខណៈអតិថិជនបរទេសបានត្រឡប់មកវិញនៅដើមឆ្នាំនេះ។ អ្នកទិញកម្រិតមធ្យមឡើង មួយចំនួនបានឆ្លៀតឱកាសនេះ ដើម្បីទិញបានក្នុងតម្លៃទាបមួយ មុនពេលដែលតម្លៃចាប់ផ្តើមឡើងខ្ពស់ឡើងវិញ។
ចំណែកអតិថិជនថ្នាក់ក្រោមមធ្យម ហានិភ័យនៅតែមាន ខណៈអ្នកទិញមានការព្រួយបារម្ភអំពីការមិនទទួលបានប្រាក់កម្ចីទិញផ្ទះ៕