ដំណឹងល្អ ! សមាគមបញ្ជាទិញ និងសមាគមយុត្តិធម៌ការងារសហរដ្ឋអាមេរិក ប្រកាសបន្ដកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ : ជាដំណឹងល្អមួយ ខណៈពេលដែលមានព័ត៌មានជាច្រើនបានបង្ហាញពីក្ដី​ព្រួយ​បារម្ភ​ពាក់ព័ន្ធទៅនឹងការប្រឈមការលើកលែងការអនុគ្រោះពន្ធទាំងស្រុងរបស់​ផលិតផលនានាពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបនោះ ពេលនេះ ក្រុមហ៊ុនដៃគូ សមាគមអ្នកបញ្ជាទិញ និងសមាគមយុត្ដិធម៌ការងារសហរដ្ឋអាមេរិក បានប្រកាសនៅ​តែបន្ដគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការបញ្ជាទិញទំនិញ និងផលិតផល​សម្លៀកបំពាក់ និងស្បែកជើង ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍​អឺរ៉ុប​ដដែល។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ក្រុមហ៊ុនដៃគូ និងសមាគម​អ្នកបញ្ជាទិញទាំងអស់ បានប្រកាសនៅតែបន្ដគាំទ្រដល់កម្ពុជា ដើម្បី​ធានាដល់ការប្រកួតប្រជែងរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលដូចជា​សម្លៀកបំពាក់ និងស្បែកជើង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាការងារជាមួយសមាគម​អ្នកបញ្ជាទិញ ដឹកនាំដោយលោក Michael Posner ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមយុត្ដិធម៌ការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញនេះ នៅទីស្ដីការក្រសួង លោក អ៊ិត សំហេង បានបញ្ជាក់ថា ការជួបពិភាក្សាគ្នានេះគឺ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពទាក់ទងនឹងលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទ និងការអនុវត្ដច្បាប់សហជីពនៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា ដៃគូអ្នកបញ្ជាទិញចង់ដឹងពីវឌ្ឍនភាព បញ្ហាប្រឈមនានា ដែលកម្ពុជាបាន និងកំពុងតែជួបប្រទះ ដើម្បីរួមគ្នាធ្វើយ៉ាងណាស្វែងរក​ដំណោះ​ស្រាយ និងពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទៅមុខទៀត។ ដោយឡែក​ចំពោះបញ្ហាប្រឈមនានាដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ ទាក់ទងនឹង​ពាណិជ្ជកម្មនៅក្នុងពិភពលោក នឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមហ៊ុនដៃគូបញ្ជាទិញផលិតសម្លៀកបំពាក់ និងស្បែកជើង ដែលនាំចេញ​ទៅ​សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនោះទេ។

ថ្លែងនៅក្នុងឱកាសនោះ លោក Mechael Posner ក៏បានលើកឡើងថា ការជួប​ពិភាក្សា​ជាមួយភាគីកម្ពុជានេះ គឺដើម្បីចង់ដឹងអំពីដំណើរការ និងការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្ដន៍លក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទ និងការអនុវត្ដច្បាប់សហជីព ជាពិសេស ការទទួលបាននូវ​ព័ត៌មានដោយ ផ្ទាល់ពីភាគីរាជរដ្ឋាភិបាល។ លោកបានបន្ដថា ក្រុមហ៊ុនដៃគូទាំងអស់ បានប្រកាសធានាដល់ការប្រកួតប្រជែង និងការបញ្ជាទិញទំនិញ ផលិតសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាបន្ដទៀត និងគ្មានពេលកំណត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here